អតីត​សិស្ស​និទ្ទេស​ ​A​ ​លើកទឹកចិត្ត​បេក្ខជន​បាក់ឌុប​ឆ្នាំ​នេះ​ឱ្យ​ពង្រឹង​សមត្ថភាព​ជាប្រចាំ​ ​តែ​កុំ​ដាក់​សម្ពាធ​ខ្លួនឯង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីត​សិស្ស​និទ្ទេស​ ​A​ ​លើកទឹកចិត្ត​បេក្ខជន​បាក់ឌុប​ឆ្នាំ​នេះ​ឱ្យ​ពង្រឹង​សមត្ថភាព​ជាប្រចាំ​ ​តែ​កុំ​ដាក់​សម្ពាធ​ខ្លួនឯង​

អតីត​សិស្ស​និទ្ទេស​ ​A​ ​លើកទឹកចិត្ត​បេក្ខជន​បាក់ឌុប​ឆ្នាំ​នេះ​ឱ្យ​ពង្រឹង​សមត្ថភាព​ជាប្រចាំ​ ​តែ​កុំ​ដាក់​សម្ពាធ​ខ្លួនឯង​

​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​ឆ្នាំ​នេះ​ ​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០​ ​ខែសីហា ​ខាងមុខ​។ ​ខណៈ​សម័យ​ប្រឡង​កាន់តែ​ខិត​ជិត​មកដល់​នេះ​ អតីត​សិស្ស​និទ្ទេស​A​ ​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​ ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ​បាន​លើកទឹកចិត្ត​បេក្ខជន​បាក់ឌុប​ឆ្នាំ​នេះ​ទាំងអស់​ ​សូម​ពង្រឹង​សមត្ថភាព​ខ្លួន​ជាប្រចាំ​ ​តែ​កុំ​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ខ្លាំង​ពេក​។​

Advertisement

​កញ្ញា​ ​អឿម​ កក្កដា ​ជា​អតីត​សិស្ស​និទ្ទេស​ ​A​ ​ឆ្នាំ​២០២៥​ ​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​ ​និង​អតីត​សិស្ស​មកពី​វិទ្យាល័យ​ហេបភីច័ន្ទ​តារា​នារី​ព្រែក​ថ្មី​ ​ប្រាប់​ ​AMS​ ​ថា​ ​ពីមុន​មក​ រូប​នាង​មិន​ធ្លាប់​រំពឹង​ថា​ ​ចង់បាន​និទ្ទេស​ ​A​ ​នោះ​ទេ​ ​ព្រោះ​គិត​ថា​មិន​ចង់​ដាក់​សម្ពាធ​ឱ្យ​ខ្លួនឯង​ ត្រូវតែ​រៀន​ឱ្យ​បាន​និទ្ទេស​ ​A​ ​ប៉ុន្តែ​តែង​ប្រាប់​ខ្លួនឯង​វិញ​ថា​ ​ត្រូវ​ខិតខំ​ធ្វើឱ្យ​ល្អ​អស់​ពី​សមត្ថភាព​។​

កញ្ញា អឿម កក្កដា ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០២៥ ថ្នាក់វិទ្យាសាស្រ្តពិត

​អតីត​សិស្ស​និទ្ទេស​ ​A​ ​ឆ្នាំ​២០២៥​ ​ថ្នាក់​វិទ្យាសាស្ត្រ​ពិត ​រូប​នេះ​ បន្ថែម​ថា​ ​កត្តា​ដែល​ជំរុញ​ឱ្យ​រូប​នាង​ ទទួលបាន​និទ្ទេស​ ​A​ ​គឺ​ដោយសារ​ការ​រៀន​បែប​ឯករាជ្យ ​រៀន​បែប​សេរី ​ដោយ​មិន​ដាក់​សម្ពាធ​ឱ្យ​ខ្លួនឯង​ត្រូវតែ​យក​និទ្ទេស​ ​A​ ​ប៉ុន្តែ​នាង​ខិតខំ​រៀន​ឱ្យ​អស់​ពី​លទ្ធភាព​ ​ដើម្បី​កុំ​ឱ្យ​មាន​វិប្បដិសារី​ទៅ​ថ្ងៃ​ក្រោយ​។​

​កញ្ញា​ ​កក្កដា ​បញ្ជាក់​ថា​ ​សម្រាប់​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត ​គឺជា​មុខវិជ្ជា​មួយ​ដែល​ទាមទារ​ការ​អនុវត្ត​ច្រើន​។ ​ដូច្នេះ​ ​ប្អូន​ៗ​ត្រៀម​ប្រឡង​បាក់ឌុប ​គួរ​ចំណាយ​ពេល​រៀន​ ​ឬ​អនុវត្ត​លំហាត់​ជាប្រចាំ​ ​ដោយ​អាច​ចំណាយ​ពេល​ ​១​ម៉ោង​ទៅ​៣​ម៉ោង​ ​ក្នុង​ការ​រៀន​ ​និង​អនុវត្ត​លំហាត់​ឱ្យ​បាន​ច្រើន​ ​ប៉ុន្តែ​សូម​កុំ​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ខ្លាំង​ពេក​ទេ​។​

​កញ្ញា​ ​អឿម​ កក្កដា ​ក៏​លើកទឹកចិត្ត​ដល់​បេក្ខជន​បាក់ឌុប​ទាំងអស់​ ត្រូវ​សម្លឹង​មើល​ឱ្យ​បាន​វែងឆ្ងាយ​លើស​ពី​ការ​ប្រឡង​បាក់ឌុប ​ហើយ​គួរ​ពង្រីក​ចំណេះដឹង​បន្ថែម​ទៀត​ដូចជា​ ​ភាសា​បរទេស ​ការ​អាន​សៀវភៅ​ជាដើម​ ​ដែល​ជួយ​អភិវឌ្ឍ​ចំណេះដឹង​ជាច្រើន​ទៀត​។​

​ជាមួយគ្នា​នេះ​ដែរ​ កញ្ញា​ ស៊ីថ​ន ​មុនី​កល្យាណ ​ជា​អតីត​សិស្ស​និទ្ទេស​ ​A​ ​ឆ្នាំ​២០២៥​ ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ និង​ជា​អតីត​សិស្ស​មកពី​ ​វិទ្យាល័យ​ ហេបភីច័ន្ទ​តារា​នារី​ព្រែក​ថ្មី​ ​ដូចគ្នា​ ​និយាយ​ថា​ ​សិស្ស​ថ្នាក់​សង្គម​ប្រឡង​ជាប់​ច្រើន​ តែ​ភាគរយ​នៃ​ការ​បាន​និទ្ទេស​ ​A​ ​គឺ​មាន​ចំនួន​តិច ​បើ​ធៀប​ជាមួយ​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​។ ​មុនី​កល្យាណ​ ​បន្ត​ថា​ ​រូប​នាង​មិន​ធ្លាប់​រំពឹង​ថា​ ​អាច​ទទួល​បាន​និទ្ទេស​ ​A​ ​ដែរ​ ប៉ុន្តែ​ដោយសារ​ការ​តាំងចិត្ត​ ​ការ​ដាក់​គោលដៅ​ ​ការ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​តាំងពី​ដើម​ឆ្នាំ​រហូត​ជិត​ដល់​ថ្ងៃ​ប្រឡង ​ទើប​ទទួល​បាន​លទ្ធផល​ល្អ​នេះ​។ ​មុនី​កល្យាណ​ ​បន្ត​ថា​ ​ពេល​រៀន​ក្នុង​ថ្នាក់​ ​គឺ​នាង​យកចិត្តទុកដាក់​ស្ដាប់​គ្រូបង្រៀន​ ​ពេល​ទំនេរ​ស្វ័យ​សិក្សា ​អាន​សៀវភៅ​ ​និង​កត់ត្រា​ជាប្រចាំ​។​

កញ្ញា ស៊ីថន មុនីកល្យាណ ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០២៥ ថ្នាក់វិទ្យាសាស្រ្តសង្គម

​អតីត​សិស្ស​និទ្ទេស​ ​A​ ​ឆ្នាំ​២០២៥​ ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ រូប​នេះ​ ​បាន​ចែករំលែក​បទពិសោធន៍​របស់​នាង​ ​ដោយ​ថា​ ​នៅ​ពេល​ជិត​ដល់​ថ្ងៃ​ប្រឡង​ ​៣​ខែ​មុន​ប្រឡង ​គឺ​នាង​ស្រាវជ្រាវ​វិញ្ញាសា​ចាស់​ៗ​ យក​មក​សរសេរ​ ​និង​អនុវត្ត​ឆ្លើយ​សំណួរ​ជាប្រចាំ​ថ្ងៃ​។​ ក្នុង​នោះ​ វិធីសាស្ត្រ​ចងចាំ​មេរៀន​បាន​ល្អ​ ​គឺ​ការ​កត់ត្រា ​ការ​ធ្វើ​ផែនទី​គំនិត​ ​ក៏​ដូចជា​សង្ខេប​ចំណុច​សំខាន់​ៗ​របស់​មេរៀន​។​

​កញ្ញា​ ស៊ីថ​ន ​មុនី​កល្យាណ ​ក៏​បាន​លើកទឹកចិត្ត​ប្អូន​ៗ​បេក្ខជន​បាក់ឌុប​ឆ្នាំ​នេះ​ ​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​ ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀន​នូវ​មុខវិជ្ជា​គោល​ដែល​ត្រូវ​ប្រឡង ​ជាពិសេស​ កុំ​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ ត្រូវ​ថែរក្សា​សុខភាព​ ​សម្រាក​ និង​ញ៉ាំ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា