កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ នឹងបណ្ដុះកុមារឱ្យមានមូលដ្ឋានគ្រឹះរឹងមាំលើចំណេះដឹងឌីជីថល តាំងពីកម្រិតបឋមសិក្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ នឹងបណ្ដុះកុមារឱ្យមានមូលដ្ឋានគ្រឹះរឹងមាំលើចំណេះដឹងឌីជីថល តាំងពីកម្រិតបឋមសិក្សា

កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ នឹងបណ្ដុះកុមារឱ្យមានមូលដ្ឋានគ្រឹះរឹងមាំលើចំណេះដឹងឌីជីថល តាំងពីកម្រិតបឋមសិក្សា

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត​សភាចារ្យ​ ហង់ជួន ណារ៉ុន បានបង្ហាញក្តីរំពឹងថា ការដាក់ឱ្យប្រើប្រាស់កម្មវិធីអប់រំបច្ចេកវិទ្យា និងការគិតបែបកុំព្យូទ័រនៅតាមសាលារៀន នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការបណ្ដុះកុមារកម្ពុជា ឱ្យមានមូលដ្ឋានគ្រឹះរឹងមាំលើចំណេះដឹងឌីជីថល និងមានចំណង់ចំណូលចិត្តសិក្សាតាំងពីកម្រិតមូលដ្ឋាន ដើម្បីបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលមួយប្រកបដោយនិរន្តរភាព។

Advertisement

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការអនុវត្ត «កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ Cool Think@JC» និងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៅតាមសាលារៀនគោលដៅ កាលពីចុងសប្តាហ៍នេះ ដោយ​មានការ​ចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ ក៏ ដូចជាពីសំណាក់ លោក Jackson Woo ប្រធានក្រុមប្រឹក្សាមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង (The Hong Kong Jockey Club Charities Trust) គណៈប្រតិភូមូលនិធិ និងសមាគមគ្រូបង្រៀនទីក្រុងហុងកុង ព្រមទាំងគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូបង្គោល មកពីសាលាគោលដៅ តាមបណ្ដារាជធានី-ខេត្តទាំង៨។

ឯកឧត្តមបណ្ឌិត​សភាចារ្យ​ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ចាប់តាំងពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ នាយកដ្ឋានបរិវត្តកម្មឌីជីថល និងមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង សម្រេចបាននូវមោទនភាពមួយ គឺការបកប្រែសម្រួលសៀវភៅសិក្សាគោល CoolThink@JC សម្រាប់សិស្ស និងគ្រូទាំង ៣កម្រិត (ចាប់ពីថ្នាក់ទី៤ ទី៥ និងទី៦) បានចប់សព្វគ្រប់តាមផែនការ។

ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមមានប្រសាសន៍ថា កម្មវិធីសិក្សានេះ មិនត្រឹមតែផ្ដល់ចំណេះដឹងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវគំនិតផ្ដួចផ្ដើមថ្មី ក្នុងការផ្លាស់ប្ដូរសិស្សកម្ពុជា-ហុងកុង នាពេលអនាគតផងដែរ។

ដើម្បីធានាឱ្យបានប្រសិទ្ធភាពខ្ពស់ និងភាពរឹងមាំនៃមូលដ្ឋានគ្រឹះឌីជីថលរបស់កុមារនៅតាមសាលារៀន ឯកឧត្តមបណ្ឌិតសភាចារ្យ បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៤ ដូចខាងក្រោម៖

១) លោកនាយក លោកស្រីនាយិកា ត្រូវដើរតួជាអ្នកដឹកនាំប្រកបដោយឆន្ទៈ និងជាអ្នកថែទាំហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយត្រូវធានាថា បន្ទប់កុំព្យូទ័រ និងសម្ភារបរិក្ខារត្រូវបានថែទាំយ៉ាងល្អ និងបើកចំហ ដើម្បីសិស្សានុសិស្សបានប្រើប្រាស់យ៉ាងពិតប្រាកដ។ គណៈគ្រប់គ្រងសាលាត្រូវផ្ដល់អាទិភាព និងគាំទ្រយ៉ាងពេញទំហឹងដល់លោកគ្រូ អ្នកគ្រូបង្គោល រៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់​លាស់ទាំងក្នុងម៉ោងសិក្សា និងការបង្កើតក្លឹបសិក្សាក្រៅម៉ោង។

២) លោកគ្រូ អ្នកគ្រូបង្គោល ត្រូវដើរតួជាអ្នកណែនាំ (Mentors) និងជាអ្នកចែករំលែកចំណេះដឹង។ លោកគ្រូ អ្នកគ្រូដែលបានទទួលការបណ្ដុះបណ្ដាលបច្ចេកទេស ត្រូវមានស្មារតីលះបង់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការនាំយកចំណេះដឹងនេះទៅបង្រៀនកុមារ និងត្រូវបន្តចែករំលែកចំណេះដឹង (Peer-to-Peer Learning) ទៅកាន់សហការីរួមសាលារបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពឌីជីថលជាសមូហភាព។

៣) សាលារៀនត្រូវប្រែក្លាយខ្លួនជាកន្លែងកាត់បន្ថយគម្លាតឌីជីថល (Inclusive Space) ដោយត្រូវធានាថាសិស្សានុសិស្សគ្រប់រូប ជាពិសេសសិស្សស្រី និងសិស្សនៅតាមតំបន់ជនបទខេត្តគោលដៅ ទទួលបានឱកាសស្មើៗគ្នាក្នុងការរៀនសរសេរកូដ និងការអភិវឌ្ឍការគិត ដោយមិនទុកនរណាម្នាក់ចោលឡើយ។

៤) ការពង្រឹងទំនាក់ទំនងជាមួយសហគមន៍ និងមាតាបិតា ដោយសាលារៀនត្រូវបង្ហាញពីលទ្ធផល និងស្នាដៃច្នៃប្រឌិតរបស់កុមារ (ហ្គេម ឬគំនូរជីវចលដែលពួកគេបង្កើត) ជូនដល់មាតាបិតា និងសហគមន៍បានឃើញ ដើម្បីទទួលបានការគាំទ្រ និងការយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការអប់រំឌីជីថលតាំងពីវ័យក្មេង។

គួរជំរាបជូនថា គម្រោងនេះ មានរយៈពេលបីឆ្នាំ ដោយនឹងនាំមកនូវការអប់រំគិតបែបកុំព្យូទ័រដល់សាលាបឋមសិក្សារដ្ឋចំនួន ១០០កន្លែង ដែលមានសិស្សចំនួន ៣ម៉ឺននាក់ និងគ្រូបង្រៀនចំនួន ៥០០ នាក់នៅកម្ពុជា ជួយជំរុញការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតក្នុងការអប់រំនៅកម្ពុជា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា