សម្តេចធិបតី ៖ ការជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រូនៅតាមសាលារៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ៖ ការជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រូនៅតាមសាលារៀន

សម្តេចធិបតី ៖ ការជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រូនៅតាមសាលារៀន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង គឺជាវិធានការដោះស្រាយបញ្ហាកង្វះគ្រូបង្រៀននៅតាមសាលារៀនទូទាំងប្រទេស ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ សម្តេចធិបតីបានលើកឡើងថា បញ្ហាកង្វះគ្រូមិនមែនកើតមានតែនៅតំបន់ជនបទប៉ុណ្ណោះទេ ប៉ុន្តែសាលារៀននៅតំបន់ជាយក្រុងក៏ប្រឈមនឹងបញ្ហានេះដែរ។

សម្តេចធិបតីមានប្រសាសន៍ថា ការជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារ ផ្តោតលើបេក្ខជនដែលមានគុណវុឌ្ឍិសមស្រប ដោយមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ និងត្រូវទទួលការបណ្តុះបណ្តាល ដើម្បីមានសមត្ថភាពបំពេញការងារជាគ្រូបង្រៀន ។

សម្តេចធិបតីបានបញ្ជាក់ថា គ្រូបង្រៀនដែលជ្រើសរើសតាមកិច្ចព្រមព្រៀងការងារ ទទួលបានប្រាក់បៀវត្ស និងអត្ថប្រយោជន៍ស្រដៀងគ្នានឹងគ្រូបង្រៀនបឋមសិក្សាដទៃទៀត ដោយប្រាក់បៀវត្សចាប់ពី១លាន៥សែនរៀល ព្រមទាំងទទួលបានការគាំពារពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងអត្ថប្រយោជន៍ពាក់ព័ន្ធផ្សេងទៀត។

សម្តេចធិបតីបានគូសបញ្ជាក់ថា គោលដៅសំខាន់នៃវិធានការនេះ គឺការបំពេញតម្រូវការគ្រូបង្រៀននៅតាមសាលារៀន និងធានាឱ្យសិស្សទទួលបានការអប់រំប្រកបដោយគុណភាព តាមរយៈការជ្រើសរើសគ្រូដែលមានគុណវុឌ្ឍិ និងសមត្ថភាពសមស្រប។

ជាមួយគ្នានេះ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការអនុវត្តការជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារកន្លងមក ទទួលបានការវាយតម្លៃជាវិជ្ជមានពីនាយកសាលា និងសហការីនៅតាមសាលារៀន ទាក់ទងនឹងសមត្ថភាព និងការបំពេញការងាររបស់គ្រូបង្រៀន។

លោកជំទាវបានបញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារ មានគោលបំណងសំខាន់ពីរ គឺការបំពេញតម្រូវការជាក់ស្តែងរបស់សាលារៀន និងការបង្កើនភាពបត់បែនក្នុងការគ្រប់គ្រងធនធានគ្រូបង្រៀន។

លោកជំទាវបានពន្យល់ថា តម្រូវការគ្រូបង្រៀននៅតាមសាលារៀនអាចប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការកើនឡើង ឬថយចុះនៃចំនួនសិស្ស។ ដូច្នេះ ការជ្រើសរើសគ្រូតាមកិច្ចព្រមព្រៀងការងារអាចជួយឱ្យការរៀបចំធនធានគ្រូឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងរបស់សាលារៀននីមួយៗបានកាន់តែប្រសើរ។

លោកជំទាវបានចាត់ទុកការជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារថា ជាកំណែទម្រង់មួយដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន ទាំងផ្នែកគុណភាព និងភាពបត់បែនក្នុងការបំពេញការងាររបស់គ្រូបង្រៀន។

សូមជម្រាបថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈកំពុងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតបឋមសិក្សា បន្ទាប់ពីការប្រឡងជ្រើសរើសគ្រូកម្រិតមធ្យមសិក្សាបានបញ្ចប់ និងប្រកាសលទ្ធផលរួចមក។

តាមទិន្នន័យដែលបានបញ្ជាក់ ការជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារកម្រិតវិទ្យាល័យ ទទួលបានបេក្ខជនជាប់ចំនួន១ ២៨១នាក់ ខណៈកម្រិតអនុវិទ្យាល័យទទួលបានបេក្ខជនជាប់ចំនួន៤៧៣នាក់៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា