រដ្ឋមន្ត្រីក្រសួងអប់រំ ៖ កិច្ចប្រជុំហ្វ្រង់កូហ្វូនីជាព្រឹត្តិការណ៍សំខាន់ប្រៀបបានដូចកិច្ចប្រជុំអាស៊ាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងអប់រំ ៖ កិច្ចប្រជុំហ្វ្រង់កូហ្វូនីជាព្រឹត្តិការណ៍សំខាន់ប្រៀបបានដូចកិច្ចប្រជុំអាស៊ាន

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ កិច្ចប្រជុំហ្វ្រង់កូហ្វូនីជាព្រឹត្តិការណ៍សំខាន់ប្រៀបបានដូចកិច្ចប្រជុំអាស៊ាន

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចាត់ទុកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះថា ជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយ ដែលអាចប្រៀបបាននឹងកិច្ចប្រជុំអាស៊ាន និងជាឱកាសសម្រាប់កម្ពុជាបង្ហាញពីស្ថិរភាពនយោបាយ សន្តិសុខ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមទៅកាន់ពិភពលោក។

ឯកឧត្តម ហង់ជួន ណារ៉ុន លើកឡើងថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងប្រវត្តិសាស្ត្ររវាងកម្ពុជា បារាំង និងប្រទេសនិយាយភាសាបារាំងផ្សេងទៀត។

ឯកឧត្តមបានបញ្ជាក់ថា ការដែលកម្ពុជាអាចទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗបែបនេះ គឺជាសក្ខីភាពបង្ហាញពីស្ថិរភាពនយោបាយ និងសុវត្ថិភាពនៅកម្ពុជា ព្រមទាំងជាឱកាសផ្សព្វផ្សាយអំពីវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសទៅកាន់សហគមន៍អន្តរជាតិ។

«បន្ទាប់ពីកិច្ចប្រជុំអាស៊ាន នេះគឺជាកិច្ចប្រជុំធំជាងគេនៅអាស៊ី» ឯកឧត្តម ហង់ជួន ណារ៉ុន បានមានប្រសាសន៍ ដោយចាត់ទុកកិច្ចប្រជុំនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីមិនត្រឹមតែជាវេទិកាការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់កម្ពុជាបង្ហាញពីសក្តានុពលរបស់ខ្លួន និងផ្សព្វផ្សាយប្រទេសទៅកាន់ពិភពលោក។ ស្ថិរភាពនយោបាយ សន្តិសុខ និងសុខសន្តិភាពពេញលេញ ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់ដែលអាចជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា។

ឯកឧត្តមបានបន្ថែមថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក៏មានសារៈសំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងប្រវត្តិសាស្ត្ររវាងកម្ពុជា និងប្រទេសបារាំង ព្រមទាំងប្រទេសសមាជិក និងប្រទេសសង្កេតការណ៍នៃសហគមន៍ហ្វ្រង់កូហ្វូនី។

តាមរយៈការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ កម្ពុជារំពឹងថានឹងអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ ខណៈជំរុញការផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក។

សូមជម្រាបថា កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពីប្រទេសប្រមាណ៩០៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា