រដ្ឋមន្ត្រីអប់រំ ជំរុញឱ្យ NIE ផ្សារភ្ជាប់ការបណ្តុះបណ្តាលនាយកសាលា និងគ្រូបង្រៀនទៅនឹងស្តង់ដាតេស្ត PISA | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីអប់រំ ជំរុញឱ្យ NIE ផ្សារភ្ជាប់ការបណ្តុះបណ្តាលនាយកសាលា និងគ្រូបង្រៀនទៅនឹងស្តង់ដាតេស្ត PISA

រដ្ឋមន្ត្រីអប់រំ ជំរុញឱ្យ NIE ផ្សារភ្ជាប់ការបណ្តុះបណ្តាលនាយកសាលា និងគ្រូបង្រៀនទៅនឹងស្តង់ដាតេស្ត PISA

នៅក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ពិគ្រោះយោបល់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ជាយុទ្ធសាស្ត្រថា ការបណ្តុះបណ្តាលនាយកសាលា និងគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ (NIE) ចាំបាច់ត្រូវតែផ្សារភ្ជាប់ និងតម្រង់ទិសឆ្ពោះទៅរកស្តង់ដាតេស្តវាយតម្លៃសមត្ថភាពសិស្សអន្តរជាតិ (PISA) ជាពិសេសលើមុខវិជ្ជាស្នូល ដើម្បីបន្តពង្រឹងគុណភាពអប់រំកម្ពុជាឱ្យកាន់តែរឹងមាំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា គោលដៅស្នូលរបស់វិទ្យាស្ថានជាតិអប់រំ គឺត្រូវធានាឱ្យបានថា គរុនិស្សិតដែលបញ្ចប់ការសិក្សាពិតជាមានសមត្ថភាព និងចេះបង្រៀនសិស្សពិតប្រាកដ ដោយជៀសវាងការពឹងផ្អែកតែលើទ្រឹស្តី។

ដើម្បីសម្រេចបានគោលដៅនេះ ឯកឧត្តមបានផ្តល់ការណែនាំវិទ្យាស្ថានត្រូវចុះពិនិត្យ និងដកស្រង់បទពិសោធផ្ទាល់ពីវិធីសាស្ត្របង្រៀននៅសាលារៀនជំនាន់ថ្មី ព្រមទាំងសិក្សាពីបណ្ដាប្រទេសជឿនលឿន និងវិទ្យាស្ថានជាតិអប់រំនៃប្រទេសដទៃ ដើម្បីរៀបចំចងក្រងជាសៀវភៅណែនាំច្បាស់លាស់ ស្ដីពីវិធីសាស្ត្របង្រៀនដែលមានប្រសិទ្ធភាព ឆ្លើយតបនឹងបរិបទអប់រំកម្ពុជា ដោយផ្ដោតជាសំខាន់លើការអនុវត្តជាក់ស្ដែង ជៀសវាងការផ្ដោតលើទ្រឹស្តីច្រើន។

បន្ថែមពីលើនេះ ការបណ្ដុះបណ្ដាលនាយកសាលា និងគ្រូបង្រៀន ត្រូវតែផ្សារភ្ជាប់និងតម្រង់ទិសឆ្ពោះទៅរកស្ដង់ដាតេស្ត PISA ជាពិសេសលើមុខវិជ្ជាស្នូលរួមមាន៖ ភាសាខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ ដោយត្រូវហ្វឹកហាត់លើការប្រើប្រាស់សំណួរបែបវិភាគ។

ក្រុមការងារ NIE ត្រូវតែសិក្សាស្រាវជ្រាវ និងស្វែងយល់ឱ្យបានស៊ីជម្រៅអំពីទម្រង់តេស្ត PISA នេះជាមុនសិន មុននឹងបន្តយកទៅបណ្ដុះបណ្ដាលដល់គរុនិស្សិត។

ឯកឧត្តមបានបន្ថែមថា ក្រសួងអប់រំនឹងបន្តសហការគាំទ្រដើម្បីឱ្យវិទ្យាស្ថានជាតិអប់រំ បន្តបំពេញបេសកកម្មរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ក្នុងនាមជាគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនជាន់ខ្ពស់ និងជាសសរទ្រូងនៃកំណែទម្រង់គុណភាពវិស័យអប់រំនៅកម្ពុជា។

គួរជំរាបជូនដែរថា កម្មវិធីសម្រាប់ការវាយតម្លៃសិស្សអន្តរជាតិ (PISA) គឺជាការធ្វើតេស្តអន្តរជាតិ ធ្វើឡើងដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) រយៈពេល ៣ឆ្នាំម្តង ដែលវាយតម្លៃប្រព័ន្ធអប់រំតាមរយៈវាស់ស្ទង់ការអនុវត្តរបស់សិស្សអាយុ១៥ឆ្នាំផ្នែកគណិតវិទ្យា ការអាន និងវិទ្យាសាស្ត្រ។

សម្រាប់ឆ្នាំ២០២៥នេះ សិស្សកម្ពុជាទទួលបានកំណើនពិន្ទុខ្លាំងកើនឡើង ១៨ ពិន្ទុលើផ្នែកអំណាន (កើនខ្ពស់លំដាប់ទី៣) បើធៀបនឹងឆ្នាំ២០២២, ៣០ ពិន្ទុ លើផ្នែកគណិតវិទ្យា (កើនខ្ពស់ជាងគេ) និង ៣៥ ពិន្ទុ លើផ្នែកវិទ្យាសាស្ត្រ (កើនខ្ពស់លំដាប់ទី២)។ បើធៀបពីឆ្នាំ ២០១៨ ដល់ ២០២៥ ពិន្ទុកើនឡើង ២៦, ៤១ និង ៥២ ពិន្ទុ តាមលំដាប់។ ជារួម កម្ពុជាមាន ការកំណើនខ្លាំងបំផុតក្នុងចំណោមប្រទេសអាស៊ាន នាំមុខថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា