គួន ភីរុន ម្ចាស់ជ័យលាភីលេខ១ ផ្នែកអត្ថបទឧស្សាហ៍កថា​ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គួន ភីរុន ម្ចាស់ជ័យលាភីលេខ១ ផ្នែកអត្ថបទឧស្សាហ៍កថា​ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

គួន ភីរុន ម្ចាស់ជ័យលាភីលេខ១ ផ្នែកអត្ថបទឧស្សាហ៍កថា​ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

យុវជនមកពីខេត្តស្វាយរៀង គួន ភីរុន បានក្លាយ​ទៅជា​ម្ចាស់ជ័យលាភីលេខ១ ក្នុងការ​ប្រកួតតែងនិពន្ធ ផ្នែកអត្ថបទឧស្សាហ៍កថា​ កម្មវិធីប្រកួតប្រជែង “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” អបអរទិវាជាតិអំណានលើកទី១១ ឆ្នាំ២០២៦នេះ។

Advertisement

ការប្រកួតអត្ថបទឧស្សាហ៍កថាឆ្នាំនេះ ធ្វើឡើងក្រោម​ប្រធានបទ “ការបណ្តុះមនសិការជាតិ” តាមរយៈវណ្ណកម្ម របស់ អ្នកនិពន្ធ ជុត ខៃ។ ​គួន ភីរុន ដែល​ជានិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញាបត្រអក្សរសាស្រ្តខ្មែរ និងកំពុងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសភាសាវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឱ្យដឹងថា ​កត្តាដែល​ជំរុញឱ្យរូបគេចូលរួមប្រកួតស្នាដៃអត្ថបទឧស្សាហ៍កថា ក៏ព្រោះតែខ្លួនមានចំណង់ចំណូលចិត្តក្នុង​ការអានសៀវភៅអក្សរសិល្ប៍ខ្មែរ និងសៀវភៅទូទៅ ជាពិសេសវណ្ណកម្មរបស់ អ្នកនិពន្ធ ជុត ខៃ ដែលជាអ្នកនិពន្ធខ្មែរល្បីល្បាញមួយរូប។ មួយ​ទៀត ការ​ប្រកួតនេះ ក៏ជាឱកាសក្នុងការ​សាកល្បងសមត្ថភាពក្នុងការសរសេររបស់ខ្លួនដែរ។

យុវជន គួន ភីរុន ម្ចាស់ជ័យលាភីលេខ១ ផ្នែកអត្ថបទឧស្សាហ៍កថា​ ក្នុងកម្មវិធីប្រកួតប្រជែង “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន”

អត្ថបទឧស្សាហ៍កថា គឺជា​អត្ថបទដែល​មានទម្រង់ដូចបែបអដ្ឋាធិប្បាយកថា ដែលអ្នកនិពន្ធខិតខំបញ្ចេញនូវទស្សនៈ គំនិត មតិ របស់ខ្លួនយ៉ាងច្រើន គឺប្រឹងខិតខំក្នុងការការពារ បង្កើត សាកល្បងនូវគំនិតថ្មីណាមួយដោយយកទ្រឹស្ដីរបស់អ្នកប្រាជ្ញ ឬទស្សនវិទូណាមួយមកធ្វើជាប្រធានសម្រាប់ចោទបញ្ហា ឬធ្វើជាផ្លូវសម្រាប់គំនិតបកស្រាយ ហើយទម្រង់ នៃអត្ថបទមានលក្ខណៈដូចនិក្ខេបបទបញ្ចប់ការសិក្សាដែរ។

និយាយពីការ​ប្រកួតអត្ថបទឧស្សាហ៍កថា “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” លោក ​គួន ភីរុន និយាយថា ការសរសេរអត្ថបទឧស្សាហ៍កថា នេះ លោកជួបឧបសគ្គគួរសម ដោយសារនេះ ជាលើកដំបូងក្នុងការដាក់ស្នាដៃប្រកួតស្នាដៃ ហើយរយៈពេលប្រកួតប្រជែងមានកំណត់។ តែយ៉ាងណា លោកបានជំនះឧបសគ្គ ដោយប្រឹងប្រែងអានស្នាដៃរបស់អ្នកនិពន្ធ ជុត ខៃ ឡើងវិញ ហើយពិនិត្យទៅលើផ្នែកដែលអ្នកនិពន្ធបានបណ្ដុះគំនិតជាតិនិយមក្នុងស្នាដៃយកមកបង្ហាញ បញ្ចេញគំនិតទស្សនៈ ទាក់ទងនឹងទស្សនៈជាតិ ផ្ទៀងផ្ទាត់នឹងទ្រឹស្ដីនានាដែលលើកឡើងអំពីបញ្ហាជាតិ។

“ដើម្បីជំនះបញ្ហានេះ គឺខ្ញុំត្រូវព្យាយាមអាន ព្យាយាមកត់សម្គាល់ និងធ្វើការសិក្សាផ្ទៀងផ្ទាត់ជាមួយទ្រឹស្ដីដែលលើកឡើងអំពីជាតិ និងបណ្ដុះមនសិកាជាតិ”

ម្ចាស់ជ័យលាភីថ្នាក់ជាតិ ផ្នែកឧស្សាហ៍កថានេះ លើកឡើងថា ចំណុចពិសេស ដែលជំរុញឱ្យរូបលោកជាប់ជ័យលាភីលេខ១ គឺដោយសារតែកត្តាសំខាន់ពីរ ទី១. ទៅលើទម្រង់អត្ថបទ តាមរយៈការសរសេរ ការបង្ហាញ ការលើកទ្រឹស្តី ការរៀបចំទម្រង់អត្ថបទ ការរៀបចំឯកសារយោងជាដើម គឺទៅតាមលក្ខណៈនៃអត្ថបទឧស្សាហកថា និងទី២. ខ្លឹមសារ បង្ហាញឱ្យឃើញពីចំណុច “ការបណ្ដុះមនសិកាជាតិ” នៅក្នុងស្នាដៃរបស់អ្នកនិពន្ធ ជុត ខៃ រំលេចយកមកបង្ហាញ ពន្យល់ និងបញ្ចេញទស្សនសិក្សា ដែលស្របនឹងប្រធានបទក្រសួងបានកំណត់។

លោក ​គួន ភីរុន ក៏បានលើកទឹកចិត្តយុវជនខែ្មរទាំងអស់ឱ្យចាប់អារម្មណ៍ទៅលើការអានសៀវភៅ និងរួមចំណែកក្នុងការសរសេរ តែងនិពន្ធឱ្យបានច្រើន ព្រោះការអានមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយបណ្ដុះគំនិតបង្កើនការយល់ដឹងអំពីសង្គម និងការអភិវឌ្ឍសមត្ថភាព ការគិតវិភាគបែបស៊ីជម្រៅ។ ជាពិសេស តាមរយៈការអានអក្សរសិល្ប៍ខ្មែរ ក៏អាចឱ្យយល់ពីប្រវត្តិសាស្ត្រ វប្បធម៍ និងគុណតម្លៃរបស់ជាតិ។ ចំណែកឯ ការចូលរួមសរសេរ ឬការនិពន្ធវិញ គឺជាវិធីមួយដ៏សំខាន់នៅក្នុងការបញ្ចេញគំនិត បង្ហាញពីបទពិសោធន៍ ការយល់ដឹងរបស់យើងទៅកាន់សង្គម និងរួមគ្នាជួយជ្រោមជ្រែងសង្គម តាមរយៈអំណាននិងសំណេរនេះ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា