ជប៉ុន ផ្តល់អាហារូបករណ៍ (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត ២៤កន្លែង ដល់មន្ត្រីរាជការកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ផ្តល់អាហារូបករណ៍ (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត ២៤កន្លែង ដល់មន្ត្រីរាជការកម្ពុជា

ជប៉ុន ផ្តល់អាហារូបករណ៍ (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត ២៤កន្លែង ដល់មន្ត្រីរាជការកម្ពុជា

អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា (JDS) ផ្តើម​ប្រកាស​ផ្តល់​សម្រាប់​មន្ត្រីរាជការ​កម្ពុជា ក្នុងឆ្នាំ២០០៧នេះ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សរុប ២៤ កន្លែង។

អាហារូបករណ៍ទាំង ២៤ កន្លែងនេះ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២២ កន្លែង សិក្សា​រយៈពេល ២ឆ្នាំ និងថ្នាក់បណ្ឌិត ចំនួន ២កន្លែង សិក្សា​រយៈពេល៣ឆ្នាំ ដោយ​មធ្យោបាយធ្វើដំណើរទៅមក កម្ពុជា-ជប៉ុន-កម្ពុជា ថ្លៃសិក្សា ប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រដ្ឋាភិបាលជប៉ុន។

លក្ខខណ្ឌនៃការជ្រើសរើស

សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនទាំងពីរភេទត្រូវ ៖
-មានសញ្ជាតិខ្មែរ
-មានសញ្ញាបត្របរិញ្ញាបត្រ
-មានអាយុចន្លោះពី២២-៣៩ឆ្នាំ គិតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៧
-មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ (ការសិក្សាភាសាអង់គ្លេសជាយាន)
-មានបទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំ ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ព័ន្ធ (ចំពោះបុគ្គលិកជាប់កិច្ចសន្យាមិនត្រូវបានអនុញ្ញាត)។
-មានសុខភាពល្អបរិបូរណ៍ ទាំងកាយសម្បទា និងសតិបញ្ញា។

ចំណាំ ៖ បេក្ខជនដែលមិនមែនជាក្រុមគោលដៅរបស់គម្រោងអាហារូបករណ៍ JDS មានដូចជា៖ គ្រូបង្រៀន (បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សាកលវិទ្យាល័យ PTTC/RTTC/TEC/NIE/NISE/NIPSE) និងមន្ត្រីបម្រើការងារនៅតាមវិទ្យាស្ថានបណ្តុះបណ្តាលក្រោមឱវាទក្រសួង ស្ថាប័ន បុគ្គលិកដែលបម្រើការងារនៅមន្ទីរពេទ្យ មន្ត្រីប៉ូលីស និងមន្ត្រីផ្នែកពន្លត់អគ្គិភ័យ ជាដើម។

សម្រាប់ថ្នាក់បណ្ឌិត បេក្ខជនទាំងពីរភេទត្រូវ ៖
-មានសញ្ជាតិខ្មែរ
-មន្ត្រីដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
-មានអាយុក្រោម ៤៥ឆ្នាំ គិតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៧
-ត្រូវមានអត្ថបទត្រួតពិនិត្យរួមគ្នាយ៉ាងហោចណាស់មួយអត្ថបទ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុង ទស្សនាវដ្តីវិទ្យាសាស្ត្រ ដែលទទួលស្គាល់ជាអន្តរជាតិ ឬមានផែនការច្បាស់លាស់ក្នុងការបោះពុម្ពផ្សាយ ក្នុងកំឡុងពេលដាក់ពាក្យ (ការវាយតម្លៃពីសាស្ត្រាចារ្យដឹកនាំ តម្រូវឱ្យមានជាចាំបាច់ក្នុងលិខិតណែនាំ)
-មានសុខភាពល្អបរិបូណ៌ ទាំងកាយសម្បទា និងសតិបញ្ញា។

មុខជំនាញទៅសិក្សា (សម្រាប់ទាំងពីរកម្រិត)៖

  1. Strengthening of Connectivity
  2. Promoting Digital Economy and Society
  3. Private Sector Development
  4. Environment, Climate Change, Agriculture Development
  5. Promoting Human Development
  6. Improvement of Administrative Functions
  7. Legal and Judicial Development
  8. Building of International Relations

បេក្ខជនមានបំណងដាក់ពាក្យកម្មវិធីអាហារូបករណ៍នេះ សូមបំពេញពាក្យ និងភ្ជាប់ឯកសារផ្សេងៗ តាម ប្រព័ន្ធអនឡាញ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៧ ត្រឹមម៉ោង ១៥:០០នាទី និងសម្រាប់ថ្នាក់បណ្ឌិត ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៧ ត្រឹមម៉ោង ១៥:០០នាទី។

បេក្ខជនអាចស្វែងរកសេចក្តីណែនាំ អំពីការដាក់ពាក្យ និងទាញយកឯកសារផ្សេងៗ នៅលើគេហទំព័រ JDS ៖  https://jdsscholarship.org/ ។

សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងការិយាល័យអាហារូបករណ៍ JICE-JDS ដែលមានអាសយដ្ឋាន ៖ អគារ AURA Condominium ជាន់ទី៣ ផ្ទះលេខ៨៧ ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (វិថីព្រះត្រសក់ផ្អែម) ទូរស័ព្ទលេខ៖ ០១២ ៦៨១ ៦១១ ឬអ៊ីម៉ែល៖  [email protected] ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា