ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ព្រីត​ថេន​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​អប់រំ​កម្ពុជា​ ​តាមរយៈ​ជំនួប​សំខាន់​ៗ​៣​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ព្រីត​ថេន​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​អប់រំ​កម្ពុជា​ ​តាមរយៈ​ជំនួប​សំខាន់​ៗ​៣​

ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ព្រីត​ថេន​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​អប់រំ​កម្ពុជា​ ​តាមរយៈ​ជំនួប​សំខាន់​ៗ​៣​

ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ ​Baroness ​Winterton ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់​ព្រីត​ថេន​មកកាន់​កម្ពុជា​ ​បាន​ផ្តល់​ឱកាស​សំខាន់​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ​ជាពិសេស​វិស័យ​ឧត្តមសិក្សា​ ​តាមរយៈ​ជំនួប​ ​និង​កិច្ច​ពិភាក្សា​សំខាន់​ៗ​ចំនួន​៣។​

​ឯកឧត្តម​ ​សោម ​រតនា ​អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​បាន​ឱ្យ​ដឹង​ថា​ ​ជំនួប​សំខាន់​ៗ​ទាំង​៣​នេះ​ មាន​សារៈសំខាន់​ក្នុង​ការ​ស្វែងរក​ឱកាស​ថ្មី​ៗ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កម្ពុជា ​ជាពិសេស​ការ​លើកកម្ពស់​គុណភាព​ឧត្តមសិក្សា​ ​និង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។

​ជំនួប​ទី​១ ​គឺ​ការ​ពិភាក្សា​ការងារ​ ​និង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​រវាង​ព្រីត​ថេន ​និង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​ក្រោម​វត្ត​មាន​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់ ​ជួន​ណារ៉ុន ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​និង​លោក​ជំទាវ Baroness ​Winterton​។ ​កិច្ច​ព្រមព្រៀង​នេះ​មាន​គោលបំណង​ពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​ឧត្តម​សិក្សា។

​ជំនួប​ទី​២ ​គឺ​ការ​ពិភាក្សា​ការងារ​ជាមួយ​ DI​CHI Academy ​ដើម្បី​ស្វែងរក​លទ្ធភាព​ក្នុង​ការ​ដាក់​បញ្ចូល​បច្ចេកវិទ្យា​ទៅក្នុង​ការ​សិក្សា​កម្រិត​ឧត្តម​សិក្សា​ ស្រប​តាម​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា ​និង​តម្រូវការ​ជំនាញ​ថ្មី​ៗ​ក្នុង​ទីផ្សារ​ការងារ។

​ចំណែក​ជំនួប​ទី​៣ ​គឺ​ការ​ពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ Study ​International ​(​Cambodia​)​ ​Co​.​,​ Ltd​. ​ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ស្វែងរក​ការ​ទទួល​ស្គាល់​គុណភាព​អប់រំ​កម្រិត​អន្តរជាតិ​សម្រាប់​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ​ ​ដែល​អាច​រួមចំណែក​លើក​កម្ពស់​ស្តង់ដារ​អប់រំ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​នៅ​កម្រិត​អន្តរជាតិ។

​លោក​ជំទាវ B​aroness ​Winterton ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ​បាន​លើកឡើង​ថា​ ព្រីតថេន​នៅតែ​ប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​ចំពោះ​ស្ថិរ​ភាព ​និង​ការ​អភិវឌ្ឍ​រយៈពេល​វែង​របស់​កម្ពុជា។​

​លោក​ជំទាវ​ក៏​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​វិស័យ​អប់រំ​ ​ក្នុង​ការ​ចូលរួម​សម្រេច​ចក្ខុវិស័យ​របស់​កម្ពុជា​ ​ក្នុង​ការ​ប្រែក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ​និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ទាំងនេះ​ ភាគី​កម្ពុជា​ ​និង​ព្រីត​ថេន ​រំពឹង​ថា​ ​នឹង​អាច​បន្ត​ពង្រឹង​ទំនាក់ទំនង​ក្នុង​វិស័យ​អប់រំ ​ជំរុញ​ការ​ផ្លាស់ប្តូរ​ចំណេះដឹង​ ​និង​បច្ចេកវិទ្យា​ ​ព្រមទាំង​បង្កើន​ឱកាស​សិក្សា​ ​និង​ការ​ទទួល​ស្គាល់​គុណភាព​អប់រំ​កម្ពុជា​នៅ​កម្រិត​អន្តរជាតិ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា