ពីកុមាររើសអេតចាយនៅស្ទឹងមានជ័យ បានអង្គការ CCF សង្គ្រោះ យុវតីម្នាក់ប្រឹងរៀនរហូត​ប្រឡងចប់ថ្នាក់ទី​១២ និងត្រៀមចូលថ្នាក់ឧត្តម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពីកុមាររើសអេតចាយនៅស្ទឹងមានជ័យ បានអង្គការ CCF សង្គ្រោះ យុវតីម្នាក់ប្រឹងរៀនរហូត​ប្រឡងចប់ថ្នាក់ទី​១២ និងត្រៀមចូលថ្នាក់ឧត្តម

ពីកុមាររើសអេតចាយនៅស្ទឹងមានជ័យ បានអង្គការ CCF សង្គ្រោះ យុវតីម្នាក់ប្រឹងរៀនរហូត​ប្រឡងចប់ថ្នាក់ទី​១២ និងត្រៀមចូលថ្នាក់ឧត្តម

កាលពីឆ្នាំ២០១៥ ណារី មានអាយុទើបតែ៨ឆ្នាំ ប៉ុន្តែជំនួសឱ្យការកាន់សៀវភៅដើរចូលថ្នាក់រៀន នាងបែរជាចំណាយពេលពេញមួយថ្ងៃដើររើសអេតចាយដោយជើងទទេរនៅលើគំនរសំរាមក្នុងទីលានចាក់សំរាមស្ទឹងមានជ័យ ដើម្បីជួយគ្រួសាររកប្រាក់ចំណូលទិញអាហារ។

រូបថតមួយសន្លឹកដែលថតនាងកាលពីពេលនោះ បានក្លាយជាសក្ខីភាព នៃជីវិតកុមារភាពដ៏លំបាក ខណៈដែល១១ឆ្នាំក្រោយមក នាងបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ និងកំពុងត្រៀមខ្លួនបន្តការសិក្សានៅសាកលវិទ្យាល័យ។

បច្ចុប្បន្នយុវតី ភឿន ណារី មានអាយុ២០ឆ្នាំ។ ណារី បានរៀបរាប់ប្រាប់ AMS ថា នាងមានគោលដៅសិក្សាជំនាញគ្រប់គ្រងផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ ដើម្បីត្រៀមខ្លួនសម្រាប់អនាគត បន្ទាប់ពីទទួលបានឱកាសសិក្សាដែលធ្លាប់ហាក់ដូចជានៅឆ្ងាយពីជីវិតរបស់នាង។

«ខ្ញុំចាំបានថាពេលគេថតរូបនោះ។ ពេលដែលលោក Scott Neeson បានឃើញខ្ញុំ គាត់ចង់ឱ្យខ្ញុំទៅរៀន។ ឪពុករបស់ខ្ញុំបាននិយាយថា “បាន កូនអាចទៅរៀនបាន”។ បន្ទាប់មក ជីវិតរបស់ខ្ញុំក៏បានផ្លាស់ប្តូរ»

នេះជាការរំឭករបស់ ណារី អំពីចំណុចចាប់ផ្តើមនៃការផ្លាស់ប្តូរជីវិតរបស់នាង

កាលពីកុមារភាព គ្រួសាររបស់ណារី រស់នៅក្នុងជម្រកបណ្តោះអាសន្នមួយដែលធ្វើពីឈើចាស់ៗ និងផ្ទាំងប្លាស្ទិក នៅកណ្តាលទីលានចាក់សំរាមស្ទឹងមានជ័យ។ ឪពុកម្តាយរបស់នាងសុទ្ធតែជាអ្នករើសអេតចាយ ហើយប្រាក់ចំណូលដែលរកបានពីការងារនេះ គ្រាន់តែអាចផ្គត់ផ្គង់អាហារប្រចាំថ្ងៃប៉ុណ្ណោះ។

ក្នុងស្ថានភាពបែបនេះ ការទៅសាលារៀនមិនមែនជាឱកាសដែលកុមារគ្រប់រូបអាចទទួលបាននោះទេ។ សៀវភៅដែលណារីធ្លាប់ស្គាល់ គឺសៀវភៅចាស់ៗដែលគេបោះចោលក្នុងគំនរសំរាម។ សៀវភៅទាំងនោះភាគច្រើនរហែក និងកខ្វក់ ប៉ុន្តែវាបានបង្ហាញពីពិភពនៃការសិក្សាដែលនាងមិនទាន់មានឱកាសចូលទៅដល់។

ឱកាសសិក្សា ដែលផ្លាស់ប្តូរដំណើរជីវិត

ចំណុចរបត់ក្នុងជីវិតរបស់ណារី បានកើតឡើងនៅឆ្នាំ២០១៥ នៅពេលលោក Scott Neeson ស្ថាបនិកអង្គការ Cambodian Children’s Fund (CCF) បានជួបនាង និងជួយឱ្យនាងមានឱកាសចូលរៀន។

ដោយទទួលបានការគាំទ្រពីអង្គការ CCF ណារី បានចាប់ផ្តើមសិក្សា ខណៈគ្រួសាររបស់នាងក៏ទទួលបានជំនួយក្នុងការផ្លាស់ចេញពីទីលានចាក់សំរាមទៅរស់នៅក្នុងបន្ទប់ជួលមួយ។ ការផ្លាស់ប្តូរនេះបានផ្តល់ឱ្យគ្រួសារនូវលក្ខខណ្ឌរស់នៅថ្មី និងឱកាសកាន់តែប្រសើរសម្រាប់កូនៗក្នុងការសិក្សា។

ពីសិស្សសាលា ទៅកាន់សាកលវិទ្យាល័យ

ក្រោយឆ្លងកាត់ការសិក្សាជាច្រើនឆ្នាំ ណារី បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ដោយទទួលបាននិទ្ទេស C។ សមិទ្ធផលនេះបានបើកផ្លូវឱ្យនាងត្រៀមបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ CCF ដែលជាអ្នកបានថតរូប ណារី កាលពី១១ឆ្នាំមុន បានលើកឡើងថា ដំណើរជីវិតរបស់នាងបង្ហាញថា ស្ថានភាពក្នុងវ័យកុមារភាពមិនបានកំណត់ជោគវាសនារបស់មនុស្សម្នាក់ពេញមួយជីវិតនោះទេ។

ដំណើរជីវិតរបស់ ណារី ក៏រំឭកថា កុមារដែលកើតក្នុងគ្រួសារខ្វះខាតមិនគួរត្រូវបានកំណត់ឱកាសដោយសារស្ថានភាពដែលពួកគេមិនអាចជ្រើសរើសបានឡើយ។ ការទទួលបានការអប់រំ ការគាំទ្រពីគ្រួសារ និងសហគមន៍ ព្រមទាំងឱកាសក្នុងការអភិវឌ្ឍសមត្ថភាព អាចជួយបើកផ្លូវឱ្យពួកគេឈានទៅរកអនាគតថ្មី។

សម្រាប់ណារី កាលពី១១ឆ្នាំមុន ពិភពលោករបស់នាងមានព្រំដែននៅត្រឹមទីលានចាក់សំរាមស្ទឹងមានជ័យ។ ប៉ុន្តែថ្ងៃនេះ នាងកំពុងឈានទៅរកដំណាក់កាលថ្មីនៃជីវិត ដោយមានគោលដៅសិក្សានៅសាកលវិទ្យាល័យ ។

សូមជម្រាបថា អង្គការ CCF ដែលបង្កើតឡើងក្នុងឆ្នាំ២០០៤ ដោយលោក Scott Neeson បានបញ្ជាក់ពីការងារគាំទ្រកុមារកម្ពុជា មនុស្សចាស់ និងសហគមន៍ដែលមានជីវភាពខ្វះខាត ដោយបានជួយដល់មនុស្សប្រមាណ ៤៣០០នាក់ មកហើយ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា