អ្នកសិក្សា ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ជួយឱ្យ​ពួកគេចេះបច្ចេកវិទ្យាឌីជីថលទាន់សម័យកាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកសិក្សា ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ជួយឱ្យ​ពួកគេចេះបច្ចេកវិទ្យាឌីជីថលទាន់សម័យកាល

អ្នកសិក្សា ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ជួយឱ្យ​ពួកគេចេះបច្ចេកវិទ្យាឌីជីថលទាន់សម័យកាល

អ្នកសិក្សានៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center) បានលើកឡើងថា មជ្ឈមណ្ឌល​នេះបានជួយឱ្យ​ពួកគេចេះជំនាញបច្ចេកវិទ្យាឌីជីថលសមស្របនឹងបរិបទសម័យបច្ចុប្បន្ន ខណៈពួកគេរំពឹងថា ជំនាញទាំងនេះនឹងបង្កើនឱកាសការងារ និងឱកាសសិក្សាបន្ថែមអំពីបច្ចេកវិទ្យាថ្មីៗនៅពេលអនាគត។

Advertisement

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ហៅកាត់ថា ម.ប.ស. គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថលជូនប្រជាពលរដ្ឋ សិស្ស និងអាជីវករនៅតាមមូលដ្ឋាន។ មជ្ឈមណ្ឌលទាំងនេះផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថលសំខាន់ៗ ដើម្បីពង្រឹងសមត្ថភាពសហគមន៍ឱ្យ​អាចប្រើប្រាស់បច្ចេកវិទ្យាបានកាន់តែប្រសើរ។

ធន ផារីន អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ សុខ អាន ទន្លេបាទី ស្ថិត​ក្នុង​ខេត្តតាកែវ បានប្រាប់ថា ខ្លួនបានសិក្សានៅមជ្ឈមណ្ឌលនេះអស់រយៈពេលជាងបីខែមក​ហើយ ដោយផ្តោតលើការសិក្សាស្រាវជ្រាវឯកសារតាមអ៊ីនធឺណិត និងការប្រើប្រាស់មុខងារកុំព្យូទ័រ។

យុវសិស្សរូបនេះនិយាយថា «មុនរៀន ខ្ញុំមិនសូវយល់ពីកុំព្យូទ័រទេ មិនចេះប្រើប្រាស់មុខងាររបស់វា។ ប៉ុន្តែបន្ទាប់ពីរៀនបានបីខែ ខ្ញុំចាប់ផ្តើមយល់ពីមុខងារផ្សេងៗ និងអាចស្រាវជ្រាវព័ត៌មានតាមកុំព្យូទ័របាន។ វាបានផ្លាស់ប្តូរខ្ញុំច្រើន ពីអ្នកដែលមិនសូវចេះបច្ចេកវិទ្យា ទៅជាមនុស្សដែលអាចប្រើកុំព្យូទ័របាន»។

ដូចគ្នានេះដែរ យុវសិស្សម្នាក់ទៀតគឺ ផាត សារ៉ាក់ អាយុ ១៧ឆ្នាំ ដែលកំពុងសិក្សានៅវិទ្យាល័យ សុខ អាន ទន្លេបាទី បានលើកឡើងថា នៅថ្ងៃអនាគត រូបគេចង់ក្លាយជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា ហើយការសិក្សានៅមជ្ឈមណ្ឌលនេះគឺជាមូលដ្ឋានសំខាន់សម្រាប់ការសម្រេចគោលដៅរបស់ខ្លួន។

យុវសិស្សរូបនេះបញ្ជាក់ថា «ខ្ញុំបានរៀនអំពីបច្ចេកវិទ្យាថ្មីៗ ដូចជា ការសរសេរកូដ និងជំនាញព័ត៌មានវិទ្យា។ នៅ​ពេល​បញ្ចប់ការសិក្សាថ្នាក់ទី១២ ខ្ញុំចង់បន្តសិក្សា និងក្លាយជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា»។

លោក ប៉ត សច្ចៈ ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ វិទ្យាល័យ សុខ អាន ទន្លេបាទី បានប្រាប់ AMS ថា មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៤ ហើយបច្ចុប្បន្នមជ្ឈមណ្ឌល​មាននៅក្នុងវិទ្យាល័យចំនួន ២១ ទូទាំងខេត្តតាកែវ ដោយមានសិស្សសរុប ៦៦៩ នាក់ បានទទួលការបណ្តុះបណ្តាល។

លោកបន្តថា មជ្ឈមណ្ឌលនេះបានដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលសិស្សឱ្យយល់ដឹង និងអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសមស្របនឹងបរិបទសង្គមបច្ចុប្បន្ន។

“ក្រៅពីការរៀនប្រើកុំព្យូទ័រ សិស្សក៏បានយល់ដឹងអំពីការបោកប្រាស់តាមអនឡាញ ការសរសេរកូដ និងការដោះស្រាយបញ្ហាដែលពួកគេជួបប្រទះក្នុងជីវភាពរស់នៅ។ ពួកគេក៏បានរៀនអំពីសុវត្ថិភាពសាយប័រ (Cyber Security) ផងដែរ”

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យ វ៉ាន់ដា កាលពីថ្ងៃទី២៥ ខែមីនា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យ បានជួយជំរុញប្រសិទ្ធភាពនៃការសិក្សារបស់សិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ។

ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំកន្លងទៅ បានបង្ហាញពីភាពប្រសើរឡើងរបស់សិស្ស បើធៀបនឹងមុនពេលមានមជ្ឈមណ្ឌលនេះ។

គិតត្រឹមខែមីនា ឆ្នាំ២០២៦ គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានទីតាំងសរុប ២១កន្លែង ទូទាំងប្រទេស ដែលផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល និងផ្តល់សេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏មានគម្រោងសាងសង់ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ចំនួន ១០ទីតាំងបន្ថែម នៅក្នុងឆ្នាំ២០២៦ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែមានបរិយាបន្ន ប្រសិទ្ធភាពខ្ពស់ និងមានស័ក្តិសមភាពក្នុងការប្រើប្រាស់៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា