ឯកឧត្តម​បណ្ឌិត​ ហោ ​ប៉េង ​បង្ហាញ​ពី​ចំណុច​សំខាន់​ៗ​ចំនួន​ ៥ ​ដែល​សម្គាល់​បុគ្គល​ស្នេហា​ជាតិ​ពិតប្រាកដ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម​បណ្ឌិត​ ហោ ​ប៉េង ​បង្ហាញ​ពី​ចំណុច​សំខាន់​ៗ​ចំនួន​ ៥ ​ដែល​សម្គាល់​បុគ្គល​ស្នេហា​ជាតិ​ពិតប្រាកដ​

ឯកឧត្តម​បណ្ឌិត​ ហោ ​ប៉េង ​បង្ហាញ​ពី​ចំណុច​សំខាន់​ៗ​ចំនួន​ ៥ ​ដែល​សម្គាល់​បុគ្គល​ស្នេហា​ជាតិ​ពិតប្រាកដ​

​នៅក្នុង​បាឋក​ថា​សាធារណៈ​ជា​ស៊េរី ​«​ឧត្តមគតិ​» ​លើក​ទី​២ ​ក្រោម​ប្រធានបទ «​ការ​អប់រំ​ ​ដើម្បី​ពង្រឹង​សតិជាតិ​របស់​មនុស្ស​ខ្មែរ​» ​ ​ឯកឧត្តម​សាស្រ្តាចារ្យ​បណ្ឌិត​ ​ហោ ​ប៉េង ​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​(​NUM​)​ ​បាន​គូស​បញ្ជាក់​ពី​លក្ខណៈ​សម្គាល់​សំខាន់​ៗ​ចំនួន​ ៥ ​យ៉ាង ​ក្នុង​ការ​កំណត់​ថា​ ​បុគ្គល​ ​ឬ​ពលរដ្ឋ​ម្នាក់​មាន​ទឹកចិត្ត​ស្រលាញ់​ជាតិ​ពិតប្រាកដ​។​

​បើ​តាម ​ឯកឧត្តម​សាស្រ្តាចារ្យ​បណ្ឌិត​ ​ហោ ​ប៉េង ​ចំពោះ​ ​បុគ្គល​ ​ឬ​ពលរដ្ឋ​ ​ដែល​មាន​លក្ខណៈ​សម្គាល់​ថា​ ​ស្នេហា​ជាតិ រួម​មាន​៖

​១​.​ ​ស្រឡាញ់​ ​និង​អភិវឌ្ឍ​ខ្លួនឯង​ ​៖​ ​បុគ្គល​ត្រូវកសាង​សមត្ថភាព​ ​ចំណេះដឹង​ ​និង​ជំនាញ​ឱ្យ​រឹងមាំ ​ដើម្បី​ប្រែក្លាយ​ខ្លួន​ជា​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ​របស់​ជាតិ​ ​និង​ចៀសវាង​ការ​ក្លាយជា​បន្ទុក​សង្គម​។

​២​.​ ​ស្រឡាញ់​ទឹកដី ​៖​ ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មូលដ្ឋាន​រស់នៅ​ ​យ៉ាងហោចណាស់​ក៏​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​បឋមសិក្សា​នៅក្នុង​ភូមិ​កំណើត ​ដើម្បី​បណ្ដុះ​ស្មារតី​និង​ភាព​ជា​ម្ចាស់​ទឹកដី​។

​៣​.​ ​គោរព​ច្បាប់​រដ្ឋ ​៖​ ការ​គោរព​ច្បាប់​ ​គឺជា​ការ​បង្ហាញ​ពី​ឆន្ទៈ​ជាតិ​ ​និង​ការ​រក្សា​សណ្ដាប់ធ្នាប់​សង្គម ​ជាពិសេស​ការ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ចរាចរណ៍​។

​៤​.​ ​កតញ្ញូតា​ធម៌​ចំពោះ​គ្រួសារ​ ​៖​ ​គោរព ​ស្រឡាញ់​ឪពុក​ម្ដាយ​ ​ព្រមទាំង​សាច់ញាតិ ​ដោយ​មិន​បោះបង់​ពួកគាត់​ចោល​ក្នុង​កាលៈទេសៈ​ណាមួយ​ឡើយ​។​

​៥​.​ ​គោរព​សិទ្ធិ​មនុស្ស​ ​៖​ ​យល់​ដឹង​ ​និង​អនុវត្ត​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ ​ដែល​ជា​បទដ្ឋាន​សកល​ក្នុង​ការ​រស់នៅ​ជាមួយគ្នា​ក្នុង​សង្គម​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​។

និស្សិតចូលរួមក្នុងបាឋកថាសាធារណៈជាស៊េរី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ»

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​សាកលវិទ្យាធិការ​ ​ក៏​បាន​ក្រើន​រំលឹក​ដល់​យុវជន​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ ​និង​គុណធម៌ ​ដោយ​ចេះ​គោរព​សិទ្ធិ​អ្នក​ដទៃ ​ចៀសវាង​ការ​បៀតបៀន​ ​ឬ​រិះគន់​ដោយ​អគតិ ​ព្រោះ​តម្លៃ​ទាំង​នេះ​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​របស់​សង្គម​ខ្មែរ​។

​បន្ថែម​ពីលើ​នេះ​ ​ឯកឧត្តម​បាន​លើកឡើង​ពី​ ​«​តួនាទី​ស្នូល​ទាំង​ ​៣ ​របស់​បុគ្គល​» ​ដែល​រួម​មាន​៖​ ១​. ​ភាព​ជា​គំរូ ​៖​ ស្គាល់​ពី​ទេពកោសល្យ​ ​ចំណេះដឹង​ ​និង​ចូលរួមចែក​រំលែក​ជា​វិជ្ជមាន​ដល់​សង្គម​,​ ២​. ​ភាព​ជា​ម្ចាស់​ប្រទេស​៖ ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ឆ្លើយតប​ ការ​ពារ ​និង​ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ​រួមគ្នា​,​ ៣​.​ ​ចេះ​រក្សា​ ​និង​ចេះ​ទទួល​យក​៖​ ​ដោយ​ចេះ​ថែរក្សា​ការពារ​អត្តសញ្ញាណ ​និង​មរតក​ដែល​ខ្មែរ​មាន​ ព្រមទាំង​បើកចិត្ត​ទទួល​យក​ចំណេះដឹង​ ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​ដែល​មាន​ប្រយោជន៍ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សហគមន៍​ ​និង​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា