អតីត​សិស្ស​និទ្ទេស​ ​A​ ​២០១៩​ ​សាន ​គឹម​ស័ង​ ចែករំលែក​គន្លឹះ​ ​២​សប្ដាហ៍​មុន​ប្រឡង​បាក់ឌុប​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីត​សិស្ស​និទ្ទេស​ ​A​ ​២០១៩​ ​សាន ​គឹម​ស័ង​ ចែករំលែក​គន្លឹះ​ ​២​សប្ដាហ៍​មុន​ប្រឡង​បាក់ឌុប​

អតីត​សិស្ស​និទ្ទេស​ ​A​ ​២០១៩​ ​សាន ​គឹម​ស័ង​ ចែករំលែក​គន្លឹះ​ ​២​សប្ដាហ៍​មុន​ប្រឡង​បាក់ឌុប​

​ធ្មេច​បើក​ៗ ​ពេលវេលា​ ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​កាន់តែ​កៀក​ខិត​ជិត​ដល់​ ធ្វើឱ្យ​បេក្ខជន​មួយចំនួន​ធំ​មានអារម្មណ៍​ភ័យ​ផង​ អរ​ផង​ ​ហើយ​ខ្លះ​ទៀត​ក៏​ពុំ​ដឹង​ត្រូវ​ត្រៀមខ្លួន​បែប​ណា​ខ្លះ​។​ ក្នុង​អត្ថបទ​នេះ​ លោក​ ​សាន ​គឹម​ស័ង​ អតីត​សិស្ស​និទ្ទេស​ ​A​ ​ឆ្នាំ​២០១៩​ ​នឹង​ចែករំលែក​គន្លឹះ​មួយចំនួន​ដែល​បេក្ខជន​គួរ​ធ្វើ​មុន​ការ​ប្រឡង​មកដល់​ ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​បាក់ឌុប​នា​ពេល​ខាងមុខ។​

Advertisement

​បើ​តាម​លោក​ ​សាន ​គឹម​ស័ង​ ប្រសិនបើ​សិស្សានុសិស្ស ​បាន​រៀន​តាំងពី​ដើម​ឆ្នាំ​មក​ ច្បាស់​ណាស់​ថា​ ​នឹង​ចេះ​ច្រើន​ ​ចងចាំ​ច្រើន​ ​ដឹង​មេរៀន​ច្រើន​ និង​បាន​អនុវត្ត​វិញ្ញាសា​ជាច្រើន​។ ​ដូច្នេះ​ រយៈពេល​ ​២​សប្ដាហ៍​មុន​ប្រឡង​នេះ​ ​បេក្ខជន​ ត្រូវ​រំលឹក​មេរៀន​ដែល​បាន​រៀន​ទាំងអស់​ពី​ដើម​ឆ្នាំ​ដល់​ចុង​ឆ្នាំ។​

​ចំណុច​សំខាន់​មួយ​ទៀត​អំឡុង​ពេល​ ​២​សប្ដាហ៍​មុន​ប្រឡង​នេះ​ ​គឺ​ការ​អនុវត្ត​លំហាត់​តេស្ត​សាកល្បង​ ​មាន​ន័យ​ថា​ ​ដោះស្រាយ​លំហាត់​ ឆ្លើយ​សំណួរ​ដូច​ការ​ប្រឡង​ជាក់ស្ដែង​។ ​ឧទាហរណ៍​៖​ ​លំហាត់​គណិតវិទ្យា​យើង​ចេះ​អស់​ហើយ​ តែ​យើង​ចង់​ដឹង​ថា​ ​ពេល​ប្រឡង​អាច​ភ្លាត់​កន្លែងណា​ឬ​អត់​? ​យើង​អាច​គ្រប់គ្រង​ពេលវេលា​នៅក្នុង​ការ​សរសេរ​ចម្លើយ​ទាន់​ពេលវេលា​ឬ​អត់​? ​ដូច្នេះ​ ​យើង​អាច​ធ្វើ​ការ​សាកល្បង​ ​ដោយ​យក​វិញ្ញាសា​ឆ្នាំ​ចាស់​ៗ​យកមក​អង្គុយ​ធ្វើ​។ ​ហើយ​បើ​មុខវិជ្ជា​អក្សរសាស្រ្ត​ខ្មែរ​ ​គឺ​ការ​សរសេរ​តែង​សេចក្ដី​ ​ដែល​មាន​ចំណុច​សំខាន់​រួមមាន​ ​ផ្ដើម​សេចក្ដី​ ​តួ​សេចក្ដី​ ​និង​បញ្ចប់​សេចក្ដី​។ ​ដូច្នេះ​ ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​ ​យើង​ត្រូវ​បែងចែក​ការ​សរសេរ​ក្នុង​ផ្នែក​នីមួយ​ៗ​ប៉ុន្មាន​ ​ហើយ​ត្រូវ​ប្រាកដ​ថា​ ​ការ​សរសេរ​គឺ​ត្រឹមត្រូវ​ ​ជៀសវាង​សរសេរ​ដល់​តួ​សេចក្ដី​ហើយ​ចង់​ទៅ​កែ​សេចក្ដី​ផ្ដើម​វិញ​ ​គឺ​អត់​ល្អ​ទេ។​

​លោក​ ​សាន ​គឹម​ស័ង​ ​សង្កត់ធ្ងន់​ថា​ រយៈពេល​២​សប្ដាហ៍​មុន​ប្រឡង​នេះ​ ​បេក្ខជន​ត្រូវ​ព្យាយាម​ហ្វឹកហាត់​ ​ឬ​អនុវត្ត​លើ​ចំណុច​ទាំងអស់​នេះ​ ​ដើម្បីឱ្យ​ស្ទាត់​ ស្ទាបស្ទង់​ពេលវេលា​ ​និង​ស្ទាបស្ទង់​ថាមពល​របស់​ខ្លួន​។ ​លើស​ពី​នេះ​ ​បេក្ខជន​ក៏​ត្រូវ​ហ្វឹកហាត់បន្ថែម​ក្នុង​ការ​ផ្ចង់​អារម្មណ៍​នៅក្នុង​ការ​ប្រឡង​ ​ព្រោះថា​ ​សិស្ស​មួយចំនួន​ពុំ​សូវ​ផ្ចង់​អារម្មណ៍​បាន​ល្អ ​ដោយសារ​លេង​បណ្ដាញ​សង្គម​ច្រើន​ពេក​ ​ដែល​ធ្វើឱ្យ​ការ​ផ្ចង់​អារម្មណ៍​មិន​សូវ​មូល​។ ​ដូច្នេះ​ ​យើង​ក៏​ត្រូវ​រក​ពេល​សម្រាក​បន្តិច​ ​ឬ​ចូល​បន្ទប់ទឹក​ ​រួចហើយ​ចាំ​ត្រឡប់មក​ដោះស្រាយ​លំហាត់ ​ឬ​ឆ្លើយ​សំណួរ​វិញ។​

​ដោយឡែក​ សម្រាប់​បេក្ខជន ​ដែល​ពី​ដើម​ឆ្នាំ​មក​មិន​សូវ​បាន​រៀន​ លោក​ ​សាន ​គឹម​ស័ង​ ​ផ្តល់​យោបល់​ថា​ ​នៅ​រយៈពេល​ ​២​សប្ដាហ៍​មុន​ការ​ប្រឡង​នេះ​ ​បេក្ខជន​ត្រូវតែ​ខំ​ប្រឹង​រៀន​ ​ព្យាយាម​យក​ពេល​ទំនេរ​ទាំងអស់​ដាក់​ផ្ដោត​ទៅលើ​ការ​រៀន​ ​ចំណែក​ការ​កម្សាន្ត​ដូចជា​ ​ការ​មើល​រឿង​ ​មើល​កុន ​លេង​ហ្គេម ​ដើរលេង​ជាមួយ​មិត្តភក្ដិ​ជាដើម​ ​គួរ​ផ្អាក​សិន ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​យើង​ប្រឡង​បាក់ឌុប​ឱ្យ​ជាប់​សិន​។ ​នៅពេល​ប្រឡង​ជាប់​ហើយ​ ​យើង​អាច​លេង​កម្សាន្ត​បាន​ល្អ​ជាង​មុន​ ​មិន​មាន​សម្ពាធ ​ជាពិសេស​នៅពេល​យើង​ប្រឡង​ជាប់ ​ទាំង​ក្រុមគ្រួសារ​ លោកគ្រូ​អ្នកគ្រូ​ ​ក៏​អបអរសាទរ​ចំពោះ​លទ្ធផល​របស់​យើង​ផងដែរ។​

​សូម​ជម្រាប​ថា​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​ឆ្នាំ​សិក្សា​២០២៥​-​២០២៦​ ​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០​-​១១​ ​ខែសីហា ​ឆ្នាំ​២០២៦​ខាងមុខ​នេះ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា