សុន ឧសភា ក្មេងស្រីជនជាតិដើមភាគតិចគួយ ប្រឹងជំនះ​ឧបសគ្គបន្ត​ការ​សិក្សា​នៅភ្នំពេញ ដើម្បីលុបបំបាត់ពាក្យ​រើសអើង ក្មេងស្រីមិនគួររៀនខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សុន ឧសភា ក្មេងស្រីជនជាតិដើមភាគតិចគួយ ប្រឹងជំនះ​ឧបសគ្គបន្ត​ការ​សិក្សា​នៅភ្នំពេញ ដើម្បីលុបបំបាត់ពាក្យ​រើសអើង ក្មេងស្រីមិនគួររៀនខ្ពស់

សុន ឧសភា ក្មេងស្រីជនជាតិដើមភាគតិចគួយ ប្រឹងជំនះ​ឧបសគ្គបន្ត​ការ​សិក្សា​នៅភ្នំពេញ ដើម្បីលុបបំបាត់ពាក្យ​រើសអើង ក្មេងស្រីមិនគួររៀនខ្ពស់

កញ្ញា សុន ឧសភា គឺជា​ក្មេ​ងស្រីជនជាតិ​ដើមភាគតិចកួយ ភូមិតាឡែកចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ, បច្ចុប្បន្ន ឧសភា កំពុង​សិក្សា​ឆ្នាំទី២ នៅ​វិទ្យាស្ថាន​ជាតិសង្គម​កិច្ច នៅ​រាជធានីភ្នំពេញ។ ការ​ចាប់ផ្តើម​ជីវិត​សិក្សានៅ​រាជធានីនេះ ក៏ព្រោះតែ ឧសភា ចង់ជំនះ និង​ចង់លុបបំបាត់​ការ​រើស​អើង​ក្នុងសហគមន៍ដែល​ថា ក្មេងស្រីមិន​អាច​ធ្វើបាន ក្មេង​ស្រីមិន​គួរ​រៀន​សូត្រ​ខ្ពស់។

Advertisement

កញ្ញា ឧសភា និយាយថា នៅ​ក្នុង​សហគមន៍​របស់នាង មិន​សូវ​មានអ្នក​បន្ត​ការ​សិក្សា​នៅ​រាជធានីភ្នំពេញ​នោះទេ នោះ​ក៏​ព្រោះតែ​ឪពុកម្តាយខ្លះ ក៏​ដូចជា​ចាស់ៗ​ក្នុងភូមិមួយចំនួន ពួកគាត់​យល់ថា ក្មេង​ស្រី​មិន​អាច​ដើរក្រៅ​ម្នាក់ឯង មិន​គួរ​រៀន​សូត្រ​បានខ្ពស់ ដូច្នេះហើយទើបក្មេងស្រីមួយចំនួននៅ​ក្នុងភូមិរៀនសូត្រ​បានតិចតួច ហើយក៏​​ត្រូវ​មានគ្រួសារ ឬក៏​ត្រូវ​ជួយ​ការងារឪពុកម្តាយ។

សម្រាប់ ឧសភា ផ្ទាល់​មើលឃើញថា ការសិក្សា​ពិតជាមានសារៈសំខាន់ណាស់ ទើបរូបនាងប្រឹងពុះពារឧបស័គ្គឡើងមកបន្តការសិក្សា​នៅរាជធានីភ្នំពេញ ដោយឃ្លាតឆ្ងាយពីឪពុកម្តាយ ដើម្បីចាប់យកអនាគតថ្មី លុបបំបាត់ពាក្យ​ ក្មេងស្រីមិនអាចធ្វើបាន ដោយ​ជំនួសមកវិញនូវការលើកកម្ពស់ក្មេងស្រីឱ្យបានចូលរួមក្នុងសង្គម និងរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ រួមទាំងអាចក្លាយជាអ្នកដឹកនាំបាននៅថ្ងៃអនាគត។

ត្រឡប់ទៅនិយាយពីដំណើរ ដែល​នាំ​ឱ្យ​ ឧសភា បាន​មក​បន្ត​ការ​សិក្សា​នៅ​រាជធានីភ្នំពេញ​, ឧសភា រៀបរាប់​ដោយ​ទឹកមុខ​ស្មើៗថា ដើមឡើយរូបនាងក៏​មានវាសនា​មិន​ខុសពីក្មេងស្រីនៅក្នុងភូមិដែរ ដោយ​មិនមានការអនុញ្ញាតពីក្រុមគ្រួសារដែរ​ នេះក៏ដោយសារតែកត្តាសេដ្ឋកិច្ចគ្រួសារ និងការបារម្ភពេលមកឆ្ងាយពីផ្ទះ ពីគ្រួសារ ពីបងប្អូន ដូច្នេះការចាប់ផ្តើមស្វះស្វែងរកឱកាសបន្តការសិក្សា និងការផ្លាស់ទីអភិវឌ្ឍន៍សមត្ថភាព ដំបូងបំផុត គឺចេញពីខ្លួនឯងទាំងស្រុង ពោលគឺខ្លួនទីពឹងខ្លួន។

ក្រៅតែពីមានមហិច្ឆតា និងគោលបំណងចង់បន្តការសិក្សា ឧសភា ចាប់ផ្តើមរកវិធីសាស្រ្តក្នុងការពន្យល់ទៅកាន់ឪពុកម្តាយ​របស់នាងអំពីសារៈសំខាន់នៃការអប់រំ និងការពង្រឹងចំណេះដឹងទូទៅ។ ឧសភា និយាយថា នាងបានប្តេជ្ញាថា នឹងមកបន្តការសិក្សានៅភ្នំពេញឱ្យទាល់តែបាន ហើយស្របជាមួយគ្នា​នោះ នាងក៏​ទទួលបានព័ត៌មានអំពីការសិក្សា និងទីតាំងស្នាក់អាស្រ័យ រួមទាំងការជួយជ្រោមជ្រែងពីសិស្សច្បងក្នុងស្វែងរកកន្លែងឱ្យនៅ ទើបនាងក៏មានឱកាសស្គាល់ស្ថាប័នជនជាតិដើមភាគតិច ដោយ​ពួកគាត់មិនត្រឹមតែផ្តល់ព័ត៌មាននោះទេ ប៉ុន្តែក៏បានលើកទឹកចិត្តឱ្យ សុភា ឈានជើងមកបន្តការសិក្សានៅទីក្រុងថែមទៀត។

ដំបូងៗឪពុកម្តាយ ឧសភា មិនយល់ព្រមនោះទេ តែនៅពេលនាងព្យាយាមពន្យល់ទើបពួកគាត់យល់ព្រម ហើយ​នាង​ក៏​មាន​ឱកាស​មក​បន្ត​ការសិក្សា​នៅរាជធានីភ្នំពេញ ដោយស្នាក់នៅក្នុងសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជាហៅកាត់ថា ស.យ.ជ.ក ។ នៅទីនេះ បានផ្តល់ជំនួយស្នាក់នៅ ហើយអនុញ្ញាតឱ្យ ឧសភា ទទួលបានបរិយាកាសល្អក្នុងការសិក្សា ព្រមទាំងចូលរួមសកម្មភាពល្អៗ ផ្សេងៗ ជាមួយសមាគមផ្ទាល់ព្រមទាំងដៃគូ ឬស្ថាប័នផ្សេងៗ ដែលជួយ​ ឧសភា អាចរៀនសូត្រ និងបង្កើនសមត្ថភាពចំណេះដឹងខ្លួនឯង។

“ខ្ញុំជឿជាក់ថា ការជំនះឧបសគ្គនានា ចាប់ផ្តើមពីការជឿលើខ្លួនឯងជាមុន ក្មេងស្រីគួរតែបង្ហាញឱ្យសហគមន៍ឃើញពីការខិតខំប្រឹងប្រែង ចំណង់ចំណូលចិត្តក្នុងការសិក្សា និងចិត្តស្មោះត្រង់ក្នុងអនាគតរបស់ខ្លួន”

យ៉ាងណានៅមិនប៉ុន្មានឆ្នាំទៀតទេ កញ្ញា សុន ឧសភា​​​ នឹង​បញ្ចប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសង្គមកិច្ច, ក្រោយពីបញ្ចប់ការសិក្សា ឧសភា មានបំណងចាប់ផ្តើមជីវិតការងារដែលអាចជួយឱ្យខ្លួនឯងមានស្ថិរភាពមួយជាមុនសិន ហើយការងារដែល ឧសភា មានក្ដីស្រមៃ គឺការក្លាយជាគ្រូបង្រៀនម្នាក់នៅឯស្រុកកំណើត ជាទីដែលនាងធ្លាប់ធំធាត់តាំងតែពីតូចមក ដើម្បីជួយជំរុញការអប់រំ​នៅ​ក្នុង​សហគមន៍​របស់នាង។ “បន្ទាប់ពីមានការងារ ខ្ញុំនឹងខិតខំយកចំណេះដឹងនិងបទពិសោធន៍ដែលខ្ញុំទទួលបាន ទៅជួយដល់ក្រុមគ្រួសារ និងសហគមន៍របស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា អនាគត ខ្ញុំនឹងអាចជាអ្នកជួយជំរុញការអប់រំនៅក្នុងសហគមន៍ រួមទាំងលើកកម្ពស់សិទ្ធិក្មេងស្រីជនជាតិដើមឱ្យកាន់តែច្បាស់លាស់”៕

Ms. Thay Thanit | កញ្ញា ថី ថានិត

Ms. Thay Thanit | កញ្ញា ថី ថានិត

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មាន​ក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា