លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញសិល្បករ សិល្បការិនី បង្កើតមាតិកាអប់រំឱ្យបានច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញសិល្បករ សិល្បការិនី បង្កើតមាតិកាអប់រំឱ្យបានច្រើន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញសិល្បករ សិល្បការិនី បង្កើតមាតិកាអប់រំឱ្យបានច្រើន

ក្នុងឱកាសចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ កាលពីថ្ងៃអង្គារ (៥ ឧសភា) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទីមួយកម្ពុជា បានមានប្រសាសន៍ដោយ​លើកទឹកចិត្តដល់សិល្បករ សិល្បការិនី បង្កើតមាតិកាអប់រំដែលផ្ដល់ផលវិជ្ជមានដល់អ្នកតាមដានឱ្យបានច្រើន។

Advertisement

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា សិល្បករ សិល្បការិនី មានឥទ្ធិពលច្រើនទៅដល់ក្មេងៗនៅក្នុងសង្គមបច្ចុប្បន្ន។ លោកជំទាវបន្តថា សិល្បករ សិល្បការិនី ខ្លះ បានបង្កើតមាតិកានៃការអប់រំបានច្រើន ហើយក៏មានអ្នកតាមដានច្រើនដែរ ដូច្នេះលោកជំទាវលើកទឹកចិត្ត​ជួយផ្សព្វផ្សាយដោយ​បង្កើតមាតិកាទាំងឡាយដែលផ្ដល់នូវការអប់រំ ផ្ដល់នូវគំនិតវិជ្ជមានទៅ​ដល់អ្នកតាមដានរបស់ខ្លួន។

លោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា ក្មេងៗទាំងអស់ គឺជាធនធានមនុស្សមួយដ៏សំខាន់នៅក្នុងសង្គមជាតិ។ ដូច្នេះ ការចង់ឱ្យសង្គមជាតិខ្លាំង គឺទាល់តែក្មេងទាំងអស់នោះ ទាំងស្រី្ត និងបុរស មានសុជីវធម៌ គុណធម៌ និងរឹងមាំ។ លោកជំទាវបណ្ឌិតបញ្ជាក់ថា ទៅថ្ងៃក្រោយ យើងមិនចង់ឃើញសង្គម មានធនធានសុទ្ធតែអ្នកប្រើប្រាស់គ្រឿងញៀន អ្នកប្រើពាក្យសម្ដីអសុរសឡើយ។

ត្រូវគិតថា កូនយើង ក្មួយយើង នៅថ្ងៃអនាគត នឹងរស់នៅក្នុងសង្គមមួយនេះ ដូច្នេះ យើងក៏ចង់ឱ្យកូនយើង ក្មួយយើងប្រាស្រ័យទាក់ទងនឹងអ្នកដទៃទៀតដែលមានសុជីវធម៌ សីលធម៌ និងជាមនុស្សល្អ ជាធនធានមនុស្សមួយដ៏ល្អនៅក្នុងសង្គមដែរ

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ហៅកាត់ថា គ.ជ.ស.ស.ខ. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងគោលបំណងថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌ និងសុភមង្គលគ្រួសារ ដោយការលើកកម្ពស់ស្ថានភាព តម្លៃ និងសុខុមាលភាពស្ត្រីខ្មែរ។ ជារៀងរាល់ ២ឆ្នាំម្តង គណៈកម្មាធិការជាតិតែងតែធ្វើសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារ ហើយក្នុងរយៈពេល ២០ឆ្នាំមកនេះ គណៈកម្មាធិការជាតិសម្រេចបានសមិទ្ធផលជាច្រើនដូចជា យុទ្ធនាការផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយ ការលើកកម្ពស់សីលធម៌ សុជីវធម៌ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការ និងបង្ក្រាបបទល្មើសភាពយន្ត ការជំរុញការអនុវត្តច្បាប់ ដែលមានស្រាប់ ការទប់ស្កាត់អំពើហិង្សា និងការជួញដូរមនុស្សដល់ទីតាំងផ្ទាល់ និងការលើកកម្ពស់សីលធម៌សង្គមតាមរយៈប្រព័ន្ធឌីជីថល៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា