ក្រសួងអប់រំសម្រេចផ្អាកសាលារដ្ឋ និងឯកជននៅភ្នំពេញចំនួន២ថ្ងៃ ក្នុងឱកាសកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំសម្រេចផ្អាកសាលារដ្ឋ និងឯកជននៅភ្នំពេញចំនួន២ថ្ងៃ ក្នុងឱកាសកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ក្រសួងអប់រំសម្រេចផ្អាកសាលារដ្ឋ និងឯកជននៅភ្នំពេញចំនួន២ថ្ងៃ ក្នុងឱកាសកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញឱ្យឈប់សម្រាកចំនួន២ថ្ងៃ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការកកស្ទះចរាចរណ៍។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រាប់ AMS ថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើលិខិតមកមន្ទីរអប់រំរាជធានីភ្នំពេញហើយ ស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ។ លោកបញ្ជាក់ថា មន្ទីរនឹងផ្សព្វផ្សាយព័ត៌មាននេះបន្តទៅដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជននៅរាជធានីភ្នំពេញនៅសប្តាហ៍ក្រោយ។

យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា កិច្ចប្រជុំសំខាន់ៗទាំងពីរនេះ នឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ និងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ចាប់ពីថ្ងៃសៅរ៍ ទី១៤ ដល់ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រសួងបានបញ្ជាក់ថា ការផ្អាកដំណើរការគ្រឹះស្ថានសិក្សានេះ មានគោលបំណងកាត់បន្ថយផលរំខានពីការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលព្រឹត្តិការណ៍ និងសម្រួលដល់ការរៀបចំកិច្ចប្រជុំអន្តរជាតិដ៏សំខាន់នេះ។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយមានការចូលរួមពីប្រមុខដឹកនាំ និងតំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានា។

កិច្ចប្រជុំកំពូលនេះមានគោលបំណងជំរុញកិច្ចសន្ទនា ការផ្លាស់ប្តូរយោបល់ និងការស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈមជាសកល ជាពិសេសបញ្ហាពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាអាទិភាពសំខាន់របស់សមាជិក OIF។

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីមានរដ្ឋ និងរដ្ឋាភិបាលសមាជិកសរុបចំនួន៩០ ក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន៥៣ សមាជិករងចំនួន៥ និងសមាជិកសង្កេតការណ៍ចំនួន៣២។

ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ជាព្រះបិតាស្ថាបនិកមួយអង្គក្នុងចំណោមស្ថាបនិកនៃអង្គការនេះ រួមជាមួយឥស្សរជនមកពីប្រទេសសេណេហ្គាល់ ទុយនីស៊ី និងនីហ្សេ។

អង្គការ OIF ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧០ ដោយដំបូងមានឈ្មោះថា ទីភ្នាក់ងារសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស។ នៅឆ្នាំ១៩៩៨ អង្គការនេះបានប្តូរឈ្មោះទៅជាទីភ្នាក់ងារអន្តររដ្ឋាភិបាលហ្វ្រង់កូហ្វូនី មុននឹងទទួលឈ្មោះជាអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅឆ្នាំ២០០៥៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា