រដ្ឋមន្រ្តីអប់រំ ៖ ចំណោមសិស្សនិទ្ទេស A, ជាង ៨៧% ជាសិស្សមកពីថ្នាក់វិទ្យាសាស្រ្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអប់រំ ៖ ចំណោមសិស្សនិទ្ទេស A, ជាង ៨៧% ជាសិស្សមកពីថ្នាក់វិទ្យាសាស្រ្ត

រដ្ឋមន្រ្តីអប់រំ ៖ ចំណោមសិស្សនិទ្ទេស A, ជាង ៨៧% ជាសិស្សមកពីថ្នាក់វិទ្យាសាស្រ្ត

ត្បិតថាក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិកន្លងទៅនេះ ចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត​សង្គម​ មានចំនួនច្រើនជាងចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត ប៉ុន្តែ​ក្នុង​ចំណោម​សិស្សទទួលបាននិទ្ទេស A ជាង២ពាន់នាក់ គឺសិស្ស ៨៧,៣៤% ជាសិស្ស​មក​ពីថ្នាក់វិទ្យាសាស្រ្ត ហើយផ្ទុយទៅវិញ សិស្ស​ទទួលបាន​និទ្ទេស C, D និង E ភាគច្រើនជា​សិស្ស​​មកពីថ្នាក់​វិទ្យាសាស្រ្ត​សង្គម។ នេះជា​របាយការណ៍​លើក​ឡើង​របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ពិធីសំណេះសំណាលជាមួយ​សិស្ស​និទ្ទេស A ក្រោម​អធិបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ថ្វីបើសិស្សជ្រើសរើសថ្នាក់វិទ្យាសាស្រ្តមានប្រមាណ ២៥% (២៤,៩៤%) នៃចំនួន សិស្សមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែសិស្សទាំងនោះ សុទ្ធតែជាសិស្សពូកែ (ដោយទទួលបាននិទ្ទេស A, B និង C) រហូតដល់ ១៤,១៥៤នាក់ ស្មើនឹង ៤៣,១២% នៃអ្នកជាប់ក្នុងថ្នាក់វិទ្យាសាស្ត្រ និងមានសិស្សស្រីដណ្តើមបាននិទ្ទេស A ដល់ទៅ ៥២,៤៩% ដែលជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា។

ឆ្លើយតបនឹងចំនួនសិស្ស​ថ្នាក់វិទ្យាសាស្រ្តមានចំនួនតិចជាងសិស្សថ្នាក់វិទ្យាសាស្រ្តសង្គម ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការថយចុះនៃចំនួនសិស្សរៀនថ្នាក់វិទ្យាសាស្ត្រ មិនមែន​ជាការ​ថយចុះ​នៃ​គុណភាព​នោះ​ទេ ប៉ុន្តែជា «ការចម្រាញ់យកគុណភាពពិតប្រាកដ»។ ឯកឧត្តមបញ្ជាក់ថា សិស្សថ្នាក់វិទ្យាសាស្ត្របច្ចុប្បន្ន គឺ​ជា​កម្លាំង​ស្នូលដ៏រឹងមាំផ្នែក STEM ខណៈ​ដែល​សិស្ស​ថ្នាក់វិទ្យាសាស្ត្រ​សង្គម​ក៏​បាន​បង្ហាញ​ពី​សមត្ថភាព​ វិភាគ និងការយល់ដឹងស៊ីជម្រៅ ដែល​នេះ​ ជា​មូលដ្ឋាន​គ្រឹះ​ធនធាន​មនុស្ស​ដ៏​សំខាន់​ក្នុង​ការជំរុញ កម្ពុជា ឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១.២៣៨នាក់ (ស្រី ៨៤.៧៣៥នាក់) ដោយថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥នាក់ ស្មើនឹង៣០ភាគរយ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង៧០ភាគរយ។ ហើយបេក្ខជនបានប្រឡងជាប់សរុប ១២៥.៩៧៥នាក់ (ស្រី ៧៤.៩៨២នាក់)។ ក្នុងនោះ បេក្ខជនទទួលបាន និទ្ទេស A ចំនួន ២.០២២នាក់ (ស្រី ១.០៨១នាក់), និទ្ទេស B ចំនួន ៨.៨៤៨នាក់ (ស្រី ៥.៤៨៦នាក់), និទ្ទេស C ចំនួន ២៣.៤២២នាក់ (ស្រី១៥.២១៤នាក់), និទ្ទេស D ចំនួន ៤៤.៨៦៩នាក់ (ស្រី ២៧.៧៤៣នាក់) និង និទ្ទេស E ចំនួន ៤៦.៨១៤នាក់ (ស្រី ២៥.៤៥៨ នាក់)៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា