មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ​អំពាវនាវ​ឱ្យ​រួមគ្នា​លុបបំបាត់​ «​មាតិកា​ពុល​» ​ដើម្បី​ការពារ​កិត្តិយស ​និង​សក្តានុពល​នៃ​វិស័យ​អប់រំ​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ​អំពាវនាវ​ឱ្យ​រួមគ្នា​លុបបំបាត់​ «​មាតិកា​ពុល​» ​ដើម្បី​ការពារ​កិត្តិយស ​និង​សក្តានុពល​នៃ​វិស័យ​អប់រំ​កម្ពុជា​

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ​អំពាវនាវ​ឱ្យ​រួមគ្នា​លុបបំបាត់​ «​មាតិកា​ពុល​» ​ដើម្បី​ការពារ​កិត្តិយស ​និង​សក្តានុពល​នៃ​វិស័យ​អប់រំ​កម្ពុជា​

​អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ឯក​ឧត្ដម​បណ្ឌិត​ ​សាន ​វឌ្ឍនា ​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​លំហូរ​នៃ​ «​មាតិកា​ពុល​» ​និង​ការ​រិះគន់​ក្នុង​ន័យ​ជាន់​ពន្លិច​នៅលើ​បណ្តាញ​សង្គម​ ​ដែល​កំពុង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ធរ​ដល់​កិត្តិយស​ កិត្យានុភាព​ និង​កិច្ច​ខិតខំប្រឹងប្រែង​កែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​តាមរយៈ​ការ​ថ្លែង​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ឯក​ឧត្ដម​បណ្ឌិត​ ​បាន​គូសបញ្ជាក់​ថា​ ​នៅក្នុង​យុគសម័យ​ឌីជីថល ​ការ​បញ្ចេញមតិ​ដែល​ពោរពេញ​ដោយ​កំហឹង​ ការ​ទម្លាក់​កំហុស​ និង​ការ​ប្រៀបធៀប​ដោយ​គ្មាន​មូលដ្ឋាន​ ​មិន​ត្រឹមតែ​បំបាក់ទឹកចិត្ត​លោក​គ្រូ​អ្នក​គ្រូ​ដែល​កំពុង​លះបង់​កម្លាំង​កាយ​ចិត្ត​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​សិស្សានុសិស្ស​បាត់បង់​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​អប់រំ​ជាតិ​ទៀតផង​។

​ដើម្បី​ស្ដារ ​និង​រក្សា​បរិយាកាស​អប់រំ​ឱ្យ​មាន​ភាព​វិជ្ជមាន​ ​ឯក​ឧត្ដម​បណ្ឌិត​ ​សាន ​វឌ្ឍនា ​បាន​បង្ហាញ​នូវ​ចំណុច​ប្រឈម​ និង​ទស្សនៈ​អវិជ្ជមាន​ចំនួន​ ​៧​ ​សំខាន់​ៗ​ ​ដែល​សាធារណជន ​និង​អ្នក​ប្រៀបធៀប​លើ​បណ្តាញ​សង្គម​គួរ​ផ្លាស់ប្តូរ​ផ្នត់គំនិត​៖​

​ទី​១.​ ការ​យក​ចំណាត់ថ្នាក់​អន្តរជាតិ​ ​(​PISA​) ​មក​ធ្វើជា​អាវុធ​វាយប្រហារ ​ជំនួស​ឱ្យ​ការ​អបអរសាទរ​៖ ​ឯកឧត្តម ​សាន ​វឌ្ឍនា ​លើកឡើង​ថា​ ​ការ​យក​លទ្ធផល​អប់រំ​របស់​កម្ពុជា​ ​ទៅ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង​ដែល​សម្បូរ​ធនធាន ​ដើម្បី​បន្ទោស​បង្អាប់​ប្រព័ន្ធ​អប់រំ​ខ្លួនឯង​ ​គឺជា​រឿង​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​អ្នក​អនុវត្ត​ផ្ទាល់​យ៉ាង​ខ្លាំង​។ ​យើង​ត្រូវ​ចងចាំ​ពី​ប្រវត្តិសាស្ត្រ​ ​និង​បរិបទ​របស់​យើង​ ​ដែល​ត្រូវ​កសាង​វិស័យ​អប់រំ​ពី​បាត​ដៃ​ទទេ​។ ​ជំនួស​ឱ្យ​ការ​ប្រើប្រាស់​តួលេខ​ដើម្បី​បំបាក់ទឹកចិត្ត​ ​យើង​គួរតែ​ស្ងើចសរសើរ​ចំពោះ​វឌ្ឍនភាព​ ​ដែល​យើង​សម្រេចបាន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ​ហើយ​ប្រើប្រាស់​លទ្ធផល​ទាំងនេះ​ជា​ត្រីវិស័យ​ស្វែងរក​ចំណុច​កែលម្អ​តាម​បែប​ស្ថាបនា​។​

ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា

​ទី​២. ​ការ​ជាន់​ឈ្លី​កិត្តិយស​គ្រូបង្រៀន​នៅលើ​បណ្តាញ​សង្គម​ ​៖ ​ឯកឧត្តម​មានប្រសាសន៍​ថា​ ​ការ​កាត់​តវីដេអូ​ខ្លី​ៗ​ ​ឬ​ទាញយក​តែ​មួយ​ជ្រុង​នៃ​បញ្ហា​មក​បង្ហោះ​លើ​បណ្តាញ​សង្គម ​ដើម្បី​ធ្វើឱ្យ​លោក​គ្រូ​អ្នក​គ្រូ​អាម៉ាស់​ជា​សាធារណៈ​ ​គឺជា​ទង្វើ​ដ៏​គ្រោះថ្នាក់​។ ​គ្រូបង្រៀន​ ​គឺជា​វិស្វករ​ព្រលឹង​ ​និង​ជា​បេះដូង​នៃ​សង្គមជាតិ​។ ​ការ​វាយប្រហារ​តាម​បណ្តាញ​សង្គម​ មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ​ ​តែ​វា​ជា​ការ​សម្លាប់​ទឹកចិត្ត​អ្នក​ដែល​កំពុង​លះបង់​។ ​យើង​គួរតែ​ប្តូរ​ពី​វប្បធម៌​ “​ចាប់​កំហុស​” ​ទៅជា​វប្បធម៌​ “​ផ្តល់​មតិ​ស្ថាបនា​” ​និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង​ (​ដូចជា​កង្វះខាត​សម្ភារៈ ​ឬ​បន្ទប់​រៀន​ចង្អៀត​) ​ទើប​ជា​ការ​ជួយជ្រោមជ្រែង​ពិតប្រាកដ​។

​ទី​៣.​ ​សម្ពាធ​ផ្លូវចិត្ត​ ​និង​ការ​វាស់វែង​អនាគត​យុវជន​ត្រឹម​ ​”​និទ្ទេស​បាក់ឌុប​” ​៖ ​ការ​លើកតម្កើង​ជ្រុល​ហួសហេតុ​ទៅលើ​និទ្ទេស​ល្អ ​បាន​បង្កើត​ជា​ខ្លឹមសារ​បំពុល​ ​ដែល​ធ្វើឱ្យ​សិស្សានុសិស្ស​បាត់បង់​ភាព​ជឿជាក់​ និង​រង​សម្ពាធ​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​។ ​និទ្ទេស​បាក់ឌុប ​ជា​រឿង​សំខាន់​ ​តែ​វា​មិន​មែន​ជា​សេចក្តី​សម្រេច​ចុងក្រោយ​នៃ​ជីវិត​នោះ​ទេ​។​ តម្លៃ​ ​និង​អនាគត​របស់​យុវជន​ម្នាក់​ ​មិន​អាច​វាស់វែង​ត្រឹម​ក្រដាស​ប្រឡង​មួយ​សន្លឹក​ឡើយ​។ ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​(​TVET​) ​សហគ្រិន​ភាព​ ​និង​ជំនាញ​ទន់ ​(​Soft​ ​Skills​) ​សុទ្ធសឹងតែ​ជា​សសរ​ទ្រូង​ដ៏​រឹងមាំ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ដូចគ្នា​ ​ដែល​យើង​ត្រូវតែ​លើកទឹកចិត្ត​និង​អបអរ​គ្រប់​ទម្រង់​នៃ​ភាព​ជោគជ័យ​។

​ទី​៤.​ ​ការ​ទម្លាក់​កំហុស​ទាំងស្រុង​លើ​សាលារៀន​ ​ចំពោះ​ការ​វិវត្ត​នៃ​តម្លៃ​សង្គម​ ​៖ ​ជា​រឿយ​ៗ​ ​សាលារៀន​បាន​ក្លាយជា​ផ្ទាំង​ស៊ីប​នៃ​ការ​ទម្លាក់​កំហុស ​ពេល​ដែល​យុវជន​មាន​ការ​ប្រែប្រួល​អាកប្បកិរិយា ​ឬ​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​បរទេស​។ ​សាលារៀន​មិន​មែន​ជា​កោះ​ឯក​កោ ​ដែល​អាច​ទប់ទល់​នឹង​រលក​នៃ​សកល​ភាវូបនីយ​កម្ម​តែ​ឯង​នោះ​ទេ​។ ​ការ​អប់រំ​គឺជា​ “​ការ​ទទួលខុសត្រូវ​រួម​”​។ ​ដើម្បីឱ្យ​យុវជន​ម្នាក់​រីកលូតលាស់​ប្រកបដោយ​សីលធម៌​ ​និង​សមត្ថភាព​ វា​ទាមទារ​ឱ្យ​មាន​ការ​ចាប់​ដៃ​គ្នា​យ៉ាង​ស្អិត​រមួត​ រវាង​សាលារៀន​ ​ក្រុមគ្រួសារ​ សហគមន៍​ និង​អ្នក​បញ្ចេញមតិ​នៅលើ​បណ្តាញ​សង្គម​។ ​វិស័យ​អប់រំ​ដ៏​រឹងមាំ​មួយ​ ​កើត​ចេញពី​ការ​រួបរួម​គ្នា​ ​មិន​មែន​ការ​បំបែកបំបាក់​នោះ​ឡើយ​។​

​ទី​៥.​ ​ការ​មើល​រំលង​តម្លៃ​នៃ​ “​ជម្រើស​ និង​សមធម៌​” ​តាមរយៈ​ការ​វាយប្រហារ​សាលា​ឯកជន​ ​៖ ​ជា​រឿយ​ៗ​ ​យើង​តែង​ឃើញ​មាន​ការ​រិះគន់​ប្រៀបធៀប​ថា​ ​ការ​រីក​ដុះដាល​នៃ​សាលា​ឯកជន​និង​អន្តរជាតិ​ ​គឺជា​អាជីវកម្ម​ដែល​បង្កើត​ឱ្យ​មាន​គម្លាត​សង្គម​ រវាង​អ្នក​មាន​និង​អ្នក​ក្រ​។ ​ជំនួស​ឱ្យ​ការ​ចោទប្រកាន់​ ​យើង​គួរ​គិត​ក្នុង​ផ្លូវ​វិជ្ជមាន​ថា​ ​នេះ​គឺជា​ការ​ផ្តល់​ “​ជម្រើស​” ​ដ៏​សម្បូរបែប​សម្រាប់​មាតាបិតា​ ​និង​ជា​ការ​ជួយ​រំលែក​បន្ទុក​ដ៏​ធំ​ពី​សាលា​រដ្ឋ​។ ​ប្រព័ន្ធ​អប់រំ​មួយ​ដែល​រឹងមាំ​ ត្រូវការ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ដើម្បី​ជំរុញ​គុណភាព​អប់រំ​រួម​ និង​ឈាន​ទៅរក​ការ​បង្កើត​បរិយាកាស​សិក្សា​មួយ​ដែល​ល្អ​ប្រសើរ​សម្រាប់​កុមារ​កម្ពុជា​គ្រប់​ៗ​រូប​។​

​ទី​៦. ​ការ​បន្ទាប​តម្លៃ​ “​សង្គមវិទ្យា​” ​ក្នុង​ខណៈពេល​ដែល​យើង​សម្រុក​ទៅ​រក​ការ​អប់រំ​ផ្នែក​ ​STEM​ ​៖ ​នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅរក​សេដ្ឋកិច្ច​ឌីជីថល ​៤.០​ ​វោហាសព្ទ​ប្រៀបធៀប​និង​ជាន់​ពន្លិច​និស្សិត​ផ្នែក​សង្គមវិទ្យា ​សិល្បៈ​ និង​មនុស្សសាស្ត្រ​ ​ថា​ជា​របស់​ហួស​សម័យ​ ​បាន​លេចឡើង​យ៉ាង​ផុសផុល​។ ​ការ​ជំរុញ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា ​គឺជា​រឿង​ចាំបាច់​បំផុត​ ​ប៉ុន្តែ​យើង​មិន​ត្រូវ​បំបាក់ទឹកចិត្ត​អ្នក​សិក្សា​វិទ្យាសាស្រ្ត​សង្គម​ឡើយ​។ ​កម្ពុជា​កំពុង​អភិវឌ្ឍ ​យើង​មិន​ត្រឹមតែ​ត្រូវការ​ “​វិស្វករ​” ​ដើម្បី​សាងសង់​ស្ពាន​ ​និង​ផ្លូវថ្នល់​ប៉ុណ្ណោះ​ទេ ​តែ​យើង​ក៏​ត្រូវការ​ “​អ្នក​សង្គមវិទ្យា ​អ្នកតាក់តែង​គោលនយោបាយ​ ​និង​អ្នក​អប់រំ​” ​ដើម្បី​កសាង​ស្ពាន​នៃ​សន្តិភាព​ ការ​យល់​ចិត្ត​ ​និង​ថែរក្សា​អត្តសញ្ញាណ​ជាតិ​ផងដែរ​។​

​ទី​៧. ​ការ​ជេរប្រមាថ​សិស្ស​ដែល​មាន​កំហុស ​ដោយ​ភ្លេច​ថា​ “​ការ​ជេរប្រមាថ​នោះ​ឯង​ ​គឺជា​ឫសគល់​នៃ​អសីលធម៌​” ​៖ ​ជា​រឿយ​ៗ​ ​នៅពេល​ឃើញ​សិស្សានុសិស្ស​មាន​កំហុសឆ្គង​ផ្នែក​សីលធម៌​ ​ឬ​អាកប្បកិរិយា​ ​មហាជន​លើ​បណ្តាញ​សង្គម​មួយ​ចំនួន​តែងតែ​សម្រុក​ចូលទៅ​បញ្ចេញមតិ​ជេរ​ប្រមាថ​ ​ប្រើ​ពាក្យ​អសុរោះ​ ​និង​ជាន់​ពន្លិច​យ៉ាង​ចាស់​ដៃ​។ ​អ្នក​បញ្ចេញមតិ​ទាំងនោះ​តែងតាំង​ខ្លួន​ជា​អ្នក​ការពារ​សីលធម៌​ ​ដោយ​ភ្លេច​គិត​ថា​ ​ពាក្យសម្តី​អសីលធម៌​ ​ការ​ប្រមាថ​ ​និង​ការ​គុំកួន​ដែល​ពួកគេ​កំពុង​សរសេរ​នោះ​ហើយ​ ​គឺជា​គំរូ​អាក្រក់​ ​និង​ជា​ប្រភព​ដ៏​ធំ​មួយ​ដែល​កំពុង​បំពុល​សីលធម៌​សង្គម​ផ្ទាល់​តែម្តង​។ ​យើង​មិន​អាច​យក​ “​ទឹក​ស្មោក​គ្រោក​” ​ទៅ​លាង​សម្អាត​ក្អែល​បាន​ឡើយ​។ ​យុវជន​ដែល​ធ្វើ​ខុស​ ត្រូវការ​ “​ការ​អប់រំ ​និង​ឱកាស​កែប្រែ​” ​មិន​មែន​ “​ការ​កាត់ក្តី​សម្លាប់​កិត្តិយស​” ​នោះ​ទេ​។​ ក្នុង​នាម​ជា​មនុស្ស​ពេញ​វ័យ​ ​យើង​គួរតែ​បង្ហាញ​ភាព​ជា​គំរូ​តាមរយៈ​ការ​ណែនាំ​ប្រកបដោយ​ធម៌​មេត្តា​ ​ប្រើប្រាស់​ភាសា​ស្ថាបនា​ ​និង​ជួយ​ទាញ​ពួកគេ​ឱ្យ​ដើរ​មក​ផ្លូវ​ត្រូវ​វិញ​ ​ទើប​ហៅ​ថា​ ​ការ​ចូលរួម​លើកស្ទួយ​សីលធម៌​សង្គម​ពិតប្រាកដ​។​

​ជា​ទីបញ្ចប់​ ​ឯក​ឧត្ដម​បណ្ឌិត​ ​សាន ​វឌ្ឍនា ​បាន​ស្នើ​ដល់​សាធារណជន​ទាំងអស់​ ​ជៀសវាង​ការ​យក​វិស័យ​អប់រំ​ធ្វើជា​វេទិកា​រិះគន់​បង្កើត​ទស្សនៈ​អវិជ្ជមាន​។ ​ឯក​ឧត្ដម​បាន​គូសបញ្ជាក់​ថា​ ​ការ​រិះគន់​ដើម្បី​ស្ថាបនា​គឺជា​កម្លាំង​រុញ​ច្រាន​ឱ្យ​មាន​ការ​រីកចម្រើន​ ​ប៉ុន្តែ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ផលិត​មាតិកា​ពុល ​វាយប្រហារ ​ជាន់​ពន្លិច​ និង​ទម្លាក់​កំហុស ​គឺជា​ការ​បំផ្លាញ​ទៅ​វិញ​ទេ​។ ​ដូច្នេះ​ ​ដល់​ពេល​ដែល​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​រួមគ្នា​ផ្លាស់ប្តូរ​វប្បធម៌​នៃ​ការ​បញ្ចេញមតិ ​ដោយ​ចាប់ផ្តើម​ពី​ខ្លួន​យើង​ម្នាក់​ៗ​ តាមរយៈ​ការ​ផ្តល់​កម្លាំងចិត្ត​ ​និង​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​កសាង​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​ចំណេះដឹង​ សីលធម៌​ ​និង​ក្តី​សង្ឃឹម​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា