ស្រលាញ់​កូន​ ​ឬ​កំពុង​ធ្វើបាប​កូន​?​ ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ហួង​ហែង​កូន​ខ្លាំង​ពេក​ ​អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រលាញ់​កូន​ ​ឬ​កំពុង​ធ្វើបាប​កូន​?​ ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ហួង​ហែង​កូន​ខ្លាំង​ពេក​ ​អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត​

ស្រលាញ់​កូន​ ​ឬ​កំពុង​ធ្វើបាប​កូន​?​ ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ហួង​ហែង​កូន​ខ្លាំង​ពេក​ ​អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត​

ការ​ចិញ្ចឹម​កូន​ដោយ​ក្តី​ស្រឡាញ់​ ​គឺ​ជា​បំណង​ប្រាថ្នា​របស់​ឪពុក​ម្តាយ​គ្រប់​រូប ប៉ុន្តែ​ការ​ការពារ​និង​ហួង​ហែង​កូន​ខ្លាំង​ជ្រុល​ហួសហេតុ ​(​Overprotective ​Parenting​)​ ​អាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ការ​លូតលាស់​ផ្លូវចិត្ត​របស់​កុមារ​ដោយ​មិន​ដឹង​ខ្លួន​។ ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​ ​Child Development ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​រវាង​ការ​គ្រប់គ្រង​ហួស​ហេតុ​របស់​ឪពុក​ម្តាយ និង​អារម្មណ៍​ធ្លាក់ចុះ​របស់​ក្មេង​ជំទង់​។

​អ្វី​ទៅ​ជា​ការ​ចិញ្ចឹម​កូន​បែប​ហួង​ហែង​ជ្រុល​?​

​ការ​ចិញ្ចឹម​កូន​បែបនេះ​ ​ជា​រឿយ​ៗ​ត្រូវ​បាន​គេ​ហៅ​ថា​ ​”​Helicopter ​Parenting​”​ ​ដែល​សំដៅ​ទៅលើ​អាកប្បកិរិយា​របស់​ឪពុក​ម្តាយ​ដែល​ព្យាយាម​គ្រប់គ្រង​ ​និង​រឹតត្បិត​ភាព​ម្ចាស់​ការ​ របស់​កូន​ខ្លាំង​ពេក តាមរយៈ​សកម្មភាព​មួយ​ចំនួន​ដូចជា​ ការ​មិន​អនុញ្ញាតឱ្យ​កូន​ប្រឈមមុខ​នឹង​ការ​ខកចិត្ត​ ​ឬ​ការ​បរាជ័យ​កម្រិត​ស្រាល​,​ ​ការ​ដោះស្រាយ​បញ្ហា​ជំនួស​កូន​គ្រប់​រឿង​,​ ​ការ​បំពេញ​កិច្ចការ​ជំនួស​កូន ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ផ្លូវចិត្ត​,​ ​ការ​តាមដាន​និង​ឃ្លាំមើល​ហួសហេតុ​ដើម្បី​បញ្ចៀស​ហានិភ័យ​គ្រប់​ប្រភេទ​,​ ការ​លូក​ដៃ​ចូល​ជីវិត​ផ្ទាល់ខ្លួន​របស់​ក្មេង​ជំទង់​ជ្រៅ​ពេក​។​

​ក្រុម​អ្នក​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ ​Erasmus ​University Rotterdam ​ប្រទេស​ហូឡង់ ​បាន​តាមដាន​ក្មេង​ជំទង់​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ ​ហើយ​រកឃើញ​ថា​ ​ក្មេង​ជំទង់​មាន​អារម្មណ៍​ធ្លាក់ចុះ​ ​(​Lower ​mood​) ​នៅពេល​ពួកគេ​មានអារម្មណ៍​ថា​ឪពុក​ម្តាយ​កំពុង​ដាក់​កំហិត ​ឬ​ការពារ​ពួក​គេ​ខ្លាំង​ពេក​។

​បន្ថែម​ពី​នេះ​ ការ​សិក្សា​កន្លងមក​ក្នុង​ឆ្នាំ​២០២៣ ​និង​ ២០២៤ ​ក៏​បាន​បញ្ជាក់​ស្រប​គ្នា​ដែរ​ថា​ ​កុមារ​ដែល​រង​ការ​ការពារ​ហួសហេតុ ងាយ​នឹង​ជួប​ការ​លំបាក​ផ្នែក​អារម្មណ៍​ ​ការ​គ្រប់គ្រង​ខ្លួនឯង​ចុះ​ខ្សោយ ​និង​មាន​លទ្ធផល​សិក្សា​ធ្លាក់ចុះ​។

​ហេតុ​អ្វី​បាន​ជា​ឪពុក​ម្តាយ​ក្លាយជា​មនុស្ស​ហួង​ហែង​ជ្រុល​?​

​អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្រ្ត​បង្ហាញ​ថា​ ​ឥរិយាបថ​នេះ​ភាគ​ច្រើន​កើត​ចេញ​ពី​បំណង​ល្អ ​ប៉ុន្តែ​ត្រូវ​បាន​ជំរុញ​ដោយ​កត្តា​មួយ​ចំនួន​៖

  • ​ការ​ព្រួយបារម្ភ​និង​ការ​ភ័យខ្លាច ​(​Parental ​Anxiety​)​៖​ ​ចង់​ការពារ​កូន​ពី​បទ​ពិសោធន៍​មិន​ល្អ​គ្រប់​យ៉ាង​។
  • ​បច្ចេកវិទ្យា ​និង​ពិភព​អនឡាញ​៖​ ភាព​ស្មុគស្មាញ​នៃ​សុវត្ថិ​ភាព​លើ​អ៊ីនធឺណិត ​និង​បណ្តាញ​សង្គម ​ដែល​ឪពុក​ម្តាយ​ជំនាន់​មុន​មិន​ធ្លាប់​ឆ្លងកាត់​ ​ធ្វើឱ្យ​ពួកគេ​ពិបាក​ប៉ាន់ស្មាន​ហានិភ័យ​។
  • ​សម្ពាធ​សង្គម​៖​ ការ​រំពឹងទុក​របស់​សង្គម​ដែល​ចង់ឱ្យ​កូនក្លាយជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​។​

​ផល​ប៉ះពាល់​រយៈពេល​វែង​ចំពោះ​ការ​លូតលាស់​របស់​កុមារ​

​លោក​វេជ្ជបណ្ឌិត​ ​Eric ​Storch ​សាស្ត្រាចារ្យ​ផ្នែក​ចិត្តវិទ្យា​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ Baylor ​បាន​ពន្យល់​ថា​ ​កុមារ​អាច​ធំ​ធាត់​និង​រឹងមាំ​ទៅ​បាន​ លុះត្រាតែ​ពួក​គេ​បាន​ឆ្លងកាត់​ទាំង​រឿង​ល្អ ​និង​រឿង​អាក្រក់​ក្នុង​ជីវិត ​ដើម្បី​អភិវឌ្ឍ​ជំនាញ​ដោះស្រាយ​បញ្ហា​និង​ការ​ទប់ទល់​នឹង​ឧបសគ្គ​។

​ផ្ទុយ​ទៅវិញ​ ​ការ​ការពារ​ជ្រុល​ហួស​ហេតុ​អាច​ធ្វើឱ្យ​កុមារ​៖

​- បាត់បង់​ទំនុកចិត្ត​លើ​សមត្ថភាព​ធ្វើ​ការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​
– ខ្វះ​ភាព​ធន់ ​(​Resilience​)​ ​នៅពេល​ជួប​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ជាក់ស្តែង​
​- ​ក្លាយ​ជា​ក្មេង​ដែល​ពឹងផ្អែក​លើ​អ្នក​ដទៃ​ខ្លាំង ​និង​បាត់បង់​ភាព​ម្ចាស់​ការ​

​វិធីសាស្ត្រ​កែប្រែ​សម្រាប់​ឪពុក​ម្តាយ

​ប្រសិនបើ​អ្នក​សង្កេតឃើញ​ថា​ខ្លួនឯង​កំពុង​ស្ថិត​ក្នុង​ចំណុច​នេះ​ ​មិន​ចាំបាច់​មាន​ការ​ព្រួយបារម្ភ​នោះ​ទេ​ ព្រោះ​អ្នក​អាច​កែសម្រួល​បាន​បន្តិច​ម្តង​ៗ​៖​

​1​. ​ចាប់ផ្តើម​ពី​ជំហាន​តូច​ៗ​៖​ ​ផ្តល់​ឱកាស​ឱ្យ​កូន​បាន​ជួប​ប្រទះ​ការ​លំបាក​កម្រិត​ស្រាល​ដែល​សមស្រប​នឹង​អាយុ​របស់​ពួក​គេ ​ដើម្បីឱ្យ​ពួកគេ​រៀន​ដោះស្រាយ​ដោយ​ខ្លួនឯង​។
​2.​ ​ពង្រីក​លំហ​សេរីភាព​បន្តិច​ម្តង​ៗ​៖​ អនុញ្ញាតឱ្យ​កូន​ស្វែងយល់​ពី​ពិភព​ជុំវិញ​ខ្លួន​ ​ខណៈ​ដែល​ឪពុក​ម្តាយ​ដើរ​តួ​ជា​អ្នក​សង្កេតការណ៍​ ​និង​រង់ចាំ​ជួយ​នៅពេល​ចាំបាច់​ពិតប្រាកដ​។​
3​. ​បង្រៀន​ជំនាញ​ជីវិត​ជា​ជាង​ការ​ធ្វើ​ជំនួស​៖​ បង្រៀន​កូន​ពី​សុវត្ថិ​ភាព​មូលដ្ឋាន ​និង​បណ្តុះ​ឱ្យ​ពួកគេ​ចេះ​រៀនសូត្រ​ពី​កំហុសឆ្គង​តូចតាច​។​
4​.​ ក​សាង​ភាព​ធន់​ក្នុង​ចិត្ត​របស់​ឪពុក​ម្តាយ​៖ ​ឪពុក​ម្តាយ​ត្រូវ​រៀន​អត់ធ្មត់ ​និង​ទទួល​យក​ឱ្យ​បាន​នូវ​ការ​មើលឃើញ​កូន​ជួប​ការ​លំបាក​បន្តិចបន្តួច​ក្នុង​ដំណើរការ​រៀនសូត្រ​។

​ការ​ចិញ្ចឹម​កូន​ឱ្យ​មាន​សុខភាព​ល្អ ​មិន​មែន​គ្រាន់តែ​ជា​ការ​ការពារ​ពួកគេ​ពី​ពិភព​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​គឺ​ការ​ស្វែងរក​តុល្យភាព​រវាង​ការ​ការពារ និង​ការ​រៀបចំ​កូន​ឱ្យ​មាន​សមត្ថភាព​រស់នៅ​ដោយ​ខ្លួនឯង​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា