ពី F ទៅ A ៖ វ៉ាន សែនវ៉ា ជំនះការលំបាក តស៊ូសិក្សាឡើងវិញ រហូតសម្រេចក្តីស្រមៃ និងទទួលការលើកទឹកចិត្តពីសម្តេចតេជោ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពី F ទៅ A ៖ វ៉ាន សែនវ៉ា ជំនះការលំបាក តស៊ូសិក្សាឡើងវិញ រហូតសម្រេចក្តីស្រមៃ និងទទួលការលើកទឹកចិត្តពីសម្តេចតេជោ

ពី F ទៅ A ៖ វ៉ាន សែនវ៉ា ជំនះការលំបាក តស៊ូសិក្សាឡើងវិញ រហូតសម្រេចក្តីស្រមៃ និងទទួលការលើកទឹកចិត្តពីសម្តេចតេជោ

ពីសិស្សប្រឡងបាក់ឌុបធ្លាក់និទ្ទេស F កាលពីឆ្នាំ២០២៥ ទៅជាសិស្សទទួលបាននិទ្ទេស A ក្នុងឆ្នាំ២០២៦ យុវជន វ៉ាន សែនវ៉ា មកពីស្រុកមេសាង ខេត្តព្រៃវែង កំពុងទទួលបានការលើកទឹកចិត្តឱ្យបន្តការសិក្សានៅមហាវិទ្យាល័យ បន្ទាប់ពីបានចូលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថា សម្តេចបានទទួលជួបយុវជន វ៉ាន សែនវ៉ា ឪពុកម្តាយ និងបងស្រីទាំង៣នាក់ ដោយបានរៀបចំតម្រង់ទិសឱ្យ វ៉ាន សែនវ៉ា បន្តការសិក្សានៅមហាវិទ្យាល័យ។

ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំឱ្យបងស្រីម្នាក់ទៀតរបស់ វ៉ាន សែនវ៉ា បន្តការសិក្សានៅមហាវិទ្យាល័យផងដែរ។ បងស្រីរបស់យុវជនរូបនេះបានប្រឡងជាប់បាក់ឌុបកាលពីឆ្នាំ២០២៥ ប៉ុន្តែមិនមានលទ្ធភាពបន្តការសិក្សា។

ចំពោះ វ៉ាន សែនវ៉ា វិញ កាលពីឆ្នាំ២០២៥ រូបគេបានប្រឡងបាក់ឌុបមិនជាប់ ដោយទទួលបាននិទ្ទេស F។ នៅពេលនោះ គ្រួសាររបស់គេកំពុងប្រឈមនឹងការលំបាក ជាពិសេសការធ្លាក់ខ្លួនឈឺ និងការទទួលមរណភាពរបស់លោកយាយ ដែលបានមើលថែ និងចិញ្ចឹមរូបគេចាប់តាំងពីកុមារ។

ក្រោយជួបវិបត្តិគ្រួសារ វ៉ាន សែនវ៉ា បានចាកចេញពីស្រុកមេសាង ខេត្តព្រៃវែង មករាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមសិក្សាឡើងវិញដោយខ្លួនឯង និងដាក់គោលដៅប្រឡងឱ្យបាននិទ្ទេស A។

ការខិតខំប្រឹងប្រែងរយៈពេលមួយឆ្នាំបានធ្វើឱ្យគោលដៅរបស់យុវជនរូបនេះក្លាយជាការពិត ដោយនៅឆ្នាំ២០២៦ វ៉ាន សែនវ៉ា ទទួលបាននិទ្ទេស A បន្ទាប់ពីធ្លាក់និទ្ទេស F កាលពីឆ្នាំមុន។

វ៉ាន សែនវ៉ា បានប្រាប់ AMS ថា រូបគេមានសេចក្តីរំភើប និងរីករាយយ៉ាងខ្លាំង ដែលទទួលបានការលើកទឹកចិត្ត និងការជួយជ្រោមជ្រែងពីសម្តេចតេជោ ហ៊ុន សែន។

សម្រាប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ វ៉ាន សែនវ៉ា បានឱ្យដឹងថា រូបគេនឹងសិក្សាជំនាញភាសាអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។

ដំណើរពីនិទ្ទេស F ទៅ A ក្នុងរយៈពេលត្រឹមតែមួយឆ្នាំរបស់ វ៉ាន សែនវ៉ា មិនមែនជារឿងងាយស្រួលឡើយ។ វាជាលទ្ធផលនៃការតស៊ូ ការខិតខំប្រឹងប្រែង និងការមិនបោះបង់ការសិក្សា ទោះបីធ្លាប់ប្រឈមនឹងវិបត្តិគ្រួសារ និងការបាត់បង់មនុស្សជាទីស្រលាញ់ក៏ដោយ។

សម្រាប់ វ៉ាន សែនវ៉ា លទ្ធផល F កាលពីឆ្នាំ២០២៥ មិនមែនជាចំណុចបញ្ចប់នៃការសិក្សា ឬអនាគតរបស់ខ្លួនឡើយ ប៉ុន្តែជាបទពិសោធន៍មួយដែលជំរុញឱ្យរូបគេខិតខំតស៊ូ និងចាប់ផ្តើមជាថ្មី រហូតសម្រេចបាននូវគោលដៅនិទ្ទេស A នៅឆ្នាំ២០២៦៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា