ឯកឧត្តម ហ៊ុន ម៉ានី ៖ ការបង្រៀនសិស្សដែលមានតម្រូវការអប់រំពិសេស គឺទាមទារទាំងចំណេះដឹងឯកទេស ការសង្កេត និងការអត់ធ្មត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហ៊ុន ម៉ានី ៖ ការបង្រៀនសិស្សដែលមានតម្រូវការអប់រំពិសេស គឺទាមទារទាំងចំណេះដឹងឯកទេស ការសង្កេត និងការអត់ធ្មត់

ឯកឧត្តម ហ៊ុន ម៉ានី ៖ ការបង្រៀនសិស្សដែលមានតម្រូវការអប់រំពិសេស គឺទាមទារទាំងចំណេះដឹងឯកទេស ការសង្កេត និងការអត់ធ្មត់

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្ដាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ដោយកោតសរសើរ​ដល់​លោកគ្រូអ្នកគ្រូនៅទីនោះដោយថា​ ការបង្រៀនសិស្សដែលមានតម្រូវការអប់រំពិសេស គឺទាមទារទាំងចំណេះដឹងឯកទេស ការសង្កេត និងការអត់ធ្មត់។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ការជួយឱ្យសិស្សម្នាក់ចេះប្រាប់ពីតម្រូវការរបស់ខ្លួន ចេះទទួលទានអាហារ ឬក៏អាចចូលរួមសកម្មភាពជាមួយអ្នកដទៃបានប្រសើរជាងមុន គឺត្រូវការពេលវេលា និងការហ្វឹកហាត់ជាប់ៗរហូត។ មោទនភាពទាំងនេះ សុទ្ធតែមានតម្លៃចំពោះជីវិតរបស់សិស្ស និងជាកម្លាំងចិត្ត សម្រាប់ក្រុមគ្រួសារ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តចំពោះលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ដោយបញ្ជាក់ថា ការអប់រំសម្រាប់ទាំងអស់គ្នា នឹងមានអត្ថន័យពេញលេញ នៅពេលដែលយើងអាចឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ដែលត្រូវការការគាំទ្រខុសៗគ្នា។ ទន្ទឹមគ្នានេះ សាលាក៏បានរៀបចំការសិក្សាពេញមួយថ្ងៃ រួមជាមួយការថែទាំ ការផ្តល់អាហារថ្ងៃត្រង់ និងអាហារសម្រន់។ ការគាំទ្របែបនេះ ពិតជាមានសារៈសំខាន់ចំពោះការរៀនសូត្រ និងសុខុមាលភាពរបស់សិស្ស ហើយក៏ជួយសម្រួលឱ្យមាតាបិតា និងអាណាព្យាបាល អាចប្រកបមុខរបរ និងបំពេញការងាររបស់ខ្លួនបានផងដែរ។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ការខិតខំប្រឹងប្រែងរបស់ប្អូនៗក្នុងការសិក្សា និងអភិវឌ្ឍខ្លួន គឺជាសាក្សីបញ្ជាក់យ៉ាងច្បាស់ថា អូទីស្សឹម និងពិការភាពសតិបញ្ញា មិនមែនជាឧបសគ្គនៃការរៀនសូត្រ និងការលូតលាស់នោះឡើយ ប៉ុន្តែជាភាពខុសគ្នានៃការលូតលាស់ ដែលត្រូវការការយល់ចិត្ត ភាពអត់ធ្មត់ និងវិធីសាស្ត្រអប់រំដ៏ត្រឹមត្រូវតែប៉ុណ្ណោះ។

ជាមួយគ្នានេះ ការចិញ្ចឹមកូនដែលមានតម្រូវការពិសេស គឺត្រូវការបេះដូងដ៏អស្ចារ្យបំផុត ហើយពួកគាត់មិនមែនដើរលើផ្លូវនេះតែម្នាក់ឯងនោះឡើយ ពោលគឺមានរាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូលនៅក្បែរជានិច្ច។ ព្រឹត្តិការណ៍ដើមឆ្នាំសិក្សាថ្មីនេះ មិនត្រឹមតែជាការចាប់ផ្តើមទំព័រសិក្សាថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាក្នុងការបំផុសស្មារតីសង្គម លើកកម្ពស់ការយល់ដឹង និងជំរុញការអប់រំបរិយាបន្នសម្រាប់កុមារតម្រូវការពិសេស៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា