អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះប្រឡងមុខវិជ្ជាគណិតវិទ្យាឱ្យទទួលបានលទ្ធផលល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះប្រឡងមុខវិជ្ជាគណិតវិទ្យាឱ្យទទួលបានលទ្ធផលល្អ

អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះប្រឡងមុខវិជ្ជាគណិតវិទ្យាឱ្យទទួលបានលទ្ធផលល្អ

នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មុខវិជ្ជាគណិតវិទ្យា ជាមុខវិជ្ជាមួយដែលទទួលបានពិន្ទុច្រើន ហើយក៏មានការលំបាកសម្រាប់សិស្សមួយចំនួនក្នុងការប្រឡងយកពិន្ទុដែរ។ ក្នុង​អត្ថបទនេះ យុវជន ឡោ ប៊ុនលី ដែលជា​អតីត​សិស្ស​និទ្ទេស A ឆ្នាំ២០២៤ នឹង​ចែក​រំលែកគន្លឹះមួយចំនួនដែលអាចជួយឱ្យបេក្ខជនប្រឡង​បាក់ឌុប យក​ទៅ​អនុវត្តដើម្បីឱ្យការប្រឡងមុខវិជ្ជាគណិតវិទ្យាទទួលបានលទ្ធផលល្អ។

Advertisement

បច្ចុប្បន្ន​ យុវជន ឡោ ប៊ុនលី គឺជានិសិ្សតឆ្នាំទី១ ជំនាញស្ថាបត្យកម្ម នៃសាកលវិទ្យាល័យខេមតិច បានឱ្យដឹងថា ជាបទពិសោធន៍​របស់ខ្លួន រយៈពេលមួយខែមុនប្រឡងបាក់ឌុប គឺខ្លួន​បានត្រៀមខ្លួនរួចជាស្រេចទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីចូលទៅប្រឡងបាក់ឌុប។ លើសពីនេះ បានត្រៀមសម្ភារៈឱ្យរួចរាល់មុនពេលប្រឡង ក៏ដូចជាហ្វឹកហាត់ធ្វើវិញ្ញាសាឱ្យច្រើនដង គ្រប់មុខវិជ្ជាប្រឡងទាំងអស់។ ជាពិសេស កត់ទុករបៀបចំណាំ របៀបសរសេរ និងកត់ត្រាទុករបៀបសរសេរដែលអាចទទួលបានពិន្ទុច្រើន។

លោក ឡោ ប៊ុនលី អតីតសិស្សនិទ្ទេសA ឆ្នាំ២០២៤, បច្ចុប្បន្នជានិសិ្សតឆ្នាំទី១ ជំនាញស្ថាបត្យកម្ម នៃសាកលវិទ្យាល័យខេមតិច

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២៤ រូបនេះ បន្ថែមថា ដើម្បី​ឱ្យ​ប្រឡងមុខវិជ្ជាគណិតវិទ្យាឱ្យទទួលបានផលល្អ គឺការធ្វើលំហាត់ដែលយើងចេះច្បាស់មុនគេ និងគិតថា អាចធ្វើហើយមុនគេ មិនថាលំហាត់នោះនៅលេខរៀងទីប៉ុន្មាននោះទេ។ នេះមានន័យថា បេក្ខជនបាក់ឌុប ត្រូវធ្វើលំហាត់ណាដែលគិតថាចេះច្បាស់ និងអាចធ្វើហើយមុន ចំណែកលំហាត់ផ្សេងទៀតធ្វើតាមក្រោយ។ ហើយក៏មិនគួរធ្វើលំហាត់ប្រឡងបាក់ឌុបតាមលំដាប់លំដោយពេកដែរ ចៀសវាងជួបលំហាត់ណាមួយពិបាក ធ្វើមិនទៅមុខ នាំឱ្យធ្វើលំហាត់មិនទាន់ម៉ោង។

យុវជ​ន ឡោ ប៊ុនលី បន្ថែមថា សម្រាប់វិញ្ញាសាមុខវិជ្ជាគណិតវិទ្យា ជាវិញ្ញាសាប្រឡងមួយដែលទទួលបានពិន្ទុច្រើនជាងគេ ដោយ​ការប្រឡងមុខវិជ្ជានេះ មានរយៈពេល ២ម៉ោងកន្លះ ដូច្នេះប្អូនៗជា​បេក្ខជន​ត្រូវហ្វឹកហាត់ធ្វើវិញ្ញាសាប្រឡងគណិតវិទ្យានេះឱ្យហើយរួចរាល់មុនរយៈពេល ២ម៉ោងកន្លះ។ ម៉្យាងវិញទៀត​ រចនាបទនៃការសរសេរ គឺរៀបចំការសរសេរឱ្យរៀបតាមជួរលំដាប់ល្អ ក៏ជាផ្នែកមួយជួយកុំឱ្យបាត់ពិន្ទុ។ ចំណុចមួយទៀត ការឆូត បើមិនចាំបាច់ទេ គឺកុំឆូត ព្រោះគេអាចចាត់ទុកថា យើងធ្វើសញ្ញាសម្គាល់ ដែលនាំឱ្យបាត់បង់ពិន្ទុប្រឡង។

ប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប)

អតីតសិស្សនិទ្ទេស A ឡោ ប៊ុនលី ក៏​បានផ្តល់ជា​គន្លឹះដែលអាចជួយឱ្យការធ្វើវិញ្ញាសាគណិតវិទ្យាបានទាន់ពេល ឬរួចរាល់មុនម៉ោង ដោយនៅមុនម៉ោងប្រឡងប្រហែល ២០នាទី ពេលអនុរក្សចែកក្រដាស់ពង្រាងឱ្យបេក្ខជន បេក្ខជន​អាចយកក្រដាស់នោះមកសរសេររូបមន្តដែលយើងចាំ ហើយនៅពេលវិញ្ញាសាមកដល់ យើងអត់ត្រូវចំណាយពេលអង្គុយរកនឹករូបមន្តនោះទេ ដោយសារយើងបានកត់នៅលើក្រដាស់ពង្រាងរួចរាល់ហើយ។ ដូច្នេះ គ្រាន់តែឃើញលំហាត់ប្រឡងភ្លាម យើងអាចជំនួសរូបមន្តចូល រួចគណនាលេខឱ្យបានត្រឹមត្រូវជាការស្រេច។

ឡោ ប៊ុនលី បញ្ជាក់ដែរថា វិញ្ញាសាគណិតវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្រ្ត គឺអាចជាវិញ្ញាសាប្រភេទគន្លឹះ ដោយត្រូវដោះស្រាយគន្លឹះនោះចេញទើបអាចដោះស្រាយលំហាត់នោះចេញជាចម្លើយបាន។ លើសពីនេះ បេក្ខជនត្រូវការវិភាគ មើលតាមសំណួរដែលគេសួរ ហើយ​ប្រសិន​បើ​មិន​វិភាគកន្លែងនេះទេ អាចធ្វើខុស នាំឱ្យលំហាត់ទាំងមូលខុស ដូច្នេះ​ពិន្ទុរបស់យើងក៏ទៅតាមនោះដែរ។

ជាមួយ​គ្នានេះ ប៊ុនលី ក៏​បានផ្តាំផ្ញើ​ទៅ​ដល់បេក្ខជន​ដែល​ត្រូវ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ ត្រូវ​គិតថា​ ការប្រឡងបាក់ឌុប ​ជាការប្រឡងថ្នាក់ជាតិមួយដ៏សំខាន់ ដូច្នេះប្អូនៗត្រូវធ្វើឱ្យអស់ពីសមត្ថភាព កុំលេងច្រើន ត្រូវផ្ដោយអារម្មណ៍ ខិតខំប្រឡងឱ្យជាប់។ លើសពីនេះ ត្រូវខំធ្វើឱ្យអស់ពីសមត្ថភាព ទោះបីជាចំណុចណាមួយមិនយល់ច្បាស់ក៏ត្រូវខំសរសេរឱ្យបានពេញ កុំទុកក្រដាស់ទំនេរចោល។

យុវជន ឡោ ប៊ុនលី ក៏បានលើកទឹកចិត្តដល់ប្អូនៗជាបេក្ខជនប្រឡងបាក់ឌុប ឱ្យ​ថែរក្សាសុខភាព ព្រោះប្រសិនបើថ្ងៃប្រឡង យើងមិនស្រួលខ្លួនអាចរំខានដល់ការគិត ការសរសេររបស់យើង និងជះផលរំខានទៅដល់ការប្រឡងរបស់យើង។ លើសពីនេះ ត្រូវញ៉ាំអាហារ និងទឹកឱ្យបានគ្រប់គ្រាន់ និងចៀសវាងញ៉ាំអាហារណាដែលធ្វើឱ្យក្ដៅក្នុង និងកុំទៅណាឆ្ងាយពីផ្ទះ។ ម៉្យាងវិញទៀត សុខភាពផ្លូវចិត្ត គឺពិតជាសំខាន់ ដូចជាការលើកទឹកចិត្តពីអាណាព្យាបាល មិត្តភក្ដិជុំវិញខ្លួន អាចផ្ដល់ស្មារតីរឹងមាំ រហ័សរហួន ឱ្យយើងអាចធ្វើបានល្អ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា