សៀវភៅ «ស្នាមញញឹមខ្មែរ» ត្រៀមបង្ហាញអត្តសញ្ញាណកម្ពុជាក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សៀវភៅ «ស្នាមញញឹមខ្មែរ» ត្រៀមបង្ហាញអត្តសញ្ញាណកម្ពុជាក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

សៀវភៅ «ស្នាមញញឹមខ្មែរ» ត្រៀមបង្ហាញអត្តសញ្ញាណកម្ពុជាក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

សៀវភៅពីរភាសា «ស្នាមញញឹមខ្មែរ – Le Sourire du peuple cambodgien» ចំនួន ៣,០០០ក្បាល ត្រូវបានរៀបចំឡើងក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដើម្បីបង្ហាញពីអត្តសញ្ញាណ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ ទៅកាន់ប្រតិភូ និងសាធារណជនអន្តរជាតិ ជាពិសេសអ្នកនិយាយភាសាបារាំង។

សៀវភៅ «ស្នាមញញឹមខ្មែរ» ត្រូវបានរៀបចំជាភាសាខ្មែរ និងបារាំង ដោយផ្តោតលើរូបភាពផ្សេងៗនៃសង្គមកម្ពុជា តាមរយៈជីវភាពរស់នៅប្រចាំថ្ងៃ ម្ហូបអាហារ ទំនៀមទម្លាប់ប្រពៃណី កីឡាប្រពៃណី កេរដំណែល វប្បធម៌ និងធម្មជាតិរបស់កម្ពុជា។ ក្នុងនោះ ក៏មានការលើកយកនិមិត្តរូបជាតិមួយចំនួន ដូចជា ដើមត្នោត និងផ្ការំដួល មកបង្ហាញផងដែរ។

សៀវភៅនេះ ត្រូវបានអង្គការ Action Education Cambodia និងសារព័ត៌មានថ្មីៗ ប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមដាក់តាំងបង្ហាញ និងចែកជូនប្រតិភូ ភ្ញៀវកិត្តិយស និងសាធារណជន ក្នុងព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី។

លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ Action Education Cambodia បានឱ្យដឹងថា ការរៀបចំសៀវភៅនេះមានគោលបំណងជួយឱ្យអ្នកនិយាយភាសាបារាំងស្គាល់កាន់តែច្បាស់ពីរបៀបរស់នៅ អត្តសញ្ញាណ និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជនកម្ពុជា។

ក្នុងឱកាសទទួលសៀវភៅ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ដោយលើកឡើងថា សៀវភៅនឹងចូលរួមចំណែកផ្សព្វផ្សាយអត្តសញ្ញាណជាតិខ្មែរទៅកាន់សហគមន៍អន្តរជាតិ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

ក្រសួងអប់រំ យុវជន និងកីឡា នឹងបែងចែកសៀវភៅទៅតាមបណ្ណាល័យ និងដាក់តាំងបង្ហាញនៅស្តង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី។ ក្នុងចំណោមនោះ Action Education Cambodia បានប្រគល់សៀវភៅចំនួន ៥០០ក្បាល សម្រាប់ប្រតិភូ និងភ្ញៀវកិត្តិយសអន្តរជាតិ ព្រមទាំងដាក់តាំងបង្ហាញ និងចែកជូនសាធារណជន។

គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (20e Sommet de la Francophonie) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា