លោកជំទាវ ឃួន វិច្ឆិកា ៖ ភាពជាគ្រូបង្រៀនមិនមែនជាមុខរបរ ប៉ុន្តែជាអាជីពដែលមានការទទួលខុសត្រូវខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវ ឃួន វិច្ឆិកា ៖ ភាពជាគ្រូបង្រៀនមិនមែនជាមុខរបរ ប៉ុន្តែជាអាជីពដែលមានការទទួលខុសត្រូវខ្ពស់

លោកជំទាវ ឃួន វិច្ឆិកា ៖ ភាពជាគ្រូបង្រៀនមិនមែនជាមុខរបរ ប៉ុន្តែជាអាជីពដែលមានការទទួលខុសត្រូវខ្ពស់

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ភាពជាគ្រូបង្រៀនមិនមែនគ្រាន់តែជាមុខរបរដើម្បីចិញ្ចឹមជីវិតនោះទេ ប៉ុន្តែជាអាជីពដែលមានការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង សិស្សានុសិស្ស មាតាបិតា និងសង្គមជាតិទាំងមូល។

លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ដូច្នេះ ក្នុងដំណើរការ «វេទិកាព័ត៌មានសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា ២០២៦-២០២៧» កាលពីពេលថ្មីៗនេះ ដោយបានរំលឹកដល់បេក្ខជនទាំងអស់ឱ្យយល់ច្បាស់ពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន មុនសម្រេចចិត្តចូលប្រឡូកក្នុងវិស័យអប់រំ។

លោកជំទាវបានបញ្ជាក់ថា ក្រៅពីចំណេះដឹង និងសមត្ថភាពក្នុងការបង្រៀន គ្រូបង្រៀនត្រូវមានអត្តចរិត បុគ្គលិកលក្ខណៈ និងការរស់នៅប្រចាំថ្ងៃសមរម្យ ព្រមទាំងត្រូវធ្វើជាពលរដ្ឋល្អក្នុងសង្គម ព្រោះគ្រូមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ។

លោកជំទាវ ឃួន វិច្ឆិកា បានបន្តថា ប្រសិនបើសង្គមចង់បានមនុស្សជំនាន់ក្រោយដែលមានសីលធម៌ គ្រូបង្រៀនក៏ត្រូវមានសីលធម៌ផងដែរ។ ដូចគ្នានេះ ប្រសិនបើចង់ឱ្យសិស្សមានចំណេះដឹង និងសមត្ថភាពអាចប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក គ្រូបង្រៀនត្រូវមានសមត្ថភាពក្នុងការដឹកនាំការរៀនសូត្រតាមបែបសម័យទំនើប និងជំរុញឱ្យសិស្សចេះត្រិះរិះពិចារណា។

លោកជំទាវបានសង្កត់ធ្ងន់ថា បេក្ខជនដែលសម្រេចចិត្តក្លាយជាគ្រូបង្រៀន គួរយល់ឱ្យបានច្បាស់ជាមុនថា ខ្លួននឹងមានការទទួលខុសត្រូវចំពោះជីវិតរបស់សិស្សានុសិស្ស និងអនាគតរបស់ប្រទេសជាតិ មិនមែនគ្រាន់តែធ្វើការដើម្បីរកចំណូលចិញ្ចឹមជីវិតនោះឡើយ។

ជាមួយគ្នានេះ ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ មិនមែនជាគ្រូដែលមានស្តង់ដាទាបនោះទេ ប៉ុន្តែជាគ្រូដែលត្រូវបានជ្រើសរើសតាមលក្ខខណ្ឌ និងស្តង់ដាដែលបានកំណត់។

ឯកឧត្តមបានឱ្យដឹងថា ការជ្រើសរើសគ្រូបង្រៀនប្រភេទនេះ គឺចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ មានន័យថា បេក្ខជនត្រូវបញ្ចប់ថ្នាក់ទី១២ និងបន្តការសិក្សារយៈពេល៤ឆ្នាំក្នុងជំនាញរបស់ខ្លួន។ បេក្ខជនមួយចំនួនក៏មានបទពិសោធន៍ការងារ និងបទពិសោធន៍បង្រៀនពីមុនមកផងដែរ។

ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ

ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី បន្ថែមថា តាមការចុះពិភាក្សាជាមួយនាយកសាលាមួយចំនួន គ្រូកិច្ចព្រមព្រៀងខ្លះមានបទពិសោធន៍បង្រៀន និងមានសមត្ថភាពរៀបចំថ្នាក់រៀន ព្រមទាំងអាចបំពេញការងារបង្រៀនបានល្អ។ ដូច្នេះ ការយល់ថា «គ្រូកិច្ចព្រមព្រៀងមានស្តង់ដាទាប» មិនមែនជាការយល់ឃើញដែលត្រឹមត្រូវនោះទេ។

សូមជម្រាបថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវបានបញ្ជាក់ថា ផ្តោតលើបេក្ខជនដែលមានគុណវុឌ្ឍិ សមត្ថភាព និងលក្ខខណ្ឌសមស្រប ដើម្បីចូលរួមបំពេញតួនាទីក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សកម្ពុជា៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា