បើកទំព័រឆ្នាំសិក្សាថ្មី! ក្រសួងអប់រំដាក់ចេញយុទ្ធសាស្ត្រពង្រឹងគុណភាពអប់រំតាមសាលារៀនទូទាំងប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បើកទំព័រឆ្នាំសិក្សាថ្មី! ក្រសួងអប់រំដាក់ចេញយុទ្ធសាស្ត្រពង្រឹងគុណភាពអប់រំតាមសាលារៀនទូទាំងប្រទេស

បើកទំព័រឆ្នាំសិក្សាថ្មី! ក្រសួងអប់រំដាក់ចេញយុទ្ធសាស្ត្រពង្រឹងគុណភាពអប់រំតាមសាលារៀនទូទាំងប្រទេស

ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញយុទ្ធសាស្ត្រកំណែទម្រង់ជាច្រើន ដើម្បីពង្រឹងគុណភាពសាលារៀន គ្រូបង្រៀន និងលទ្ធផលសិក្សារបស់សិស្សានុសិស្សនៅទូទាំងប្រទេស។

ក្នុងពិធីបើកបវេសនកាលនៅវិទ្យាល័យទួលប្រាសាទសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ការកែទម្រង់នឹងផ្តោតលើការកែលម្អស្តង់ដាសាលារៀន ការពង្រឹងគុណភាពគ្រូបង្រៀន ការអភិវឌ្ឍសមត្ថភាពសិស្ស និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ។

យុទ្ធសាស្ត្រសំខាន់ៗរួមមាន ការពង្រីកម៉ោងសិក្សាពី៤ម៉ោង ដល់៦ម៉ោងក្នុងមួយថ្ងៃ ដោយផ្តោតលើភាសាខ្មែរ និងគណិតវិទ្យា ការជំរុញការអប់រំ STEM ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការសិក្សាប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងការតម្រង់ទិសអាជីពចាប់ពីថ្នាក់ទី៧ ព្រមទាំងជំរុញការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ។

ក្រៅពីនេះ ក្រសួងនឹងបន្តកែលម្អបរិស្ថានសាលារៀន ពង្រឹងអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារ បង្ការគ្រឿងញៀន និងផលិតផលថ្នាំជក់ លើកកម្ពស់វិន័យ សីលធម៌ ព្រមទាំងជំរុញការអប់រំកាយ និងកីឡាយ៉ាងតិច២ម៉ោងក្នុងមួយសប្តាហ៍។

ការដាក់ចេញវិធានការទាំងនេះ ធ្វើឡើងបន្ទាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយអត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិមាន ៩៥% និងមធ្យមសិក្សាទុតិយភូមិ រួមទាំងសញ្ញាបត្រអប់រំបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មាន ៨៤% ក្នុងនោះសិស្សនិទ្ទេស A មានចំនួន ២ ០៤៤នាក់។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យអប់រំ ដោយជំរុញឱ្យសាលារៀនមានប្រសិទ្ធភាព អភិបាលកិច្ចល្អ និងគណនេយ្យភាព ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។

សម្តេចធិបតីក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល នាំកុមារដែលដល់អាយុចូលរៀន ជាពិសេសកុមារអាយុ៣ដល់៥ឆ្នាំ ចូលរៀនមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ ឬ៧០ខែ ចូលរៀនបឋមសិក្សា នៅតាមសាលាសាធារណៈទូទាំងប្រទេស។

ការបើកទំព័រឆ្នាំសិក្សាថ្មីនេះ គឺជាការបន្តជំរុញកំណែទម្រង់វិស័យអប់រំ ដោយមានការចូលរួមពីគ្រូបង្រៀន សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា កុមារកម្ពុជាទទួលបានការអប់រំប្រកបដោយគុណភាព មានចំណេះដឹង ជំនាញ វិន័យ និងសីលធម៌ សម្រាប់ក្លាយជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា