អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី ​៖ ​អន្តេវាសិកដ្ឋាន​ដ៏​ធំ​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ​គ្រោង​ទទួល​និស្សិត​ក្រីក្រ​នៅ​ចុង​ឆ្នាំ​នេះ​ ​ឬ​ដើម​ឆ្នាំ​ក្រោយ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី ​៖ ​អន្តេវាសិកដ្ឋាន​ដ៏​ធំ​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ​គ្រោង​ទទួល​និស្សិត​ក្រីក្រ​នៅ​ចុង​ឆ្នាំ​នេះ​ ​ឬ​ដើម​ឆ្នាំ​ក្រោយ​

អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី ​៖ ​អន្តេវាសិកដ្ឋាន​ដ៏​ធំ​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ​គ្រោង​ទទួល​និស្សិត​ក្រីក្រ​នៅ​ចុង​ឆ្នាំ​នេះ​ ​ឬ​ដើម​ឆ្នាំ​ក្រោយ​

🎧 សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត

​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ស្រី​ក្រីក្រ ​ដែល​កំពុង​សាងសង់​នៅ​សង្កាត់​ព្រែក​លាភ ​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជធានី​ភ្នំពេញ​ ​គ្រោង​នឹង​បញ្ចប់​ ​និង​ចាប់ផ្តើម​ទទួល​និស្សិត​ឱ្យ​ចូល​ស្នាក់​នៅ​នៅ​ចុង​ឆ្នាំ​២០២៦​ ​ឬ​ដើម​ឆ្នាំ​២០២៧​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកជំទាវ​ ស ​ស៊ីណែត ​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី។​

​លោកជំទាវ​ ស ​ស៊ីណែត ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ ​AMS​ ​ថា​ ​បច្ចុប្បន្ន​ ​ក្រសួង​កិច្ចការ​នារី​កំពុង​បន្ត​សាងសង់​អគារ ​និង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ ​ដើម្បី​ធានា​ឱ្យ​អន្តេវាសិកដ្ឋាន​អាច​ដំណើរការ​បាន​ដោយ​រលូន​។ ​លោកជំទាវ​រំពឹង​ថា​ ​អន្តេវាសិកដ្ឋាន​នេះ​អាច​ចាប់ផ្តើម​ទទួល​និស្សិត​ឱ្យ​ចូល​ស្នាក់​នៅ​នៅ​ចុង​ឆ្នាំ​នេះ​ ​ឬ​ដើម​ឆ្នាំ​ក្រោយ។​

​អន្តេវាសិកដ្ឋាន​នេះ​ ត្រូវបាន​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​ប្រធាន​ព្រឹទ្ធសភា​ ​និង​លោកជំទាវ​ ​ផ្តល់​ដី​សម្រាប់​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ ​២​ហិកតា ​កាលពី​ខែមិថុនា ​ឆ្នាំ​២០២៥​ ​ដោយ​មាន​គម្រោង​សាងសង់​ដែល​មាន​តម្លៃ​ជាង​ ​១០​លាន​ដុល្លារ​ សម្រាប់​បម្រើ​ដល់​និស្សិត​ស្រី​ក្រីក្រមកពី​តាម​បណ្តា​ខេត្ត​ ​ដែល​ត្រូវ​មក​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ។​

​តាម​គម្រោង​ អគារ​មួយ​ខ្នង​ដែល​មាន​កម្ពស់​ ​៤​ជាន់​ ​ស្មើនឹង​ ​១២៦​បន្ទប់​ ​អាច​ផ្ទុក​និស្សិត​បាន​ប្រមាណ​ ​៥០៤​នាក់​។​ ក្នុង​មួយ​បន្ទប់​អាច​ស្នាក់​នៅ​បាន​ ​៤​នាក់​ ​ហើយ​បន្ទប់​នីមួយ​ៗ​មាន​បន្ទប់ទឹក​ និង​ចង្ក្រាន​បាយ​ផងដែរ។​

​ការ​រៀបចំ​អន្តេវាសិកដ្ឋាន​នេះ​ ​មាន​គោលបំណង​ជួយ​កាត់បន្ថយ​បន្ទុក​ចំណាយ​ ​និង​ការ​លំបាក​របស់​និស្សិត​ស្រី​ក្រីក្រ ​ដែល​ចាកចេញ​ពី​ស្រុក​កំណើត​មក​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ ​កាលពី​ថ្ងៃទី​១៤​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​លើកឡើង​ថា​ ​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ស្រី​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​ជា​គំនិត​ផ្តួចផ្តើម​ និង​ការ​ឧបត្ថម្ភ​ពី​សម្តេច​ ​រួម​ជាមួយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន​សែន​ និង​ដៃគូ​នានា ​សម្រេច​ការ​សាងសង់​បាន​ប្រមាណ​ជាង​ ​៧០​% ​ហើយ​ ​អាច​ផ្ទុក​និស្សិត​បាន​ប្រមាណ​ ​៥០០​នាក់។​

​សម្តេច​តេជោ ​ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ព្រមទាំង​រាជ​រដ្ឋាភិបាល​ បន្ត​យកចិត្តទុកដាក់​បង្កើត​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ស្រី​ឱ្យ​បាន​កាន់តែ​ច្រើន​ ​ដើម្បី​ជួយ​សម្រួល​ដល់​និស្សិត​ដែល​មាន​ជីវភាព​ខ្វះខាត​ ​និង​មកពី​តាម​ជនបទ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា