របៀបបណ្តុះកូនឱ្យចេះគិតបែបពិចារណា ៖ ៥ វិធីងាយៗដែលឪពុកម្តាយធ្វើបាននៅផ្ទះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របៀបបណ្តុះកូនឱ្យចេះគិតបែបពិចារណា ៖ ៥ វិធីងាយៗដែលឪពុកម្តាយធ្វើបាននៅផ្ទះ

របៀបបណ្តុះកូនឱ្យចេះគិតបែបពិចារណា ៖ ៥ វិធីងាយៗដែលឪពុកម្តាយធ្វើបាននៅផ្ទះ

តើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។ ប៉ុន្តែជាដំបូង យើងត្រូវយល់ឱ្យច្បាស់ជាមុនសិនថា តើអ្វីទៅជា ការគិតបែបពិចារណា (Critical Thinking)?

ការគិតបែបពិចារណា ឬ Critical Thinking មានន័យថា សមត្ថភាពក្នុងការគិតឱ្យច្បាស់ និងមានហេតុផល មុនពេលសម្រេចចិត្តធ្វើអ្វីមួយ ឬជឿលើអ្វីមួយ។ ក្មេងដែលមានជំនាញនេះ ចេះពិនិត្យព័ត៌មានដែលមាន ចេះរកព័ត៌មានបន្ថែម និងចេះសួរសំណួរត្រឹមត្រូវ។ ពួកគេក៏ចេះប្រៀបធៀបរកចំណុចដូចគ្នា និងចំណុចខុសគ្នា ដើម្បីយល់បញ្ហាកាន់តែច្បាស់។

អ្នកចិត្តសាស្ត្រ Marilyn Price-Mitchell លើកឡើងថា កុមារត្រូវមើលឃើញថា ការគិតជារឿងសប្បាយ ហើយត្រូវហ្វឹកហាត់ជាប់ជានិច្ច ដូចការហ្វឹកហាត់បាល់ទាត់ ឬបាល់បោះដែរ។

ខាងក្រោមនេះជាវិធី ៥ យ៉ាងដែលឪពុកម្តាយអាចអនុវត្តបានភ្លាមៗ ៖

១. ជំរុញឱ្យកូនចង់ដឹងចង់ឃើញ

កុំសួរកូនតែសំណួរដែលមានចម្លើយខ្លីៗ ដូចជា «នេះជាសត្វអ្វី?» ឬ «វារស់នៅឯណា?»។ សំណួរបែបនេះគ្រាន់តែសាកល្បងការចងចាំ។

សូមសួរសំណួរដែលធ្វើឱ្យកូនគិតវិញ ឧទាហរណ៍៖

  • «ហេតុអ្វីបានជាខ្លាឃ្មុំទឹកកកមានរោមពណ៌ស?»
  • «កូនមើលរូបរាងសត្វនេះ តើឃើញអ្វីខ្លះដែលប្រាប់ថាវាស៊ីអ្វី និងរស់នៅបែបណា?»

២. បង្រៀនកូនឱ្យចេះសួរសំណួរល្អ

ឪពុកម្តាយច្រើនតែចង់ឱ្យកូនឆ្លើយឱ្យត្រូវ ប៉ុន្តែការរៀនពិតប្រាកដចាប់ផ្តើមពីការចេះសួរ។

  • ពន្យល់ពីប្រភេទសំណួរ៖ សំណួរខ្លះឆ្លើយបានត្រឹម «បាទ/ចាស» ឬ «ទេ» រីឯសំណួរដែលចាប់ផ្តើមដោយ «ហេតុអ្វី» ឬ «ចុះបើ…» ធ្វើឱ្យយើងគិតបានជ្រៅជាង។
  • បែងចែកប្រភពចម្លើយ៖ សំណួរខ្លះឆ្លើយចេញពីបទពិសោធន៍ខ្លួនឯង ដូចជា «តើអ្វីធ្វើឱ្យមិត្តម្នាក់ក្លាយជាមិត្តល្អ?» ហើយសំណួរខ្លះត្រូវស្រាវជ្រាវ ដូចជារកក្នុងសៀវភៅ អ៊ីនធឺណិត ឬសង្កេតផ្ទាល់។

៣. បង្ហាត់កូនដោះស្រាយបញ្ហាក្នុងជីវិតប្រចាំថ្ងៃ

សៀវភៅលំហាត់ដែលមានចម្លើយស្រាប់ អាចធ្វើឱ្យកូនគិតថាគ្រប់បញ្ហាមានចម្លើយតែមួយ។ ជីវិតពិតមិនបែបនោះទេ។ ឪពុកម្តាយអាចជួយបានតាមវិធីទាំងនេះ៖

  • គិតឱ្យឮៗ៖ ពេលជួបបញ្ហា សូមនិយាយចេញមកឱ្យកូនឮ។ ឧទាហរណ៍៖ «ប៉ាភ្លេចកូនសោផ្ទះ តើយើងគួរធ្វើម៉េច? ទុកទ្វារចំហ ឬចាំប៉ាទៅយកវិញ? តើមានអ្នកផ្សេងមានកូនសោទៀតទេ?»
  • ចេះគ្រប់គ្រងអារម្មណ៍៖ ពេលកូនខឹង ឬតានតឹង សូមបង្រៀនឱ្យដកដង្ហើមវែងៗសិន រួចសួរថា «តើយើងមានវិធីអ្វីខ្លះដើម្បីដោះស្រាយ?» និង «បើជ្រើសវិធីនេះ តើនឹងមានអ្វីកើតឡើងបន្ទាប់?»

៤. បង្រៀនកូនញែករវាងរឿងពិត និងរឿងប្រឌិត

មុនកូនអាចវាយតម្លៃថាព័ត៌មានណាគួរជឿ គាត់ត្រូវដឹងពីភាពខុសគ្នារវាងរឿងពិត និងរឿងស្រមើស្រមៃសិន។

  • អានសៀវភៅចំណេះដឹង និងសៀវភៅរឿងនិទានលើប្រធានបទតែមួយ ដូចជាកង្កែប រួចសួរថា «តើកង្កែបនិយាយបានទេ?» ឬ «តើកង្កែបលោតបានទេ?» ហើយឱ្យកូនប្រាប់ថា ពិតឬប្រឌិត ព្រមទាំងពន្យល់ហេតុផល។
  • សម័យនេះកុមារឃើញរូបភាព និងវីដេអូច្រើនលើបណ្តាញសង្គម ដែលខ្លះត្រូវបានកែច្នៃ ឬបង្កើតដោយបញ្ញាសិប្បនិម្មិត (AI)។ សូមអង្គុយមើលជាមួយកូន ហើយពិភាក្សាថា អ្វីពិត អ្វីត្រូវបានកែតម្រូវ។

៥. ឱ្យកូនហ៊ានសួរ នៅពេលមិនទាន់យល់

ផ្ទះគួរជាកន្លែងដែលកូនមានសុវត្ថិភាពក្នុងការនិយាយ និងសួរ។ សូមប្រាប់កូនថា ការមិនដឹង ឬមិនទាន់យល់ គឺជារឿងធម្មតា ហើយការសួរបញ្ជាក់គឺជាសញ្ញានៃភាពឆ្លាត។ ជំរុញកូនឱ្យចេះនិយាយថា៖

  • «ពាក្យនេះមានន័យដូចម្តេច?»
  • «ម៉ាក់ប៉ាអាចលើកឧទាហរណ៍បន្ថែមបានទេ?»

ធ្វើជាគំរូ

កូនរៀនច្រើនពីអ្វីដែលឪពុកម្តាយធ្វើ។ ប្រសិនបើកូនឃើញអ្នកចេះសួរ ចេះស្វែងរកចម្លើយ និងហ៊ានទទួលស្គាល់ថា «ម៉ាក់/ប៉ាក៏មិនទាន់ដឹងដែរ តោះរកមើលជាមួយគ្នា» នោះកូននឹងរៀនធ្វើតាម៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា