រដ្ឋមន្ត្រី​អប់រំ​ ​៖​ គុណ​ភាព​គ្រូ ​គឺជា​បេះដូង​នៃ​ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រី​អប់រំ​ ​៖​ គុណ​ភាព​គ្រូ ​គឺជា​បេះដូង​នៃ​ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​

រដ្ឋមន្ត្រី​អប់រំ​ ​៖​ គុណ​ភាព​គ្រូ ​គឺជា​បេះដូង​នៃ​ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ ​«​របាយការណ៍​នៃ​កម្មវិធី​អន្តរជាតិ​ស្តីពី​រង្វាយ​តម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស​ ​ឆ្នាំ​២០២៥ ​(​PISA-2025​) ​របស់​ប្រទេស​កម្ពុជា​» ​កាលពី​ថ្ងៃ​ទី​៨​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ឧប​នាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​មានប្រសាសន៍​ថា​ ​គុណ​ភាព​គ្រូ ​គឺជា​បេះដូង​នៃ​ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ។

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​លើកឡើង​ថា​ ​ការ​បង្កើន​គុណ​វុឌ្ឍ​ ​ការ​ដំឡើង​ប្រាក់​បៀវត្ស​គ្រូ​ជិត​បី​ដង​ជា​មធ្យម​ ​និង​ការ​ពង្រឹង​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ ​តាមរយៈ​ការ​ធ្វើ​កំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ ​បាន​ជួយ​លើកកម្ពស់​ការ​រៀនសូត្រ​របស់​សិស្ស​។ ទន្ទឹម​គ្នា​នេះ​ ​គ្រូ​បង្រៀន ​និង​គណៈ​គ្រប់គ្រង​សាលារៀន​ប្រមាណ​ ៦​ពាន់​នាក់​ ​បាន​បញ្ចប់​ការ​បណ្តុះបណ្តាល ​ដោយ​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់។

​តាម​ការ​វិភាគ​លទ្ធផល​ PISA ​បាន​បង្ហាញ​ថា​ ​សាលារៀន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​កំណែទម្រង់​ការ​អប់រំ​ ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​,​ ​ឯកឧត្តម​រដ្ឋមន្រ្តី​មានប្រសាសន៍​ថា​ ​មាន​សាលារដ្ឋ​មួយចំនួន​ទទួល​បាន​លទ្ធផល​ល្អ ​ជាង​សាលា​ឯកជន​ទៀតផង។

​យ៉ាងណា​ក៏ដោយ​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​សង្កត់​ធ្ងន់​ថា​ ​កម្ពុជា​គួរតែ​បន្ត​ពង្រឹង​ប្រព័ន្ធ​បណ្តុះ​បណ្តាល​គ្រូ​ ​១២​+​៤ ​ជា​កំណែទម្រង់​គុណភាព​ដ៏​សំខាន់​។ ​ក្នុង​នោះ​ ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​គ្រូបង្រៀន​ដែល​មាន​គុណភាព​ខ្ពស់​នាពេល​បច្ចុប្បន្ន​ ​នឹង​ទ្រទ្រង់​ដល់​ប្រព័ន្ធ​អប់រំ​សម្រាប់​រាប់​ទសវត្សរ៍​ខាង​មុខ។

«​ទោះបីជា​គុណភាព​សិស្ស​មាន​សារៈសំខាន់​ ​ប៉ុន្តែ​គុណភាព​គ្រូបង្រៀន​រឹតតែ​មាន​សារៈសំខាន់​ជាង​ ​ក្នុង​ការ​រក្សា​បាន​នូវ​ការ​កែលម្អ​ការ​អប់រំ​រយៈពេល​វែង​»

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​បន្ថែម​ថា​ ​លក្ខណៈ​ពិសេស​មួយ​នៃ​លទ្ធផល​ PISA ​របស់​កម្ពុជា​ ​គឺ​គម្លាត​រវាង​សាលារៀន​នៅ​ទីប្រជុំជន​ ​និង​សាលារៀន​នៅ​ជនបទ​មាន​កម្រិត​តូចតាច​ប៉ុណ្ណោះ ​នៅពេល​ដែល​សាលារៀន​ទាំងនោះ​ ​ទទួល​បាន​ផលប្រយោជន៍​ពី​កំណែទម្រង់​ដែល​មាន​ប្រសិទ្ធភាព​។ ​ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​បន្ត​ថា​ ​ការ​កែលម្អ​សាលារៀន​ ​ការ​បណ្តុះ​បណ្តាល​គ្រូ ​និង​នាយក​សាលា ការ​ពង្រឹង​ការ​គ្រប់គ្រង​ ​ការ​វិនិយោគ​លើ​បន្ទប់​ពិសោធន៍​ ​និង​បន្ទប់​កុំព្យូទ័រ ​ព្រមទាំង​ការ​ចូលរួម​ពី​មាតាបិតា​ ​និង​សហគមន៍​ ​សុទ្ធតែ​ជា​កត្តា​រួមចំណែក​ដល់​ការ​លើកកម្ពស់​លទ្ធផល​សិក្សា​របស់​សិស្ស។

​កំណែទម្រង់​វិស័យ​អប់រំ​កម្ពុជា​ ​ចាប់​ពី​ឆ្នាំ​២០១៣ ​មក​ទល់​ពេល​បច្ចុប្បន្ន​ ​បាន​ចាប់ផ្តើម​ពី​ ​ការ​ដាក់​ចេញ​នូវ​កំណែទម្រង់​ ​ដំណាក់កាល​ទី​១ ​ដែល​រួមមាន​ ៨​ចំណុច​៖ ១​.​ ​ការ​បង្កើន​គុណភាព​អប់រំ​ ​២​.​ ការ​ពង្រឹង​ការ​គ្រប់គ្រង​បុគ្គលិក​អប់រំ​ ​៣​.​ ការ​ពង្រឹង​ការ​ប្រឡង​គ្រប់​ប្រភេទ​ ៤​.​ ​កំណែទម្រង់​ឧត្តមសិក្សា​ ៥​.​ ការ​អភិវឌ្ឍ​យុវជន​នូវ​ជំនាញ​បច្ចេកទេស​និង​ជំនាញ​ទន់​ ​៦​.​ ​កំណែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ៧​.​ ​កំណែទម្រង់​ការ​អប់រំ​បច្ចេកទេស​និង​កីឡា​ ​និង​៨​.​ ​ការ​បង្កើត​អង្គភាព​ស្រាវជ្រាវ​គោលនយោបាយ​អប់រំ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា