ពីសំឡេងយុវជនដើម្បីសន្តិសុខទឹក ឆ្ពោះទៅកិច្ចប្រជុំអង្គការសហប្រជាជាតិ និងការជំរុញសមភាពទឹកស្អាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពីសំឡេងយុវជនដើម្បីសន្តិសុខទឹក ឆ្ពោះទៅកិច្ចប្រជុំអង្គការសហប្រជាជាតិ និងការជំរុញសមភាពទឹកស្អាត

ពីសំឡេងយុវជនដើម្បីសន្តិសុខទឹក ឆ្ពោះទៅកិច្ចប្រជុំអង្គការសហប្រជាជាតិ និងការជំរុញសមភាពទឹកស្អាត

ក្រុមយុវជនអ្នកដឹកនាំកម្ពុជា រួមជាមួយអង្គការ WaterAid Cambodia កាលពីថ្ងៃទី៩ កញ្ញា បានបើកកិច្ចពិភាក្សាតុមូលកម្រិតខ្ពស់មួយ ដើម្បីប្រមូលធាតុចូល និងកំណត់បញ្ហាប្រឈមលើការគ្រប់គ្រងធនធានទឹក សម្រាប់ត្រៀមយកទៅតស៊ូមតិនៅក្នុងសន្និសីទអន្តរជាតិនៃអង្គការសហប្រជាជាតិនាខែវិច្ឆិកាខាងមុខ។

លោក ស៊ូ សុខគង់ នាយកកម្មវិធីនៃអង្គការ WaterAid មានប្រសាសន៍ថា កម្មវិធីនេះ ជាចំណែកមួយក្នុងការលើកកម្ពស់ការវាស់វែងសមត្ថភាពរបស់ប្អូនៗយុវជនដែលបានចូលរួមនៅក្នុងកម្មវិធីអប់រំភាពជាអ្នកដឹកនាំយុវជនក្នុងវិស័យទឹក និងបម្រែសម្រួលអាកាសធាតុ។ វេទិកាពិភាក្សានេះ គឺជាវេទិកាដែលយុវជនបានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការពិភាក្សា ក៏ដូចជាការប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធមកពីស្ថាប័នរដ្ឋ វិស័យឯកជន ក៏ដូចជាតំណាងសហគមន៍ ដែលមកពីថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ។

លោក ស៊ូ សុខគង់ នាយកកម្មវិធីនៃអង្គការ WaterAid

នាយកកម្មវិធីនៃអង្គការ WaterAid បញ្ជាក់ថា វេទិកាពិភាក្សាតុមូលនេះ បង្កើតឡើងក្នុងគោលបំណងកំណត់នូវបញ្ហាប្រឈមទាក់ទងទៅនឹងបញ្ហាគ្រប់គ្រងធនធានទឹក ក៏ដូចជាកំណត់នូវអ្វីដែលជាឱកាស និងផែនការយុទ្ធសាស្រ្តដែលត្រូវធ្វើការបន្តទៅមុខទៀត។ លើសពីនេះ បង្ហាញពីតួនាទីរបស់យុវជនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ក្នុងវិស័យគ្រប់គ្រងធនធានទឹកឱ្យកាន់តែមាននិរន្តរភាព និងពង្រឹងភាពធន់របស់សហគមន៍ ទៅនឹងការប្រែប្រួលអាកាសធាតុ។

យោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាការអង្កេតរបស់អង្គការសហប្រជាជាតិ ឃើញថា​ អត្រាទទួលបានទឹកស្អាតនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប្រហែល ៨០% នៃប្រជាជនទូទាំងប្រទេស ដែលទទួលបានសេវាទឹកកម្រិតមូលដ្ឋាន។ ប៉ុន្តែបើមើលទៅលើសេវាទឹកស្អាតប្រកបដោយសុវត្ថិភាព មានន័យថា ពីប្រភពទឹកប្រើប្រាស់រហូតដល់ទឹកមួយកែវ គឺនៅក្រោម ៦០% នៅឡើយ។

កិច្ចពិភាក្សាតុមូល ស្តីពី​ សំឡេងយុវជនដើម្បីសន្តិសុខទឹក៖ នាំបញ្ហាទឹកមកកាន់តុពិភាក្សា ក្នុងផែនការសម្របខ្លួនថ្នាក់ជាតិ (NAP) និង NDC3.0 របស់កម្ពុជា

លោក ស៊ូ សុខគង់ ឱ្យដឹងថា ខេត្តមួយចំនួនធំដែលកំពុងប្រឈមបញ្ហាបំពុលទឹក គឺខេត្តនៅជុំវិញតំបន់បឹងទន្លេសាប តំបន់បណ្ដែតទឹក ខេត្តនៅតំបន់ទន្លេ ដូចជាខេត្តកណ្ដាលជាដើម ដែលជាតំបន់មានជាតិអាសេនិច ពិបាកយកទឹកក្រោមដីមកប្រើប្រាស់ ជាពិសេសតំបន់ភូមិភាគឦសាន ដែលជាតំបន់ជួរភ្នំ ខេត្តរតនគិរី និងមណ្ឌលគិរី។ ដូច្នេះ លោកស្នើ​ឱ្យ​រាជរដ្ឋាភិបាលផ្តល់​អាទិភាពទៅដល់ខេត្តដែលប្រឈមខ្លាំងទាំងនេះ ដើម្បីធានាថា ប្រជាជនទាំងអស់មិនត្រូវបាននរណាម្នាក់ផាត់ចោល មានន័យថា​ ទាំងគ្រួសារក្រីក្រ ជនមានពិការភាព ជនងាយរងគ្រោះ នឹងទទួលបានទឹកប្រកបដោយសុវត្ថិភាពទាំងអស់គ្នា។

បើតាម នាយកកម្មវិធីនៃអង្គការ WaterAid វេទិកាពិភាក្សាតុមូលនេះ នឹងចងក្រងជាឯកសារមួយសម្រាប់ជួយដល់ប្អូនៗយុវជន ដែលគ្រោងនឹងទៅចូលរួមក្នុងសិក្ខាសាលាថ្នាក់អន្តរជាតិ ក្នុងអង្គការសហប្រជាជាតិនិយាយអំពីទឹក នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ។ លើសពីនេះ រៀបចំចងក្រងឯកសារជូនដល់ភាគីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រើជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍភូមិ ឃុំ របស់ខ្លួន។

កញ្ញា ជី ស្រីពេជ្រ ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញវិស្វកម្មទឹកនិងបរិស្ថាន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងធ្វើការជុំវិញប្រធានបទបម្រែបម្រួលអាកាសធាតុ និងសុខភាព លើកឡើងថា កញ្ញាពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមជាតំណាងឱ្យយុវជនក្នុងកិច្ចពិភាក្សាតុមូលស្ដីពី សំឡេងយុវជនដើម្បីសន្តិសុខទឹក ដែលមានការគាំទ្រពីអង្គការ WaterAid។ ស្រីពេជ្រ បន្តថា អ្វីដែលពិសេស គឺមានការជជែកពិភាក្សារួមគ្នា មកពីក្រសួងពាក់ព័ន្ធ យុវជន ក៏ដូចជាតំណាងពីសហគមន៍ចូលរួមផងដែរ។

កញ្ញា ជី ស្រីពេជ្រ តំណាងយុវជន

ស្រីពេជ្រ យល់ថា តាមរយៈកិច្ចពិភាក្សានេះ បានជំរុញឱ្យមានការលើកទឹកចិត្តដល់យុវជនបន្ថែម ជាពិសេសភាពជាអ្នកដឹកនាំយុវជនក្នុងវិស័យទឹកស្អាត ដើម្បីចូលរួមចំណែកពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយបរិយាបន្ន៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា