បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្ដម ពឹង គិមឆេន ៖ ពុទ្ធិអ្នកដឹកនាំសតវត្សរ៍ទី២១ ត្រូវមានសុខភាព សមត្ថភាព និងសភាវធម៌

ឯកឧត្ដម ពឹង គិមឆេន ៖ ពុទ្ធិអ្នកដឹកនាំសតវត្សរ៍ទី២១ ត្រូវមានសុខភាព សមត្ថភាព និងសភាវធម៌

ក្នុងឱកាសចែករំលែកបទពិសោធ ចំណេះដឹង និងផ្ដល់ដំបូន្មានដល់គរុនិស្សិត ក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្ដមបរិញ្ញាបត្រ+២ ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្ដម ពឹង គិមឆេន អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ពុទ្ធិអ្នកដឹកនាំសតវត្សរ៍ទី២១ ត្រូវមានសុខភាព សមត្ថភាព សភាវធម៌។

បើតាម ឯកឧត្ដម ពឹង គិមឆេន ពុទ្ធិអ្នកដឹកនាំសតវត្សរ៍ទី២១ រួមមាន ស១ មានន័យថា សុខភាព។ ឯកឧត្ដម បន្តថា គ្រូបង្រៀនត្រូវអប់រំសិស្សានុសិស្សឱ្យមានសុខភាពល្អ រួមមាន ការបរិភោគចំណីរអាហារ អនាម័យ និងការធ្វើលំហាត់ប្រាណជាដើម។ ហើយការណ៍នេះ អាចធ្វើទៅបាន គឺត្រូវផ្ដើមចេញពីគ្រូបង្រៀន ជាអ្នកអនុវត្តជាមុនសិន។ លុះត្រាតែគ្រូមានសុខភាពល្អ ទើបអាចទៅបង្រៀនសិស្សឱ្យមានសុខភាពល្អបាន។

សម្រាប់ ស២ មានន័យថា សមត្ថភាព, ដូច្នេះ គ្រូបង្រៀន ត្រូវពង្រឹងចំណេះដឹងខ្លួនឯងឱ្យខ្លាំង និងច្បាស់លាស់ទៅលើមុខវិជ្ជាឯកទេសរបស់ខ្លួន។ លើសពីនេះ គ្រូបង្រៀនក៏ត្រូវមានចំណេះដឹងភាសាបរទេស និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផងដែរ។ រីឯ ស៣ ចង់សំដៅដល់ សភាវធម៌ (មនុស្សពិត)។

ឯកឧត្ដម ពឹង គិមឆេន មានប្រសាសន៍ថា សភាវធម៌ ចែកចេញជា ៣រួមមាន សីលធម៌ សុជីវធម៌ និងគុណធម៌។ ឯកឧត្ដម បន្តថា សភាវធម៌ នេះ គ្រូបង្រៀនត្រូវតែយល់ឱ្យច្បាស់ និងអនុវត្តឱ្យត្រូវ។ ឯកឧត្តមបានលើកឧទាហរណ៍ថា ការធ្វើសេចក្ដីល្អទៅអ្នកដទៃ គឺចាត់ចូលជា សីលធម៌, ការសំពះ ជំរាបសួរ ស្វាគមន៍ភ្ញៀវ គឺចាត់ចូលជា សុជីវធម៌ ហើយការបង្រៀនដោយសន្តិវិធី ការចែករំលែកចំណេះដឹង និងការចែកអំណោយ គឺចាត់ចូលជា គុណធម៌។

ជាមួយគ្នានេះ ឯកឧត្ដមអនុរដ្ឋលេខាធិការក៏បានណែនាំគរុនិស្សិត អំពីរបៀបសំពះឱ្យបានត្រឹមត្រូវ និងសមរម្យ ក៏ដូចជាដឹងពីវិន័យរបស់គ្រូបង្រៀនឱ្យបានច្បាស់ មុននឹងចេញទៅបម្រើការងារនៅតាមសាលារៀនគោលដៅរបស់ខ្លួន រួមមាន ស្អាត របៀប សុភាព ទៀងពេល និងសមាធិ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា