រដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ កម្ពុជាពន្លឿនការបម្លែងរដ្ឋាភិបាលឌីជីថល ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ​សុវត្ថិភាព និងបរិយាបន្ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ កម្ពុជាពន្លឿនការបម្លែងរដ្ឋាភិបាលឌីជីថល ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ​សុវត្ថិភាព និងបរិយាបន្ន

រដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ កម្ពុជាពន្លឿនការបម្លែងរដ្ឋាភិបាលឌីជីថល ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ​សុវត្ថិភាព និងបរិយាបន្ន

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា កម្ពុជា កំពុងពន្លឿនការបម្លែងរដ្ឋាភិបាលឌីជីថល ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព និងបរិយាបន្ន ដើម្បីធ្វើឱ្យសេវាសាធារណៈកាន់តែងាយស្រួល មានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ការលើកឡើងនេះធ្វើឡើងក្នុងវេទិកាពិភាក្សាទី២ ដែលជាវេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពីរដ្ឋាភិបាលឌីជីថល នៃ FrancoTech​ 2026 ក្រោមប្រធានបទ «ការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ប្រកប​ដោយ​ភាព​ធន់ បរិយាបន្ន និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ» នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត កំពុងក្លាយ​ជាមូល​ដ្ឋាន​សំខាន់​សម្រាប់​ផ្លាស់ប្តូររបៀបដែលរដ្ឋាភិបាលដំណើរការ និងផ្តល់សេវាសាធារណៈ ខណៈប្រជាពលរដ្ឋ និងវិស័យ​ធុរ​កិច្ចកាន់តែត្រូវការសេវាដែលមានល្បឿនលឿន ងាយស្រួលចូលប្រើ និងមានតម្លាភាព។

ឯកឧត្តមបានគូសបញ្ជាក់ថា ការបម្លែងឌីជីថលមិនគួរត្រឹមតែផ្តោតលើការដាក់សេវា​ដែលមានស្រាប់​ទៅក្នុង ប្រព័ន្ឋឡាញ​នោះទេ ប៉ុន្តែត្រូវរៀបចំឡើងវិញនូវរបៀបដែលរដ្ឋាភិបាលដំណើរការ ដោយកាត់បន្ថយ​នីតិ​វិធីរដ្ឋបាល​ដែលមិនចាំបាច់ និងធ្វើឱ្យសេវាសាធារណៈកាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋ និងវិស័យធុរកិច្ច។

ជាមួយគ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា ការបម្លែងឌីជីថលត្រូវធានាថា មិនបង្កើតវិសមភាពថ្មីៗ ហើយ​បច្ចេកវិទ្យាគួរតែជួយនាំរដ្ឋាភិបាលឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ រួមទាំងប្រជាពលរដ្ឋដែល​រស់នៅ​តាម​តំបន់​ដាច់ស្រយាល។

សម្រាប់កម្ពុជា រដ្ឋមន្ត្រីបានបញ្ជាក់ថា ចក្ខុវិស័យរបស់កម្ពុជាគឺអភិវឌ្ឍ «កម្ពុជាឌីជីថល» ឱ្យក្លាយជាវេទិកាហេដ្ឋា​រចនា​សម្ព័ន្ធសាធារណៈឌីជីថលពហុមុខងារ ដែលអាចគាំទ្រដល់ប្រតិបត្តិការឌីជីថល ការចែករំលែកព័ត៌មាន​ប្រកប​ដោយសុវត្ថិភាព និងការចូលប្រើប្រាស់សេវាសាធារណៈ និងឯកជនបានកាន់តែងាយស្រួល។

ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា គិតត្រឹមខែតុលា ឆ្នាំ២០២៦ ថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថលជាតិ​របស់​កម្ពុជា Verify.gov.kh ត្រូវបានប្រើប្រាស់ដោយក្រសួង និងស្ថាប័នសាធារណៈចំនួន ៣៨ ព្រម​ទាំង​គ្រឹះ​ស្ថាន​អប់រំ​ចំនួន ៧៧ និងបានគាំទ្រការផ្ទៀងផ្ទាត់ឯកសារប្រមាណ ១២លាន។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា ការពន្លឿនការបម្លែងរដ្ឋាភិបាលឌីជីថល ត្រូវការកិច្ចសហប្រតិ​បត្តិការ​រវាងប្រទេសនានា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ សមិទ្ធផល និងដំណោះស្រាយឌីជីថល ជាពិសេសការ​កសាង​ប្រព័ន្ធដែលមានសុវត្ថិភាព បរិយាបន្ន និងអាចបម្រើប្រជាពលរដ្ឋបានកាន់តែប្រសើរ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា