ឯកឧត្តម​ ​ចឹក ​លីម ​៖​ ​យុវជន​ ​គឺជា​កម្លាំង​ចលករ​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម​ ​ចឹក ​លីម ​៖​ ​យុវជន​ ​គឺជា​កម្លាំង​ចលករ​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​

ឯកឧត្តម​ ​ចឹក ​លីម ​៖​ ​យុវជន​ ​គឺជា​កម្លាំង​ចលករ​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​

​អគ្គ​លេខាធិការ​រង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​យុវជន ​(​NYDC​)​ ​និង​ជា​អគ្គ​នាយក​រង​យុវជន​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ឯកឧត្តម​ ​ចឹក ​លីម ​លើកឡើង​ថា​ ​យុវជន ​គឺជា​កម្លាំង​ចលករ​សម្រាប់​អនាគត​ ​ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ ​«​បង្អួច​ឱកាស​មាស​» នៃ​ផលលាភ​ប្រជាសាស្ត្រ​។

​ក្នុង​ពិធី​អបអរសាទរ​ទិវា​យុវជន​អន្តរជាតិ​ ​និង​ខួប​លើក​ទី​២០ ​នៃ​ការ​បង្កើត​ក្រុមប្រឹក្សា​យោបល់​យុវជន​អង្គការ​សហ​ប្រជា​ជាតិ​ ​(​UN​YAP)​ ​កាលពី​ចុង​សប្ដាហ៍​នេះ​ ​ឯកឧត្តម​ ​ចឹក ​លីម ​សង្កត់​ធ្ងន់​ថា​ ​ដើម្បី​ទាញ​យក​សក្តានុពល​នេះ​ ​យើង​ត្រូវតែ​បន្ត​ស្តាប់​សំឡេង​របស់​ពួក​គេ​ ​យល់​ពី​បញ្ហា​ប្រឈម​ដែល​ពួកគេ​ប្រឈមមុខ​ ​និង​បង្កើត​ឱកាស​បន្ថែម​ទៀត​សម្រាប់​ការ​អប់រំ​ ការ​អភិវឌ្ឍ​ជំនាញ ការងារ​សមរម្យ​ ​និង​ការ​ចូលរួម​ដ៏​មាន​អត្ថន័យ​។ ​ឯកឧត្តម​បន្ត​ថា​ ​នៅពេល​ដែល​យុវជន​ទទួល​បាន​ភាព​អង់អាច​ ភាព​ជា​អ្នក​ដឹកនាំ​ ​នោះ​ពួក​គេ​អាច​ចូលរួម​ចំណែក​កាន់តែ​រឹងមាំ​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ ​និង​ប្រទេសជាតិ​។

ឯកឧត្តម ចឹកលីម អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន (NYDC) និងជាអគ្គនាយករងយុវជននៃក្រសួងអប់រំ យុវជន និងកីឡា

​ឯកឧត្តម​អគ្គ​លេខាធិការ​រង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​យុវជន ​(​NYDC​)​ ​ក៏​បាន​ផ្ដល់​អនុសាសន៍​ ​និង​ជំរុញ​ដល់​យុវជន​កម្ពុជា​ឱ្យ​បន្ត​អភិវឌ្ឍ​ចំណេះដឹង​ ​ជំនាញ​ឌីជីថល ជំនាញ​ទំនាក់ទំនង​ ការ​គិត​វិភាគ ​ភាព​ជា​អ្នក​ដឹកនាំ​ ​និង​ស្មារតី​ស្រលាញ់​ជាតិ​ ​ដើម្បី​រួមចំណែក​កសាង​គ្រួសារ​ ​សហគមន៍​ ​និង​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​។ ​ឯកឧត្តម​បន្ត​ថា​ ​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​ក្នុង​សង្គមជាតិ​ ​អាច​ចាប់ផ្តើម​ពី​គំនិត​តូច​មួយ​ ​សកម្មភាព​ស្ម័គ្រចិត្ត​មួយ​ ​ឬ​ការ​ចូលរួម​របស់​យុវជន​ម្នាក់​នៅក្នុង​សហគមន៍​។

​លោក​ ​ម៉ៃ ​ទុំ ​ប្រធាន​ស្តីទី ​នៃ​ក្រុមប្រឹក្សា​យោបល់​យុវជន​អង្គការ​សហ​ប្រជា​ជាតិ​ ​(​UN​YAP​)​ ​លើកឡើង​ដែរ​ថា​ ​យុវជន​មិន​មែន​គ្រាន់តែ​ជា​ ​អ្នក​ទទួល​ផល​ពី​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ជា​អ្នក​ដឹកនាំ ​និង​ជា​កម្លាំង​ចលករ​ផ្ទាល់​នៃ​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​សង្គម​។ ​”​តាមរយៈ​វីដេអូ​ឯកសារ​ ​និង​កិច្ច​ពិភាក្សា​យ៉ាង​ផុស​ផុល​ ​យើង​បាន​ស្តាប់​ឮ​សំឡេង​ពិត ​និង​ការ​តស៊ូ​របស់​យុវជន ​ជាពិសេស​យុវជន​ជនជាតិ​ដើម​ភាគ​តិច​។ ប្អូន​ៗ​បាន​ស្ដែង​ឱ្យ​ឃើញ​ពី​ភាព​អត់ធ្មត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​រួមទាំង​ ​ការ​បោះបង់​ការ​សិក្សា​ ការ​រៀបការ​វ័យ​ក្មេង ​និង​ឧបសគ្គ​ផ្នែក​សុខភាព​។ ភាព​ក្លាហាន​របស់​ប្អូន​ៗ​ក្នុង​ការ​ចែក​រំលែក ​គឺ​ជា​សក្ខី​ភាព​បញ្ជាក់​ថា​ ​គ្មាន​ដំណោះស្រាយ​ណា​ដែល​មាន​ប្រសិទ្ធភាព​ដោយ​គ្មាន​ការ​ចូលរួម​ពី​យុវជន​នោះ​ឡើយ​!​”​។​

​បច្ចុប្បន្ន​ ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ ​«​បង្អួច​ឱកាស​មាស​» នៃ​ផល​លាភ​ប្រជាសាស្ត្រ​ ​ជា​មួយ​ចំនួន​ប្រជាជន​ ១៧​.​៣​លាន​នាក់​ ​ដែល​ក្នុង​នោះ​ ៣៤​.​៦ ​ភាគរយ​ជា​យុវជន​ ​ប៉ុន្តែ​ ផល​លាភ​នេះ​មិន​កើតឡើង​ដោយ​ឯកឯង​នោះ​ទេ​ វា​ទាមទារ​ឱ្យ​យើង​ទាំងអស់​គ្នា​ ​ទាំង​រាជ​រដ្ឋាភិបាល​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​វិស័យ​ឯកជន​រួមគ្នា​ក្នុង​ការ​អប់រំ​ ​និង​ជំនាញ​អនាគត ​ដែល​ឆ្លើយតប​ទីផ្សារ​,​ ​សុខភាព​បន្ត​ពូជ​ ​សុខភាព​ផ្លូវភេទ និង​សុខភាព​ផ្លូវចិត្ត​,​ ​ការងារ​សមរម្យ​ ​សមភាព​យេនឌ័រ ​និង​បរិយាកាស​សង្គម​ដែល​មាន​សុវត្ថិភាព​ ​និង​គាំទ្រ​យុវជន​។ ​ក្នុង​ន័យ​នេះ​ ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​តួនាទី​សំខាន់​ណាស់​ ​ក្នុង​ការ​គាំទ្រ​ ​និង​វិនិយោគ​ទៅលើ​យុវជន​។

បើ​តាម ​លោក​ ម៉ៃ ​ទុំ ​ក្នុង​រយៈពេល​ ២០​ឆ្នាំ​កន្លងមក​នេះ​ ​អង្គការ​សហ​ប្រជា​ជាតិ​ ​ក៏​ដូចជា​ មូលនិធិ​សហ​ប្រជា​ជាតិ​សម្រាប់​ប្រជាជន​ ​UNFPA ​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ ​ដែល​បាន​នៅ​កៀក​ស្មា​ជាមួយ​ ​ក្រុមប្រឹក្សា​យោបល់​យុវជន​អង្គការ​សហ​ប្រជា​ជាតិ​ U​N​YAP ​ក្នុង​ការ​ជ្រោមជ្រែង​ទាំង​បច្ចេកទេស​ ​និង​ថវិកា ​ដើម្បី​ប្រែក្លាយ​សំឡេង​របស់​យុវជន​។ ​ក្នុងនាម ​UNF​PA ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា​ ​នឹង​បន្ត​ឈរ​នៅ​ពីក្រោយ​ ​និង​គាំទ្រ​ ​យុវ​នារី ​យុវជន​ជនជាតិ​ដើម​ភាគ​តិច ជន​មាន​ពិការភាព​ ​និង​ក្រុម​ងាយ​រងគ្រោះ ​ឱ្យ​មាន​សិទ្ធិ​អំណាច​ពេញលេញ​ក្នុង​ការ​កំណត់​អនាគត​ដោយ​ខ្លួនឯង​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា