អ្នកជំនាញជំរុញយុវជនពង្រឹងសមត្ថភាពជំនាញ និងទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីអនាគតប្រសើរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញជំរុញយុវជនពង្រឹងសមត្ថភាពជំនាញ និងទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីអនាគតប្រសើរ

អ្នកជំនាញជំរុញយុវជនពង្រឹងសមត្ថភាពជំនាញ និងទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីអនាគតប្រសើរ

ទោះបីជាមានការងារដែលផ្តល់ចំណូលខ្ពស់រួចទៅហើយក្តី ការមិនព្រមអភិវឌ្ឍសមត្ថភាព និងការខ្វះវិន័យគ្រប់គ្រងលុយកាក់ នៅតែជាហានិភ័យធំបំផុតដែលអាចរុញច្រានបុគ្គលជាច្រើន​ឱ្យធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ។ សម្រាប់ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Start Up Community លើកទឹកចិត្តយុវជននៅក្មេង គួរផ្តោតឱ្យខ្លាំងលើការងារដែលធ្វើឱ្យសមត្ថភាពរីកចម្រើន ហើយ​ទម្លាប់រស់នៅដែលគ្មានបំណុលអសកម្ម។

លោក គីម ដារ៉ា មានប្រសាសន៍ថា សុខភាពហិរញ្ញវត្ថុ ក៏ដូចសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់យើងដែរ គឺវាអាស្រ័យលើទម្លាប់រស់នៅរបស់យើង។ ទម្លាប់ល្អមួយក្នុងរឿងហិរញ្ញវត្ថុ គឺមិនខ្ចីលុយគេចាយ មិនទិញជំពាក់គេ ពោលគឺទម្លាប់រស់នៅដោយគ្មានបំណុល គឺជាទម្លាប់ល្អ។ លោក គីម ដារ៉ា បន្តថា អ្នករកស៊ីអាចជៀសមិនផុតពីបំណុល ព្រោះគេប្រើប្រាស់បំណុលដើម្បីបង្កើនចំណូល បង្កើនប្រាក់ចំណេញ តែសម្រាប់យុវជនដែលបង្កើតបំណុល ដោយមិនបានបង្កើនចំណូលពីបំណុល គឺជាកំហុស ហើយក៏ជាទម្លាប់អាក្រក់ដែលនឹងបំផ្លាញសុខភាពហិរញ្ញវត្ថុ។

លោក គីម ដារ៉ា ជាស្ថាបនិកសាលាបង្វឹក Start Up Community

ស្ថាបនិកសាលាបង្វឹក Start Up Community បន្ថែមថា សម្រាប់អ្នករកបានតិច ត្រូវតែចាយតិច ហើយត្រូវដកសន្សំមុនចាយ វាអាចពិបាកបន្តិច តែចាំបាច់ត្រូវតែធ្វើ។ នៅពេលចំណូលតិច យុវជនត្រូវស្ទុះស្ទាខិតខំរៀនបន្ថែម ដោយរៀនជំនាញ ដើម្បីបង្កើនចំណូល។

«លុយរកបាន ត្រូវដកទុក១០% សិនមុនចំណាយ ដើម្បីទុកជាលុយបម្រុង ហើយលុយបម្រុងនេះ ជួយរក្សាផ្លូវចិត្តយើងឱ្យមានសុខភាពល្អ»

បើតាមលោក គីម ដារ៉ា ចំណេះដឹងទូទៅមិនសូវរកលុយបានទេ មានតែចំណេះដឹងជំនាញ ឬចំណេះដឹងឯកទេស ទើបអាចរកចំណូលបាន ហេតុនេះ យុវជនរៀនចំណេះដឹងទូទៅហើយ កុំភ្លេចពង្រឹងជំនាញផងដែរ។ “ដូច្នេះ នៅក្មេងត្រូវពង្រឹងទាំង២ ពេលចូលធ្វើការ ត្រូវផ្តោតចំណេះជំនាញឱ្យខ្លាំង ពេលចាស់បន្តិច ផ្តោតចំណេះដឹងទូទៅច្រើនជាង”។

ជាមួយគ្នានេះ អ្នកស្រី គីម ស៊ីដដាវីស សាស្រ្តាចារ្យជំនួយមុខវិជ្ជាជំនាញគ្រប់គ្រង នៅសា​​កល​វិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកផលិតមាតិកា លើកឡើងដែរថា នៅពេលនិយាយពីសមត្ថភាពខាងផ្នែកហិរញ្ញវត្ថុ អ្វីដែលយុវជនតែងតែ​ផ្ដោត គឺសមត្ថភាពក្នុងការរកលុយ ដោយមិនបាននិយាយពីសមត្ថភាពក្នុងការគ្រប់គ្រងលុយទេ ដែលនេះជាហេតុធ្វើឱ្យយុវជន ក៏​ដូចជាមនុស្សវ័យផ្សេងៗ​ទៀតមានបញ្ហានាពេលអនាគត។

អ្នកស្រី គីម ស៊ីដដាវីស សាស្រ្តាចារ្យជំនួយ និងជាអ្នកផលិតមាតិកា

“ដូច្នេះ បើរកបានប៉ុន្មានក៏មិនសល់ដែលបើសិនជាយើង មិនមានរបៀបក្នុងការគ្រប់គ្រងលុយ”

អ្នកស្រី គីម ស៊ីដដាវីស បានលើកទឹកចិត្តយុវជន គួរស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុសំខាន់ៗបន្ថែមទៀត រួមមាន ១. ដឹងពីរបៀបនៃការរកលុយ ២. ដឹងពីរបៀបក្នុងការចាយ ៣. ដឹងពីរបៀបក្នុងការសន្សំ និងទី៤. ដឹងពីរបៀបនៅក្នុងការវិនិយោគ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា