រដ្ឋមន្ត្រី​ព្រីត​ថេន​ស្វែងយល់​ពី​ស្ថានភាព​កុមារ​រងគ្រោះ​ពី​ជម្លោះ​ព្រំដែន​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រី​ព្រីត​ថេន​ស្វែងយល់​ពី​ស្ថានភាព​កុមារ​រងគ្រោះ​ពី​ជម្លោះ​ព្រំដែន​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​

រដ្ឋមន្ត្រី​ព្រីត​ថេន​ស្វែងយល់​ពី​ស្ថានភាព​កុមារ​រងគ្រោះ​ពី​ជម្លោះ​ព្រំដែន​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​មកកាន់​កម្ពុជា​ ​លោក​ស្រី​ Rosie ​Winterton ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់​ព្រីត​ថេន ​(​ចក្រភព​អង់គ្លេស​) ​បាន​ចុះ​ទៅកាន់​តំបន់​គោក​ប្រាសាទ​ ​ខេត្ត​ឧត្តរមានជ័យ ​ដើម្បី​ស្វែងយល់​ដោយ​ផ្ទាល់​ពី​ស្ថានភាព​កុមារ ​និង​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ពី​ភាព​តានតឹង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ។

យោង​តាម​ស្ថានទូត​ព្រីត​ថេន​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​ថា​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​លោក​ស្រី​ ​Winterton ​បាន​ជួប​សហគមន៍​ដែល​រង​ផលប៉ះពាល់ ​ដើម្បី​ស្តាប់​ពី​បញ្ហា​ប្រឈម​ ​អាទិភាព​ ​និង​តម្រូវការ​របស់​គ្រួសារ​ ​ព្រមទាំង​ស្វែងយល់​ពី​ផលប៉ះពាល់​ដែល​កុមារ​កំពុង​ប្រឈមមុខ។

​លោក​ស្រី​ក៏​បាន​ចុះ​ពិនិត្យ​កម្មវិធី​អប់រំ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ព្រីត​ថេន ​និង​បាន​ជួប​កុមារ​ដែល​បាន​ឆ្លងកាត់​បទពិសោធន៍​លំបាក​ ​ប៉ុន្តែ​នៅតែ​បន្ត​ខិតខំ​សិក្សា​។ ​ជាមួយគ្នា​នេះ​ ​លោក​ស្រី​បាន​ស្តាប់​ពី​គ្រួសារ​ ​និង​ថ្នាក់ដឹកនាំ​សហគមន៍​អំពី​តម្រូវការ​ជាក់ស្តែង​នៅ​មូលដ្ឋាន​ផងដែរ។

​ក្នុង​ជំនួប​ជាមួយ​ ​ឯកឧត្តម​ ​មាន​ ​ចាន់​យ៉ាដា អភិបាល​ខេត្ត​ឧត្តរមានជ័យ​ ​លោក​ស្រី​រដ្ឋមន្ត្រី​បាន​ពិភាក្សា​អំពី​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​រវាង​ព្រីត​ថេន ​និង​ដៃគូ​ក្នុង​ស្រុក​ ​ដើម្បី​គាំទ្រ​សហគមន៍​ដែល​រង​ផលប៉ះពាល់ ​និង​ជួយ​ឱ្យ​កុមារ​អាច​បន្ត​ការ​សិក្សា​បាន។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យយល់ឃើញថា វត្តមានរបស់លោកស្រី Rosie Winterton មកកាន់ទឹកដីខេត្តឧត្តរមានជ័យ និងការចុះផ្ទាល់នៅសាលាបឋមសិក្សាគោកប្រាសាទនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពអន្តរជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាល និងប្រជាជនព្រីតថេន ក្នុងការរួមចំណែកស្តារឡើងវិញនូវវិស័យអប់រំ និងនាំយកក្តីសង្ឃឹមមកជូនកុមាររងគ្រោះដោយសារសង្គ្រាម។ កម្ពុជាត្រូវការសន្តិភាពជាចាំបាច់ ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសរៀនសូត្រឬការអភិវឌ្ឍន៍ខ្លួនឡើយ។

​ស្ថានទូត​ព្រីត​ថេន​បាន​បញ្ជាក់​ថា​ ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ក៏​ដោយ​ ​កុមារ​ភាព ​និង​ការ​អប់រំ​ត្រូវតែ​បន្ត​។ ​ព្រីតថេន​ប្តេជ្ញា​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ ​និង​ដៃគូ ​ដើម្បី​គាំទ្រ​សហគមន៍​ដែល​រង​ផលប៉ះពាល់ ​ជួយ​ឱ្យ​កុមារ​បន្ត​ការ​សិក្សា​ ​និង​លើកកម្ពស់​កិច្ច​សន្ទនា​ដោយ​សន្តិវិធី​រវាង​កម្ពុជា​ ​និង​ថៃ។​

​លោក​ស្រី​ Rosie ​Winterton ​បាន​មានប្រសាសន៍​ថា​ ​កម្ពុជា​ស្ថិត​នៅ​ចំ​កណ្តាល​តំបន់​ដែល​មាន​សារៈសំខាន់​សម្រាប់​សន្តិសុខ​ ​និង​វិបុល​ភាព​របស់​ព្រីត​ថេន​។ ​លោក​ស្រី​បាន​បញ្ជាក់​ថា​ ​ព្រីតថេន​ប្តេជ្ញាចិត្ត​ចំពោះ​ស្ថិរ​ភាព ​និង​ការ​អភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា ​ព្រមទាំង​ធ្វើ​ការ​រួមគ្នា​ដើម្បី​តំបន់​មួយ​ដែល​មាន​សន្តិភាព​ ​និង​វិបុល​ភាព។

​ស្ថានទូត​ព្រីត​ថេន​បាន​បញ្ជាក់​ថា​ ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ព្រីត​ថេន​ចំពោះ​សន្តិភាព​ប្រកបដោយ​ចីរភាព​ ​និង​ការ​អនុវត្ត​ពេញលេញ​នៃ​បទ​ឈប់​បាញ់​ដែល​បាន​ឯកភាព​កាលពី​ខែ​ធ្នូ ​ឆ្នាំ​២០២៥។

​ក្រៅ​ពី​ចុះ​ទស្សនកិច្ច​នៅ​ខេត្ត​ឧត្តរមានជ័យ​ ​លោក​ស្រី​ ​Rosie ​Winterton ​ក៏​មាន​គម្រោង​ជួប​ជាមួយ​ ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងទៀត ​ដើម្បី​ពិភាក្សា​ ​និង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ផងដែរ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា