ជប៉ុន ស្វែង​រក​កិច្ច​សហការក្នុងការ​បណ្តុះបណ្តាលជំនាញថែរក្សាសម្រស់ និង​ថែទាំ​មនុស្សចាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ស្វែង​រក​កិច្ច​សហការក្នុងការ​បណ្តុះបណ្តាលជំនាញថែរក្សាសម្រស់ និង​ថែទាំ​មនុស្សចាស់

ជប៉ុន ស្វែង​រក​កិច្ច​សហការក្នុងការ​បណ្តុះបណ្តាលជំនាញថែរក្សាសម្រស់ និង​ថែទាំ​មនុស្សចាស់

ក្នុង​ជំនួប​ជាមួយរដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីថ្ងៃអង្គារ (១០ វិច្ឆិកា) លោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) បាន​បង្ហាញពីចំណាប់អារម្មណ៍ និង​ចង់ស្វែង​រក​កិច្ច​សហការ ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈផ្នែក​បច្ចេកទេស​ក្រចក ព្រមទាំង​ការ​បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល​អ្នកព្យាបាល​តាមបែបជូដូ និងការរៀបចំប្រព័ន្ធគុណវុឌ្ឍិសម្រាប់អ្នកផ្តល់សេវាថែទាំ។

អ្នកផ្តល់សេវាថែទាំ ត្រូវ​គេមើលឃើញថា ​កំពុង​មាន​តម្រូវការកម្លាំងពលកម្ម​កើនឡើងខ្ពស់ ក្នុង​ចំណោមការងារទាំង១៦ ដែល​ប្រទេស​ជប៉ុន កំពុង​មាន​​តម្រូវការកម្លាំង​ពលកម្មជំនាញ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការបណ្តុះបណ្តាល និងសេវាកម្មពាក់ព័ន្ធនឹងការថែរក្សាសម្រស់ ការថែរក្សាក្រចក និងការថែទាំមនុស្សចាស់ ដែលមិនពាក់ព័ន្ធនឹងនីតិវិធីវេជ្ជសាស្ត្រ អាចសហការអនុវត្តជាមួយក្រសួងការងារ តែវិនិយោគិនត្រូវ​កំណត់ឱ្យបានច្បាស់លាស់ពីកម្រិតជំនាញ និងគុណវុឌ្ឍិដែលខ្លួនមានបំណងផ្តល់ជូនតាមរយៈកម្មវិធីបណ្តុះបណ្តាល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីលើកទឹកចិត្តឱ្យមានកិច្ចសហការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសជំនាញថែរក្សាក្រចក និងជំនាញថែទាំមនុស្សចាស់ ដោយផ្តល់ឱកាសដល់សិក្ខាកាមកម្ពុជាទទួលបានបទពិសោធអនុវត្តជាក់ស្តែង តាមរយៈការធ្វើការនៅក្នុងអាជីវកម្មជប៉ុន មុននឹងបន្តទៅបំពេញការងារនៅប្រទេសជប៉ុន។

យោង​តាមទិន្នន័យរបស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្ននេះ មានពលករ​កម្ពុជា រាប់ទាំងសិក្ខាកាមបច្ចេកទេស និង​ពលករជំនាញ កំពុងស្នាក់នៅ និងធ្វើការងារនៅប្រទេស​ជប៉ុនមានប្រមាណ ២ម៉ឺននាក់។ ការងារដែលពលករកម្ពុជាត្រូវបានជ្រើសរើស ភាគច្រើន​ទៅបម្រើការងារលើវិស័យសំខាន់ៗ​ដូចជា វិស័យកសិកម្ម, សំណង់, ផលិតកម្ម និងរោងចក្រ ព្រមទាំង​វិស័យថែទាំមនុស្សចាស់។

យ៉ាងណា ឯកឧត្តម ហេង សួរ ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់សមាគម JCA នឹងមានក្រុមហ៊ុនជប៉ុនកាន់តែច្រើនមកកាន់កម្ពុជា ដើម្បីបង្កើតឱកាសការងារ និងរួមចំណែកពង្រឹងទំនាក់ទំនង និងការតភ្ជាប់រវាងកម្ពុជា-ជប៉ុនឱ្យកាន់តែស្អិតល្មួតថែមទៀត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា