ក្រសួងអប់រំ រៀបចំការប្រកួតគណិតវិទ្យា និងអំណានថ្នាក់ដំបូង បណ្ដុះស្មារតីក្លាហានដល់កុមារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ រៀបចំការប្រកួតគណិតវិទ្យា និងអំណានថ្នាក់ដំបូង បណ្ដុះស្មារតីក្លាហានដល់កុមារ

ក្រសួងអប់រំ រៀបចំការប្រកួតគណិតវិទ្យា និងអំណានថ្នាក់ដំបូង បណ្ដុះស្មារតីក្លាហានដល់កុមារ

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងអំណានថ្នាក់ដំបូង ពីថ្នាក់ទី១ ដល់ទី៣ ដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សជាកុមារ បានបញ្ចេញសមត្ថភាព ដណ្ដើមយកមេដាយ និងលិខិតសរសើរ។ កម្មវិធីប្រឡង នឹងធ្វើឡើងនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

សម្រាប់ទម្រង់នៃការប្រឡងកម្មវិធីនេះ គឺជាប្រភេទសំណួរពហុជ្រើសរើស សម្រាប់ការប្រឡងគណិតវិទ្យា, ប្រភេទសំណេរអត្ថបទខ្លី និងឆ្លើយសំណួរខ្លឹមសារអត្ថបទ សម្រាប់ការប្រឡងអំណាន ដោយមានរយៈពេល ៤៥នាទី។

បេក្ខជនដែលចូលរួមប្រឡង នឹងទទួលបានមេដាយតាមនិទ្ទេស ១ និងលិខិតបញ្ជាក់ការចូលរួមចំនួន ១។ ក្នុងនោះ និទ្ទេស A ពិន្ទុចាប់ពី ៩០% ឡើងទៅ, និទ្ទេស B ពិន្ទុចាប់ពី ៨០-៨៩% ឡើងទៅ, និទ្ទេស C ពិន្ទុចាប់ពី ៧០-៧៩%, និទ្ទេសD ពិន្ទុចាប់ពី ៦០-៦៩%, និទ្ទេស E ពិន្ទុចាប់ពី ៥៩% ចុះក្រោម។

លោក សុវណ្ណ តារា អ្នកសម្របសម្រួលកម្មវិធីប្រកួត មានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងអំណានថ្នាក់ដំបូង ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពមូលដ្ឋានលើផ្នែក អំណាន (ភាសាខ្មែរ) និង គណិតវិទ្យា ដែលជាគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់ការរៀនសូត្រនៅថ្នាក់បន្តបន្ទាប់។ ជាមួយ​គ្នានេះ ក៏​ជាការបង្កើតបរិយាកាសសិក្សាដែលប្លែក និងទាក់ទាញ ដើម្បីជំរុញឱ្យកុមាររីករាយក្នុងការអានសៀវភៅ និងដោះស្រាយចំណោទលេខ។

តាមលោក សុវណ្ណ តារា តាមរយៈការ​ប្រឡងនេះ នឹងជួយឱ្យយើងអាចដឹងពីកម្រិតយល់ដឹងពិតប្រាកដរបស់សិស្សថ្នាក់ដំបូង ដើម្បីកែលម្អវិធីសាស្ត្របង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។

ដោយឡែកអត្ថប្រយោជន៍ចម្បងដែលសិស្សទទួលបានក្រៅពីមេដាយ និងលិខិតបញ្ជាក់ ពីកម្មវិធីនេះវិញ គឺសិស្សនឹងបង្កើនទំនុកចិត្តលើខ្លួនឯង ព្រោះការបានចូលរួមប្រកួត និងធ្វើលំហាត់ ឬអាននៅចំពោះមុខអ្នកដទៃ ជួយកាត់បន្ថយភាពអៀនប្រៀន និងធ្វើឱ្យកុមារហ៊ានបញ្ចេញសមត្ថភាព។

ការប្រកួតនេះ ក៏​ជួយ​ដល់សិស្សអភិវឌ្ឍជំនាញគិត និងដោះស្រាយបញ្ហា ដោយសារការដោះស្រាយលំហាត់គណិតវិទ្យា និងការស្វែងយល់ន័យនៃអត្ថបទអាន ជួយរំញោចខួរក្បាលឱ្យចេះគិតពិចារណា និងមានហេតុផលតាំងពីកុមារភាព។ ជាមួយ​គ្នានេះ ការត្រៀមខ្លួនសម្រាប់ការប្រកួត បង្រៀនឱ្យកុមារស្គាល់ពីស្មារតីទទួលខុសត្រូវ មានវិន័យក្នុងការរៀនសូត្រ និងយល់ពីតម្លៃនៃការខិតខំប្រឹងប្រែង។

ជាពិសេស​បំផុតនោះ ការប្រកួតនេះ នឹងបង្រៀនឱ្យកុមារយល់ពីស្មារតីកីឡា ចេះទទួលស្គាល់លទ្ធផល (ឈ្នះ ឬចាញ់) និងចាត់ទុកបរាជ័យជាមេរៀនដើម្បីអភិវឌ្ឍខ្លួនបន្ថែម។

សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ចង់ចូលរួមប្រកួតអាចចុះឈ្មោះតាមរយៈ https://shlink.sala.tech/zAReo9U1R ផុតកំណត់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា