សម្រាប់សិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ! ក្រសួងអប់រំបើកថ្នាក់បំប៉នវិទ្យាសាស្ត្រឥតគិតថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្រាប់សិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ! ក្រសួងអប់រំបើកថ្នាក់បំប៉នវិទ្យាសាស្ត្រឥតគិតថ្លៃ

សម្រាប់សិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ! ក្រសួងអប់រំបើកថ្នាក់បំប៉នវិទ្យាសាស្ត្រឥតគិតថ្លៃ

ក្រសួងអប់រំ យុវជន និងកីឡា បានបើកថ្នាក់បំប៉នសមត្ថភាពតាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដើម្បីជួយសិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាដែលមានការប្រកួតប្រជែងខ្ពស់ ជាពិសេសសម្រាប់ជំនាញវិទ្យាសាស្ត្រ។

ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីនេះរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យសិស្សពង្រឹងចំណេះដឹង និងសមត្ថភាព មុនពេលប្រឡងចូលសិក្សានៅកម្រិតឧត្តមសិក្សា។

ឯកឧត្តមបន្តថា គ្រឹះស្ថានដែលមានការប្រកួតប្រជែងខ្ពស់ និងតម្រូវឱ្យបេក្ខជនប្រឡងចូល រួមមាន សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឬសាលាពេទ្យ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និងបណ្ឌិតសភាបច្ចេកវិទ្យាកម្ពុជា ជាដើម។

តាមប្រសាសន៍របស់ឯកឧត្តម សាន វឌ្ឍនា ក្រសួងបានរៀបចំការបង្រៀនតាមរយៈការផ្សាយបន្តផ្ទាល់ ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងគ្រូបង្រៀនដែលមានសមត្ថភាព ដើម្បីជួយបំពេញបន្ថែមចំណេះដឹង និងពង្រឹងសមត្ថភាពសិស្ស មុនពេលចូលប្រឡង។

ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

កម្មវិធីនេះបានចាប់ផ្តើមផ្សាយចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តាមរយៈវេទិកាទូរសិក្សារបស់ក្រសួង នៅគេហទំព័រ www.duraseksa.gov.kh

ការបង្រៀនបំប៉នផ្តោតលើមុខវិជ្ជាវិទ្យាសាស្ត្រសំខាន់ៗចំនួន៤ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ សិស្សអាចចូលរួមសិក្សាតាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងចូលគ្រឹះស្ថានឧត្តមសិក្សា។

ឯកឧត្តម សាន វឌ្ឍនា ក៏បានថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងអ្នកជំនាញទាំងអស់ ដែលបានចំណាយពេលវេលា និងចូលរួមបង្រៀនសិស្សក្នុងកម្មវិធីនេះ។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ចំពោះសិស្ស ដោយផ្តល់ឱកាសឱ្យទទួលបានការអប់រំប្រកបដោយគុណភាព និងសមធម៌ ព្រមទាំងជួយអភិវឌ្ឍសិស្សឱ្យក្លាយជាធនធានមនុស្សមានសមត្ថភាពសម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ ឯកឧត្តម សាន វឌ្ឍនា បានអំពាវនាវដល់សិស្សទាំងអស់ឱ្យចូលរួមសិក្សាតាមកម្មវិធីផ្សាយបន្តផ្ទាល់នេះ ដើម្បីពង្រឹងសមត្ថភាព និងត្រៀមខ្លួនឱ្យបានល្អ សម្រាប់ការប្រឡងចូលសាកលវិទ្យាល័យ។

ជាក់ស្តែង យុវសិស្ស ចេង ថាវីន ដែលជាសិស្សទទួលបាននិទ្ទេស A មកពីខេត្តតាកែវ បានលើកឡើងថា ខ្លួនកំពុងសិក្សាតាមថ្នាក់បំប៉នឥតគិតថ្លៃនេះ ដើម្បីត្រៀមប្រឡងចូលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

យុវសិស្សរូបនេះបន្តថា ខ្លួនបានសិក្សាមុខវិជ្ជាសំខាន់ៗ ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ជាមួយលោកគ្រូ អ្នកគ្រូ តាមរយៈកម្មវិធីបំប៉នរបស់ក្រសួង។

ចេង ថាវីន បានលើកឡើងថា កម្មវិធីនេះបានជួយដល់សិស្សដែលត្រៀមប្រឡងយ៉ាងច្រើន ព្រោះអាចរៀន និងត្រៀមខ្លួនជាមួយគ្រូបានដោយមិនចាំបាច់ចំណាយថវិកា។ រូបគេក៏បានបញ្ជាក់ថា ការចូលរួមសិក្សាតាមកម្មវិធីផ្សាយផ្ទាល់របស់ក្រសួងកន្លងមក បានចូលរួមចំណែកក្នុងការពង្រឹងចំណេះដឹងរបស់ខ្លួនផងដែរ។

យុវសិស្សរូបនេះបានលើកទឹកចិត្តដល់សិស្សដែលមានបំណងប្រឡងចូលសាលា និងសាកលវិទ្យាល័យដែលមានការប្រកួតប្រជែងខ្ពស់ ឱ្យចូលរួមរៀនតាមកម្មវិធីបំប៉ននេះ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសប្រឡងជាប់៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា