ប្រឡងបាក់ឌុប ៖ អតីត​សិស្ស​និទ្ទេស​ ​A​ ​ចែករំលែក​គន្លឹះ​ ​៣​ចំណុច​សំខាន់​ៗ​ ​ដើម្បី​ទទួលបាន​ពិន្ទុ​ខ្ពស់​លើ​វិញ្ញាសា​គណិតវិទ្យា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រឡងបាក់ឌុប ៖ អតីត​សិស្ស​និទ្ទេស​ ​A​ ​ចែករំលែក​គន្លឹះ​ ​៣​ចំណុច​សំខាន់​ៗ​ ​ដើម្បី​ទទួលបាន​ពិន្ទុ​ខ្ពស់​លើ​វិញ្ញាសា​គណិតវិទ្យា​

ប្រឡងបាក់ឌុប ៖ អតីត​សិស្ស​និទ្ទេស​ ​A​ ​ចែករំលែក​គន្លឹះ​ ​៣​ចំណុច​សំខាន់​ៗ​ ​ដើម្បី​ទទួលបាន​ពិន្ទុ​ខ្ពស់​លើ​វិញ្ញាសា​គណិតវិទ្យា​

នៅសល់​រយៈពេល​ប្រមាណ​តែ​មួយ​ខែ​ទៀត​ប៉ុណ្ណោះ​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​សម្រាប់​ឆ្នាំ​២០២៦​ ​នឹង​ឈានចូល​មកដល់​។ ​ដើម្បី​ជា​ទុន​ស្មារតី​ ​និង​ជា​ជំនួយ​ដល់​បេក្ខជន​ទាំងអស់​ កញ្ញា​ ​ឃឿន​ ​ពិសី ​អតីត​សិស្ស​និទ្ទេស​ ​A​ ​កាលពី​ឆ្នាំ​២០២២​ ​បាន​ចែករំលែក​បទពិសោធ​ផ្ទាល់ខ្លួន​ ​ក៏​ដូចជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​លំហាត់​គណិតវិទ្យា​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​។​

Advertisement

​បើ​តាម​ការ​រៀបរាប់​របស់​ ​កញ្ញា​ ​ឃឿន​ ​ពិសី ​កត្តា​ដែល​ជំរុញ​ឱ្យ​កញ្ញា​សម្រេចបាន​និទ្ទេស​ ​A​ ​គឺ​ផ្តើម​ចេញ​ពី​ «​ការ​កំណត់​គោលដៅ​ច្បាស់លាស់​ ​និង​ការ​មាន​វិន័យ​ផ្ទាល់ខ្លួន​»​។ ​កញ្ញា​បាន​កំណត់​ចិត្ត​យក​និទ្ទេស​ ​A​ ​ជារៀងរាល់​ឆ្នាំ​ ​ដើម្បី​ស្វែងរក​ឱកាស​អាហារូបករណ៍​ ​ជួយ​សម្រាល​បន្ទុក​គ្រួសារ​ និង​បង្កើត​មោទនភាព​ជូន​ឪពុក​ម្តាយ​។ ​ដើម្បី​សម្រេច​គោលដៅ​នេះ​ កញ្ញា​បាន​បង្កើត​ទម្លាប់​រៀន​រាល់​ថ្ងៃ​ ​ដោយ​ជម្នះ​ភាព​នឿយហត់​ក្នុង​ការ​ដោះស្រាយ​លំហាត់​ឱ្យ​បាន​យ៉ាងហោចណាស់​ ​៥​ ​ទៅ​ ​១០​ ​លំហាត់​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មុខវិជ្ជា​នីមួយ​ៗ​។

​ដោយឡែក​ សម្រាប់​មុខវិជ្ជា​គណិតវិទ្យា ​អតីត​សិស្ស​ឆ្នើម​រូប​នេះ​បាន​ផ្តល់​គន្លឹះ​សំខាន់​ៗ​ ​៣​ចំណុច​ ​ដែល​បេក្ខជន​គួរ​អនុវត្ត​ក្នុង​ពេល​ប្រឡង ​រួមមាន​៖​

​ទី​១.​ យល់​ច្បាស់​ ​និង​ចាំ​រូប​មន្ត​ ​៖ ​ត្រូវ​ចងចាំ​រូប​មន្ត​ ​និង​យល់​ពី​អត្ថន័យ​នៃ​អក្សរ​តំណាង​ ​ព្រមទាំង​ខ្នាត​របស់​រូបមន្ត​នីមួយ​ៗ​ឱ្យ​បាន​ច្បាស់លាស់​។ ​ការ​យល់​គ្រឹះ​រូបមន្ត​នេះ​ ​នឹង​ជួយ​ឱ្យ​ដោះស្រាយ​លំហាត់​បាន​ទោះបីជា​គេ​ប្ដូរ​ទម្រង់​ ​ឬ​ប្ដូរ​បម្រាប់​ប្រធាន​លំហាត់​ក៏ដោយ​។​

កញ្ញា ឃឿន ពិសី អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ នៃវិទ្យាល័យហ៊ុន សែន ខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម

​ទី​២.​ ធ្វើ​លំហាត់​ងាយ​មុន​ ​៖ ​ពេល​ទទួល​វិញ្ញាសា​ភ្លាម​ ត្រូវ​អាន​ឱ្យ​ចប់​គ្រប់​ទំព័រ​ រួច​ចាប់ផ្ដើម​ធ្វើ​លំហាត់​ងាយ​ៗ​ដែល​ចំណាយ​ពេល​តិច​មុន​ ​(​ដូចជា​ ​ចំនួន​កុំ​ផ្លិច ​ឬ​ប្រូបាប​)​។ ​ការ​ធ្វើ​របៀប​នេះ​ ​ជួយ​កាត់បន្ថយ​ភាព​ភ័យខ្លាច​ និង​ជួយ​បង្កើត​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ខួរក្បាល​ ​មុននឹង​ឈាន​ទៅ​ដោះស្រាយ​លំហាត់បន្តបន្ទាប់​។ ​ផ្ទុយទៅវិញ​ ​មិន​គួរ​ប្រញាប់ប្រញាល់​ធ្វើ​លំហាត់​វែង​ៗ​ដូចជា​អនុគមន៍​នៅ​ដើម​ដៃ​ឡើយ​ ​ព្រោះ​វា​អាច​ធ្វើឱ្យ​ស្ត្រេស ​និង​ខាត​ពេល​ខ្លាំង​។ ​បើ​ផ្ដើម​ធ្វើ​លំហាត់​ធំ​ទាំង​មិន​ទាន់​ច្បាស់​ ​ដល់​ពេល​ជិត​អស់​ម៉ោង​ ​អាចនឹង​ធ្វើឱ្យ​ស្លន់ស្លោ ​រហូត​ត្រឡប់​ទៅ​ដោះស្រាយ​លំហាត់​ងាយ​ៗ​លែង​ចេញ​តែម្ដង​។​

​ទី​៣.​ ​ការ​សរសេរ​ឱ្យ​មាន​របៀបរៀបរយ​ ​៖​ ​កញ្ញា​លើកទឹកចិត្ត​ប្អូន​ៗ​ជា​បេក្ខជន​ប្រឡង ​គួរ​សរសេរ​អក្សរ​ឱ្យ​មាន​របៀបរៀបរយ ​ដោយ​មិន​ចាំបាច់​ទាល់តែ​មាន​អក្សរ​ស្អាត​នោះ​ទេ​ ​ព្រោះ​នៅពេល​សរសេរ​មាន​របៀបរៀបរយ​ សរសេរ​ពន្យល់​ច្បាស់​ៗ​នឹង​ធ្វើឱ្យ​អ្នក​កែ​ចង់​កែ ​និង​ចង់ឱ្យ​ពិន្ទុ​។ ​ប៉ុន្តែ​ប្រសិនបើ​ប្អូន​ៗ​សរសេរ​គ្មាន​របៀបរៀបរយ​ សរសេរ​រញ៉េរញ៉ៃ ​ទោះបីជា​លំហាត់​នោះ​ធ្វើ​ត្រូវ​ច្រើន​ ​អ្នក​កែ​អាច​ដក​ពិន្ទុ​ក៏​ថា​បាន​។​

​បន្ថែម​លើស​ពី​នេះ​ ​កញ្ញា​ ​ឃឿន​ ​ពិសី ​ក៏​បាន​ផ្តល់​អនុសាសន៍​សម្រាប់​រយៈពេល​មួយ​ខែ​ចុងក្រោយ​នេះ​ថា​ ​បេក្ខជន​គួរ​ស្វែងរក​វិញ្ញាសា​ឆ្នាំ​ចាស់​ៗ​ ​ឬ​វិញ្ញាសា​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​យកមក​អនុវត្ត​ធ្វើឡើងវិញ​ ​ដោយ​កំណត់​រយៈពេល​ ​២​ម៉ោង​កន្លះ​ ​ដូច​ការ​ប្រឡង​ពិតប្រាកដ ​ដើម្បី​វាស់ស្ទង់​ល្បឿន​ ​និង​សមត្ថភាព​របស់​ខ្លួន​ ​រួច​យកមក​ផ្ទៀងផ្ទាត់​ជាមួយ​កំណែ​ដែល​មាន​ស្រាប់ ​ដើម្បី​កែតម្រូវ​ចំណុច​ខ្វះខាត​។​

​ជា​ចុងក្រោយ​ ​អតីត​សិស្ស​និទ្ទេស ​A​ ​រូប​នេះ​ ​បាន​លើកទឹកចិត្ត​ដល់​បេក្ខជន​ទាំងអស់​ កុំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ ​ឬ​ភ័យខ្លាច​ហួសហេតុ​ពេក ​ពោលគឺ​ត្រូវ​មាន​ទំនុកចិត្ត​លើ​ការ​ខិតខំប្រឹងប្រែង​របស់​ខ្លួន​តាំងពី​ដើម​ឆ្នាំ​មក​។ ​ហើយ​មួយ​សប្តាហ៍​មុន​ថ្ងៃ​ប្រឡង​ ត្រូវ​យកចិត្តទុកដាក់​លើ​ការ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​យក​ស្មារតី​ទុក​ទៅ​ប្រឡង​ កុំ​ឱ្យ​អត់​ងងុយ ​ឈឺ​ក្បាល​ជាដើម​ និង​ត្រូវ​គិត​ថា​ ​អ្វី​ៗ​ដែល​យើង​បាន​ខំប្រឹង​នឹង​ហុច​ផល​នៅ​ពេល​ក្រោយ​ ​ហើយ​បើ​ទោះជា​មិន​ទទួលបាន​និទ្ទេស​ ​A​,​B​,​C​ ​យ៉ាងហោចណាស់​ក៏​យើង​បាន​ប្រឡង​ជាប់​ដែរ​។​ ម្យ៉ាង​វិញ​ទៀត​ ​បើ​ប្រឡង​បាន​និទ្ទេស​ ​A​ ​ទៀត​កាន់តែ​ល្អ​ ​ព្រោះ​និទ្ទេស​ ​A​ ​មិន​មែន​គ្រាន់តែ​ជា​លទ្ធផល​ល្អ​តែ​មួយ​មុខ​ទេ ​ប៉ុន្តែ​វា​ជា​ចំណុច​ភ្ជាប់​មួយ​ ​ដែល​ធ្វើឱ្យ​យើង​ងាយស្រួល​ពេល​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា