ឥណ្ឌា​ជា​មជ្ឈមណ្ឌល​អប់រំ​លំដាប់​សកល, ​រដ្ឋមន្រ្តី​អប់រំ​ប្រាប់​និស្សិត​កម្ពុជា​ប្រឹងប្រែង​ក្រេប​ជញ្ជក់​ចំណេះដឹង​ ត្រឡប់​មក​អភិវឌ្ឍ​ជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា​ជា​មជ្ឈមណ្ឌល​អប់រំ​លំដាប់​សកល, ​រដ្ឋមន្រ្តី​អប់រំ​ប្រាប់​និស្សិត​កម្ពុជា​ប្រឹងប្រែង​ក្រេប​ជញ្ជក់​ចំណេះដឹង​ ត្រឡប់​មក​អភិវឌ្ឍ​ជាតិ​

ឥណ្ឌា​ជា​មជ្ឈមណ្ឌល​អប់រំ​លំដាប់​សកល, ​រដ្ឋមន្រ្តី​អប់រំ​ប្រាប់​និស្សិត​កម្ពុជា​ប្រឹងប្រែង​ក្រេប​ជញ្ជក់​ចំណេះដឹង​ ត្រឡប់​មក​អភិវឌ្ឍ​ជាតិ​

​រដ្ឋាភិបាល​ឥណ្ឌា ​តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី​២៥​ ​មិថុនា ​បាន​ប្រគល់​អាហារូបករណ៍​ដល់​និស្សិត​ជ័យលាភី​កម្ពុជា​ សរុប​ចំនួន​៤១​នាក់​ ​ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ និង​ថ្នាក់​បណ្ឌិត​ ​នៅ​តាម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​នានា​ក្នុង​ប្រទេស​ឥណ្ឌា​។​

Advertisement

​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្រ្តី​ ​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​មានប្រសាសន៍​ថា​ ​កម្ពុជា​និង​ឥណ្ឌា​មាន​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ ​និង​វប្បធម៌​ដ៏​យូរ​លង់ ​ដោយ​ឥទ្ធិពល​ស្ថាបត្យកម្ម ​ជំនឿ ​និង​អក្សរសាស្ត្រ​ដ៏​សម្បូរ​បែប​របស់​ឥណ្ឌា ​មិន​ត្រឹមតែ​មាន​ឫស​គល់​យ៉ាង​ជ្រៅ​នៅក្នុង​សង្គម​កម្ពុជា​នោះ​ទេ​ ​ថែមទាំង​បាន​រីកសាយភាយ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ដែល​នេះ​ជា​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការ​រឹត​ចំណង​មិត្តភាព​ទ្វេ​ភាគី​ឱ្យ​កាន់តែ​ជិតស្និទ្ធ​។​

​សម្រាប់​និស្សិត​ជ័យលាភី​កម្ពុជា​ ​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ​ឯកឧត្តម​រដ្ឋមន្រ្តី​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ពួកគេ​ខិតខំប្រឹងប្រែង​ក្រេប​ជញ្ជក់​ចំណេះដឹង​ ​និង​ប្រើប្រាស់​ពេលវេលា​សិក្សា​នៅ​ប្រទេស​ឥណ្ឌា​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ​ដោយ​ប្រទេស​ឥណ្ឌា​ជា​មជ្ឈមណ្ឌល​អប់រំ​លំដាប់​សកល ​ដែល​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ឆ្នើម​ៗ​ ​និង​បុគ្គល​ជោគជ័យ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក។​

​ក្នុង​ន័យ​នេះ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ឧប​នាយក​រដ្ឋមន្ត្រី​ ​ជឿជាក់​ថា​ ​ចំណេះដឹង​ និង​បទពិសោធន៍​ដែល​និស្សិត​ទទួលបាន​ពី​ប្រព័ន្ធ​អប់រំ​ដ៏​រឹងមាំ​មួយ​នេះ​ ​នឹង​ក្លាយ​ជា​ទុន​ដ៏​មាន​តម្លៃ​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ​និង​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​មួយ​កម្រិត​ទៀត។​

​រដ្ឋាភិបាល​ឥណ្ឌា ​តាមរយៈ​ក្រុមប្រឹក្សា​ទំនាក់ទំនង​វប្បធម៌​ ​(​ICCR​) ​បាន​ផ្តល់​អាហារូបករណ៍​ដល់​កម្ពុជា​ជារៀងរាល់​ឆ្នាំ​ ក្នុង​គោលបំណង​ដើម្បី​បើក​ឱកាស​សម្រាប់​និស្សិត​កម្ពុជា​ ​ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មជ្ឈមណ្ឌល​អប់រំ​សំខាន់​មួយ​ ​ទាក់ទាញ​និស្សិត​អន្តរជាតិ​មកពី​ជុំវិញ​ពិភពលោក​។ ​អាហារូបករណ៍​ទាំងនោះ​ ​គ្របដណ្ដប់​លើ​មុខជំនាញ​សម្បូរ​បែប ​រួមមាន​ ​វិស្វកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​មនុស្សសាស្ត្រ​ ​ពុទ្ធ​សាសន​វិទ្យា​ ​គ្រប់គ្រង​ ​និង​វិទ្យាសាស្ត្រ​សង្គម​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា