អ្នកស្វែងរកការងារប្រមាណ ២ម៉ឺននាក់ ចូលរួមដាក់ពាក្យ ៣ពាន់នាក់ជាប់ភ្លាមៗ នៅពិព័រណ៍ជាតិការងារ ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកស្វែងរកការងារប្រមាណ ២ម៉ឺននាក់ ចូលរួមដាក់ពាក្យ ៣ពាន់នាក់ជាប់ភ្លាមៗ នៅពិព័រណ៍ជាតិការងារ ឆ្នាំ២០២៦

អ្នកស្វែងរកការងារប្រមាណ ២ម៉ឺននាក់ ចូលរួមដាក់ពាក្យ ៣ពាន់នាក់ជាប់ភ្លាមៗ នៅពិព័រណ៍ជាតិការងារ ឆ្នាំ២០២៦

អ្នកស្វែងរកការងារប្រមាណ ២ម៉ឺននាក់ បានចុះឈ្មោះ និងដាក់ប្រវត្តិរូបសង្ខេប (CV) ដើម្បីស្វែងរកឱកាសការងារ ក្នុងពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ដែលរៀបចំឡើងរយៈពេល ២ថ្ងៃ ខណៈអ្នកសម្ភាសជាប់ការងារមានជិត ៣ពាន់នាក់។

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ លើកទី១៦ បានបញ្ចប់នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «ជំនាញ និងការងារ ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។

លោកស្រី អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្ហាញថា អ្នកស្វែងរកការងារបានចុះឈ្មោះ និងដាក់ប្រវត្តិរូបសង្ខេបសុំការងារប្រមាណ ២ម៉ឺនប្រវត្តិរូប។ ជាមួយគ្នានេះ សហគ្រាស និងក្រុមហ៊ុននានា បានធ្វើការសម្ភាសអ្នកស្វែងរកការងារនៅនឹងកន្លែងប្រមាណ ៥ពាន់ដង ក្នុងនោះអ្នកសម្ភាសជាប់ការងារមានជិត ៣ពាន់នាក់។ ក្រុមហ៊ុននានានឹងបន្តដំណើរការជ្រើសរើសបុគ្គលិកជាបន្តបន្ទាប់ទៀត។

លោកស្រី អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ

តាមរយៈពិព័រណ៍នេះ អ្នកស្វែងរកការងារអាចទទួលបានសេវាពាក់ព័ន្ធនឹងការងារនៅកន្លែងតែមួយ ចាប់ពីការរៀបចំ និងបោះពុម្ពប្រវត្តិរូបសង្ខេប ការផ្តល់ប្រឹក្សាយោបល់អាជីព ការដាក់ពាក្យ រហូតដល់ការសម្ភាសជ្រើសរើសការងារភ្លាមៗជាមួយនិយោជក។

ក្នុងពិធីបិទពិព័រណ៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការរៀបចំពិព័រណ៍នេះ ដោយបញ្ជាក់ថា ការរៀបចំ «សួនការងារ» គឺជាគំនិតច្នៃប្រឌិតថ្មី និងជាយន្តការបន្ថែមដែលផ្តល់សេវាការងារនៅកន្លែងតែមួយដល់អ្នកស្វែងរកការងារ និងសិស្សនិស្សិត។

លោកស្រី Helen Kirsch តំណាងអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ បានអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំពិព័រណ៍នេះ និងលើកឡើងថា កម្លាំងពលកម្មនាពេលអនាគតត្រូវការជំនាញបច្ចេកទេស ជំនាញឌីជីថល និងជំនាញទន់។

លោកស្រីបានជំរុញឱ្យយុវជនបន្តរៀនសូត្រ សម្របខ្លួន និងលើកកម្ពស់ជំនាញជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ។

សូមជម្រាបថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ មានអ្នកចូលរួមទស្សនាប្រមាណ ១២ម៉ឺននាក់ទាំងផ្ទាល់ និងតាមអនឡាញ ក្នុងនោះអ្នកចូលរួមដោយផ្ទាល់ជិត ៥ម៉ឺននាក់៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា