លទ្ធផល CSFAP លើកទី១ ផ្តោតលើការពង្រឹងឧត្តមសិក្សា និងការស្រាវជ្រាវ តាមរយៈការចែករំលែកបទពិសោធអ្នកជំនាញអប់រំអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លទ្ធផល CSFAP លើកទី១ ផ្តោតលើការពង្រឹងឧត្តមសិក្សា និងការស្រាវជ្រាវ តាមរយៈការចែករំលែកបទពិសោធអ្នកជំនាញអប់រំអន្តរជាតិ

លទ្ធផល CSFAP លើកទី១ ផ្តោតលើការពង្រឹងឧត្តមសិក្សា និងការស្រាវជ្រាវ តាមរយៈការចែករំលែកបទពិសោធអ្នកជំនាញអប់រំអន្តរជាតិ

វេទិកាវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) លើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានផ្តោតសំខាន់លើការអប់រំឧត្តមសិក្សា និងការស្រាវជ្រាវ ដោយជំរុញឱ្យស្ថាប័នអប់រំ និងសាកលវិទ្យាល័យក្នុងតំបន់ បង្កើនការចែករំលែកចំណេះដឹង បទពិសោធ និងការអភិវឌ្ឍសមត្ថភាពរួមគ្នា។

វេទិកានេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ អប់រំ និងការស្រាវជ្រាវ។

លោកបណ្ឌិត សំអោរ អង្គារតន៍ អគ្គនាយករងគោលនយោបាយ និងផែនការនៃក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ AMS ថា លទ្ធផលសំខាន់មួយនៃកិច្ចប្រជុំនេះ គឺការបង្ហាញ និងផ្លាស់ប្តូរបទពិសោធន៍អំពីស្ថានភាពនៃការអប់រំឧត្តមសិក្សា និងការស្រាវជ្រាវរវាងកម្ពុជា និងបណ្តាប្រទេសជឿនលឿនក្នុងតំបន់ ជាពិសេសបទពិសោធន៍ពីប្រទេសជប៉ុន។

លោកបណ្ឌិត សំអោរ អង្គារតន៍ អគ្គនាយករងគោលនយោបាយ និងផែនការនៃក្រសួងអប់រំ យុវជន និងកីឡា

លោកបណ្ឌិតបញ្ជាក់ថា កិច្ចពិភាក្សាមិនបានផ្តោតត្រឹមតែទៅលើការអប់រំនិស្សិតនៅក្នុងសាកលវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការផ្លាស់ប្តូរបទពិសោធរបស់សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវពីប្រទេសមួយទៅប្រទេសមួយ ដើម្បីបង្កើនការយល់ដឹង និងសហការរវាងស្ថាប័នឧត្តមសិក្សានានា។

លោកបណ្ឌិត សំអោរ អង្គារតន៍ មានប្រសាសន៍ថា «អ្វីដែលជាចំណុចសំខាន់សម្រាប់យើង គឺធ្វើយ៉ាងម៉េចឱ្យការចែករំលែកមានភាពទូលំទូលាយ»។ ដោយសង្កត់ធ្ងន់លើការកាត់បន្ថយគម្លាតចំណេះដឹង និងបទពិសោធរវាងសាកលវិទ្យាល័យមួយ និងសាកលវិទ្យាល័យមួយទៀត ដែលជាសមាជិកនៃបណ្តាញកិច្ចសហប្រតិបត្តិការនេះ។

ជាមួយគ្នានេះ ការចែករំលែកបទពិសោធន៍ក្នុងវេទិកា ក៏ត្រូវបានចាត់ទុកថាជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកស្រាវជ្រាវ និងការអប់រំឧត្តមសិក្សា ដោយអនុញ្ញាតឱ្យស្ថាប័ននានាស្វែងយល់ពីគំរូ និងបទពិសោធរបស់ប្រទេសផ្សេងៗ ហើយយកមកពិចារណាក្នុងការអភិវឌ្ឍវិស័យឧត្តមសិក្សារបស់ខ្លួន។

លោកបណ្ឌិត សំអោរ អង្គារតន៍ ក៏បានលើកឡើងថា ការផ្លាស់ប្តូរគ្រូបង្រៀន អ្នកស្រាវជ្រាវ និងចំណេះដឹងរវាងស្ថាប័នឧត្តមសិក្សា គឺជាចំណុចសំខាន់ ដើម្បីឱ្យសមាជិកក្នុងបណ្តាញអាចរៀនសូត្រពីគ្នា និងបង្កើតកិច្ចសហការថ្មីៗក្នុងតំបន់។

តាម​រយៈលទ្ធផលនៃកិច្ចពិភាក្សា CSFAP លើកទី១ កម្ពុជាបានទទួលបទពិសោធន៍ពីបណ្តាប្រទេសជាដៃគូ ខណៈវេទិកានេះក៏បានបើកឱកាសឱ្យស្ថាប័នឧត្តមសិក្សាកម្ពុជាបង្កើនការតភ្ជាប់ជាមួយសាកលវិទ្យាល័យ និងអ្នកស្រាវជ្រាវក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីរួមចំណែកលើកកម្ពស់គុណភាពឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា។

សូមជម្រាបថា វេទិកាវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) លើកទី១ បានបិទបញ្ចប់កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៧ ក្រោយពីការពិភាក្សាយ៉ាងផុសផុលពីបណ្តាអ្នកជំនាញអប់រំមកពី ២៧ប្រទេស ដែលកម្ពុជាទទួលបានបទពិសោធជាច្រើនពីការពិភាក្សាក្នុងការអភិវឌ្ឍវិស័យឧត្តមសិក្សា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា