ជប៉ុន​ ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជាង​ ​៤​លាន​យ៉េន ​លើ​គម្រោង​អាហារូបករណ៍​ ​JDS​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន​ ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជាង​ ​៤​លាន​យ៉េន ​លើ​គម្រោង​អាហារូបករណ៍​ ​JDS​

ជប៉ុន​ ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជាង​ ​៤​លាន​យ៉េន ​លើ​គម្រោង​អាហារូបករណ៍​ ​JDS​

​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ប្រទេស​ជប៉ុន​ ​បាន​សម្រេច​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​លិខិត​ប្ដូរ​សារ ​និង​ឯកសារ​ពាក់ព័ន្ធ​ ​ស្តីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​៤១៦​ ​លាន​យ៉េន ​(​ប្រមាណ​ ​២,៨​ ​លាន​ដុល្លារ​អាមេរិក​) ​សម្រាប់​អនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ ​(​JDS​)​។​

Advertisement

​ពិធី​ចុះហត្ថលេខា​នេះ​ ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នេះ​ រវាង​ ​ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី​ ​ប្រាក់​ ​សុខុន ​រដ្ឋមន្ត្រី​ការ​បរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ ​ឯកឧត្តម​ ​UENO​ ​Atsushi​ ​ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ ​(​JDS​) ​នេះ​ ​នឹង​ផ្តល់​ឱកាស​យ៉ាង​សំខាន់​ដល់​មន្ត្រីរាជការ​វ័យ​ក្មេង​របស់​កម្ពុជា​ ​ក្នុង​ការ​បន្ត​ការ​សិក្សា​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​ ​(​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ និង​បណ្ឌិត​) ​នៅ​តាម​សាកលវិទ្យាល័យ​ល្បី​ៗ​នៅក្នុង​ប្រទេស​ជប៉ុន​។​

​ក្រសួង​ការ​បរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​បាន​គូសបញ្ជាក់​ថា​ ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ ​គឺ​ស្តែង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ប្រទេស​ជប៉ុន​ ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា​។ ​ការ​ឧបត្ថម្ភ​នេះ​ ​មិន​ត្រឹមតែ​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ចូលរួម​លើកកម្ពស់​ទំនាក់ទំនង​ ​និង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រជាជាតិ​ទាំង​ពីរ​ឱ្យ​កាន់តែ​ស្អិត​រមួត​បន្ថែម​ទៀត​។​

​គួរ​បញ្ជាក់​ថា​ ​គម្រោង​អាហារូបករណ៍​ ​JDS​ ​របស់​រដ្ឋាភិបាល​ជប៉ុន​ ​គឺជា​កម្មវិធី​បណ្តុះបណ្តាល​ដ៏​មាន​ប្រជាប្រិយភាព​ ​និង​បាន​ចូលរួមចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​កសាង​សមត្ថភាព​មន្ត្រីរាជការ​កម្ពុជា​ជាច្រើន​ជំនាន់​មក​ហើយ​ ​ដើម្បី​យក​ចំណេះដឹង​ ​និង​ជំនាញ​ត្រឡប់មក​អភិវឌ្ឍ​ស្ថាប័ន​រដ្ឋ ​និង​មាតុភូមិ​វិញ​ឱ្យ​កាន់តែ​រីកចម្រើន​។ ​តាម​របាយការណ៍​ ​ចាប់តាំងពី​បង្កើត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០០​ ​មកទល់​ពេលនេះ​ មាន​និស្សិត​ចំនួន​ច្រើន​ជាង​ ​៥៨០​ ​នាក់​ ​ហើយ​ដែល​បាន​និង​កំពុង​សិក្សា​ ​ព្រមទាំង​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​ជប៉ុន​ តាមរយៈ​កម្មវិធី​អាហារូបករណ៍​ ​JDS​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា