រដ្ឋមន្រ្តី ៖ ការអប់រំគួរតែបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកសិក្សាដោយខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តី ៖ ការអប់រំគួរតែបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកសិក្សាដោយខ្លួនឯង

រដ្ឋមន្រ្តី ៖ ការអប់រំគួរតែបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកសិក្សាដោយខ្លួនឯង

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអប់រំគួរតែបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកសិក្សាដែលគ្រប់គ្រងដោយខ្លួនឯង (Self-Regulated Learner) នៅក្នុងបរិបទពិភពលោកទំនើបនេះ។

Advertisement

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីតាំងថ្មី សាលារៀន AUPP Liger Leadership Academy នាព្រឹកថ្ងៃចន្ទ (២៣ មីនា) ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការបណ្តុះបណ្តាលសិស្សឱ្យក្លាយជា អ្នកសិក្សាដោយខ្លួនឯង (Self-Regulated Learner) គឺសិស្សមានវិន័យ មានការប្តេជ្ញាចិត្ត និងគោលដៅ ដើម្បីអនុវត្តវិធីសាស្រ្តបង្រៀនផ្សេងៗ និងជំនាញមូលដ្ឋានគ្រឹះ ដូចជា អក្សរសាស្រ្ត គណិតវិទ្យា វិទ្យាសាស្រ្ត ហើយបន្ទាប់មកអនុវត្ត ដើម្បីស្វែងរកដំណោះស្រាយ។

«ខ្ញុំគិតថា នេះមានសារៈសំខាន់ចំពោះពិភពលោកទំនើប»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា ការផ្លាស់ប្តូរនៅក្នុងលំដាប់សកល (Global Order) រួមទាំងការផ្លាស់ប្តូរសេដ្ឋកិច្ច នយោបាយ និងបច្ចេកវិទ្យា​ ក៏ដូចជា AI តម្រូវឱ្យមានការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយឈ្លាសវៃ និងប្រកបដោយការទទួលខុសត្រូវ។ លើសពីនេះ ការប្រើប្រាស់ វិធីសាស្រ្តសាកសួរ (Inquiry Approach) និងវិធីសាស្រ្តដោះស្រាយបញ្ហា (Problem-Solving Approach) គឺដើម្បីលើកកម្ពស់ចំណេះដឹង (Knowledge) ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងចំណោមសិស្ស​ដើម្បីបង្កើតថ្មី។

លោកស្រី Janet Tartaglia នាយិកាសាលា AUPP Liger Leadership Academy បានឱ្យដឹងថា កម្មវិធីសិក្សារបស់សាលា ផ្តោតទៅលើសិស្សជាចម្បង ដោយបញ្ចូលការសិក្សាផ្នែកវិទ្យាសាស្ត្រ ការបណ្តុះបណ្តាលភាពដឹកនាំ ការស្រាវជ្រាវរបស់សិស្ស ការដោះស្រាយបញ្ហាពិតៗក្នុងសង្គម ការអភិវឌ្ឍអត្តចរិត និងជំនាញបំណិនជីវិតសំខាន់ៗ។ លោកស្រីបន្ថែមថា សាលាក៏ផ្តល់ឱ្យសិស្សនូវបរិយាកាសដ៏ល្អ ដើម្បីឱ្យសិស្សអភិវឌ្ឍខ្លួនជាបុគ្គលមានសមត្ថភាព និងក្លាយជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ និងមានគំនិតសហគ្រិនភាព៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា