ឯកឧត្តម ជា សំណាង ជំរុញឱ្យបង្កើនការគិតគូរលើអាហារូបត្ថម្ភ តាមរយៈការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ជា សំណាង ជំរុញឱ្យបង្កើនការគិតគូរលើអាហារូបត្ថម្ភ តាមរយៈការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យ

ឯកឧត្តម ជា សំណាង ជំរុញឱ្យបង្កើនការគិតគូរលើអាហារូបត្ថម្ភ តាមរយៈការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យ

ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) បានជំរុញឱ្យ​មាន​កិច្ចសហការពហុវិស័យលើកិច្ចអន្តរាគមន៍លើការលើក​កម្ពស់​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ដើម្បីកាត់បន្ថយអត្រាកុមារក្រិសក្រិន និងស្គមស្គាំងនៅកម្ពុជា។

Advertisement

ក្នុងសិក្ខាសាលាជាតិលើកទី៣ ស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង មានប្រសាសន៍ថា កុមារដែលទទួលបានអាហារគ្រប់គ្រាន់មានគុណភាពល្អ និងមានប្រព័ន្ធភាពស៊ាំរឹងមាំ ពួកគេនឹងមានសមត្ថភាពក្នុងការរៀនសូត្រ អាចអភិវឌ្ឍខ្លួនបានពេញលេញ។ ផ្ទុយទៅវិញ ការខ្វះអាហារូបត្ថម្ភ អាចបណ្ដាលឱ្យពួកគេ មានការលូតលាស់យឺត ទម្ងន់ខ្លួនស្រាលខុសពីប្រក្រតី ប៉ះពាល់ដល់ការអភិវឌ្ឍបញ្ញា ដែលជាផលជះរយៈពេលវែងដល់សង្គមជាតិទាំងមូល។

ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង បន្ថែមថា អត្រាប្រេវ៉ាឡង់កង្វះអាហារូបត្ថម្ភរបស់កុមារក្រោមអាយុ ៥ឆ្នាំនៅកម្ពុជា នៅតែជាក្ដីបារម្ភនៃសុខភាពសាធារណៈរបស់រាជរដ្ឋាភិបាល។ ដូច្នេះ សកម្មភាពនៃការអន្តរាគមន៍នានា ដូចជា ការផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់បង្គន់អនាម័យ ការសាងដៃនឹងសាប៊ូ ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខក្នុងរយៈពេល៦ខែ ការបំប៉នអាហារចម្រុះមុខដល់កុមារ ការអប់រំសុខភាពក្នុងឱកាសមួយពាន់ថ្ងៃដំបូងនៃការបង្កកំណើររហូតដល់កុមារអាយុ ២ឆ្នាំ ការផ្លាស់ប្ដូរឥរិយាបទអ្នកថែទាំកុមារ ដូចជាឪពុកម្ដាយ ជីដូនជីតា គឺជាមូលដ្ឋានគ្រឹះមានឥទ្ធពលយ៉ាងខ្លាំងដល់សុខភាព ការលូតលាស់រាងកាយ និងអភិវឌ្ឍសតិស្មារតីរបស់កុមារ។

«ការលាងដៃជាមួយសាប៊ូ ការហូបទឹកស្អាត ការប្រើប្រាស់បង្គន់ មានសុវត្ថិភាព ការរៀបចំអាហារបានត្រឹមត្រូវ ស្ដាប់ទៅសាមញ្ញប៉ុន្តែមានអត្ថប្រយោជន៍ធំធេញដល់សុខភាពរបស់យើង»

អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បញ្ជាក់ថា ការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរដល់អាហារូបត្ថម្ភនេះ គឺទាមទារការចូលរួមសកម្មពីស្ថាប័នពាក់ព័ន្ធនានា គ្រួសារ សហគមន៍ អជ្ញាធរដែនដី និងដៃគូអភិវឌ្ឍទាំងអស់។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី អង្គការភ្លែនអន្តរជាតិកម្ពុជា

ជាមួយគ្នានេះ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី អង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា អង្គការភ្លែន បានចូលរួមអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរដល់អាហារូបត្ថម្ភ ក្នុងខេត្តចំនួន ៣គឺសៀមរាប រតនគិរី ស្ទឹងត្រែង។ តាមរយៈការអនុវត្តកម្មវិធីនេះ លោក យី គឹមថាន សង្កេតឃើញថា កុមារដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាលកម្រិតមធ្យម ក៏ដូចជាធ្ងន់ធ្ងរ បានថយចុះ ដោយសារការផ្លាស់ប្ដូរនូវឥរិយាបទមកប្រើប្រាស់បង្គន់អនាម័យ លាងដៃជាមួយសាប៊ូក្រោយចេញពីបង្គន់ និងមុនហូបចំណីអាហារ ហើយឪពុកម្ដាយភាគច្រើនយល់ដឹងពីវិធីចិញ្ចឹមបីបាច់ថែរក្សាកូន។

តាមការសិក្សាស្រាវជ្រាវមួយ ស្តីពី ភាពទំនាក់ទំនងគ្នារវាងខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងការធ្វើឱ្យប្រសើរទ្បើងស្ថានភាពអាហារូបត្ថម្ភកុមារអាយុពី១២ខែ ដល់ ៥៩ខែ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីខែកក្កដា ឆ្នាំ២០២៥ បានរកឃើញថា ការបរិភោគទឹកមានសុវត្ថិភាព ការប្រើប្រាស់បង្គន់អនាម័យ និងការលាងដៃជាមួយនឹងសាប៊ូក្រោយពីបន្ទោបង់ និងពេលវេលាសំខាន់ៗផ្សេងទៀត រួមចំណែកធ្វើឱ្យស្ថានភាពអាហារូបត្ថម្ភកុមារ (ក្រិសក្រិន និងស្គមស្គាំង) មានភាពល្អប្រសើរ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា