បារាំងបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើ TikTok ជុំវិញផលប៉ះពាល់លើផ្លូវចិត្តកុមារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំងបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើ TikTok ជុំវិញផលប៉ះពាល់លើផ្លូវចិត្តកុមារ

បារាំងបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើ TikTok ជុំវិញផលប៉ះពាល់លើផ្លូវចិត្តកុមារ

ក្រុមអ្នកស៊ើបអង្កេតបារាំង បានបើកការស៊ើបអង្កេតព្រហ្មទណ្ឌ លើក្រុមហ៊ុន TikTok ជុំវិញការចោទប្រកាន់ថា វេទិកាវីដេអូនេះ អនុញ្ញាតឱ្យមានខ្លឹមសារជំរុញការធ្វើអត្តឃាត ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង។

Advertisement

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីបានទទួលបណ្ដឹងពីគ្រួសារបារាំងជាច្រើន, ខណៈការស៊ើបអង្កេតរបស់សភាបារាំងលើផលប៉ះពាល់នៃការលេង TikTok មកលើផ្លូវចិត្តកុមារ និងរបាយការណ៍ចេញផ្សាយដោយអង្គការលើកលែងទោសអន្តរជាតិ និងព្រឹទ្ធសភាបារាំង បានរៀបរាប់លម្អិតអំពីបញ្ហាស្រដៀងគ្នានេះ។

ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការស៊ើបអង្កេត នឹងពិនិត្យមើល ខ្លឹមសារ ដែលមាននៅលើ TikTok ជាពិសេសការផ្សព្វផ្សាយអំពីការធ្វើអត្តឃាត ក៏ដូចជា ពិនិត្យមើលថា តើ TikTok គោរពកាតព្វកិច្ច ក្នុងការជូនដំណឹងដល់អាជ្ញាធរ អំពីបទល្មើស ដែលប្រព្រឹត្ត ដោយអន្តរការីដែរឬទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលបានប្រកាសកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ TikTok បានបដិសេធ ការអះអាងនៅក្នុងរបាយការណ៍សភា ដែលជួយសម្រួលការស៊ើបអង្កេត។

TikTok បានប្រកាសថា «ជាមួយនឹងមុខងារ ដែលបានកំណត់ជាមុនជាង ៥០ ត្រូវបានឌីហ្សាញឡើង ជាពិសេស ដើម្បីគាំទ្រដល់សុវត្ថិភាព និងសុខុមាលភាពរបស់ក្មេងជំទង់ ហើយវីដេអូរំលោភបំពានចំនួន ៩ ក្នុងចំណោម ១០ ត្រូវបានដកចេញ មុនពេលមាតិកាទាំងនោះ មានអ្នកទស្សនា។ យើងវិនិយោគយ៉ាងច្រើនលើការធានាសុវត្ថិភាព និងធ្វើឱ្យកុមារទទួលបានបទពិសោធន៍ប្រើប្រាស់ល្អបំផុតសមស្របតាមអាយុ។»

ការិយាល័យរដ្ឋអាជ្ញាបាននិយាយថា ក្រុមប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ប៉ូលីសទីក្រុងប៉ារីស នឹងស៊ើបអង្កេតឧក្រិដ្ឋកម្ម ដែលអាចកើតមានរួមទាំង «​ការឃោសនាលក់ផលិតផល ឬវិធីសាស្ត្រ ដែលមនុស្សប្រើ ដើម្បីបញ្ចប់ជីវិត។» និងការអនុញ្ញាតឱ្យមានប្រតិបត្តិការខុសច្បាប់ ដែលជាប់ទាក់ទងនឹងឧក្រិដ្ឋកម្ម ដែលមានការរៀបចំ។

ប្រសិនបើការស៊ើបអង្កេតនាំឱ្យមានការចោទប្រកាន់ និងការផ្ដន្ទាទោស អ្នកដែលត្រូវបានរកឃើញថា មានទោស អាចប្រឈមមុខនឹងការជាប់ពន្ធនាគារច្រើនឆ្នាំ និងការផាកពិន័យជាប្រាក់។ យ៉ាងណាក៏ដោយ ជារឿងធម្មតានៅក្នុងច្បាប់បារាំង ការិយាល័យរដ្ឋអាជ្ញាមិនបង្ហាញឈ្មោះបុគ្គលណាម្នាក់ ដែលអាចប្រឈមមុខនឹងការចោទប្រកាន់ នៅទីបំផុតនៅក្នុងការស៊ើបអង្កេតនោះទេ។

TikTok ស្ថិតនៅក្រោមសម្ពាធ

កាលពីឆ្នាំមុន គ្រួសារចំនួន ៧ បានប្ដឹង TikTok ប្រទេសបារាំង ដោយចោទប្រកាន់វេទិកានេះថា មិនសម្របសម្រួលខ្លឹមសារ ដែលបង្កគ្រោះថ្នាក់ និងបង្ហាញកុមារឱ្យឃើញពីសម្ភារៈ ដែលគំរាមកំហែងដល់អាយុជីវិត។ ក្នុងចំណោមគ្រួសារទាំង ៧ មានគ្រួសារចំនួន ២ បានបាត់បង់កូន។

អ្នកបាត់បង់ជីវិតម្នាក់មានឈ្មោះថា Marie Le Tiec អាយុ ១៥ឆ្នាំ។ បន្ទាប់ពីការស្លាប់របស់នាង លោកស្រី Stephanie Mistre ដែលជាម្ដាយ បានរកឃើញវីដេអូ ដែលផ្សព្វផ្សាយពីវិធីសាស្ត្រធ្វើអត្តឃាត ការបង្រៀន និងការផ្ដល់យោបល់ ជំរុញឱ្យអ្នកប្រើប្រាស់ មានចិត្តចង់ធ្វើអត្តឃាត។

លោកស្រី Mistre បាននិយាយថា បច្ចេកវិទ្យា algorithm របស់ TikTok បានជំរុញខ្លឹមសារបែបនេះ ម្ដងហើយម្ដងទៀត ដល់កូនស្រីរបស់គាត់។

លោកស្រី Mistre បានសង្កត់ធ្ងន់បន្ថែមទៀតថា មាតិកាទាំងនោះ បានធ្វើឱ្យកូនរបស់លោកស្រីធ្លាក់ទឹកចិត្ត និងយល់ថា ការធ្វើបាបខ្លួនឯងជារឿងធម្មតា​៕

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា