ក្រោយបញ្ចប់ការសិក្សា​ជំនាញថាមពលនុយក្លេអ៊ែរពីប្រទេសរុស្ស៊ី កញ្ញា ហោ សិរីរតនា ចង់ក្លាយជាវិស្វករនារីផ្នែកផលិតថាមពល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយបញ្ចប់ការសិក្សា​ជំនាញថាមពលនុយក្លេអ៊ែរពីប្រទេសរុស្ស៊ី កញ្ញា ហោ សិរីរតនា ចង់ក្លាយជាវិស្វករនារីផ្នែកផលិតថាមពល

ក្រោយបញ្ចប់ការសិក្សា​ជំនាញថាមពលនុយក្លេអ៊ែរពីប្រទេសរុស្ស៊ី កញ្ញា ហោ សិរីរតនា ចង់ក្លាយជាវិស្វករនារីផ្នែកផលិតថាមពល

កញ្ញា ហោ សិរីរតនា ជានិស្សិតកម្ពុជាមួយរូប ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីអាហារូបករណ៍របស់រដ្ឋាភិបាលរុស្ស៊ី លើជំនាញវិស្វកម្មនុយក្លេអ៊ែរ និងរូបវិទ្យាកម្ដៅ នៅសាកលវិទ្យាល័យ Bauman Moscow State Technical នៃប្រទេសរុស្សី​។ សិរីរតនា និយាយថា នាងមានបំណងចង់ក្លាយជាវិស្វករនារីផ្នែកផលិតថាមពល ពេល​វិលត្រឡ​ប់​មក​ប្រទេស​កម្ពុជាវិញ។

Advertisement

យុវតីវ័យ២៧ឆ្នាំ ដែលមានស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់រូបនេះ លើកឡើងថា ជំនាញវិស្វកម្មនុយក្លេអ៊ែរ និងរូបវិទ្យាកម្ដៅ បច្ចុប្បន្នអាចនឹងមិនទាន់មានតម្រូវការខ្លាំងនៅប្រទេសកម្ពុជា ប៉ុន្តែក៏មានជំនាញដែលពាក់ព័ន្ធនឹងជំនាញនេះអាចបម្រើប្រយោជន៏ជូនប្រទេសកម្ពុជាបានច្រើនដូចជា ខាងកសិកម្ម ឧស្សាហកម្ម និងវេជ្ជសាស្រ្ត ចំណែកខាងរូបវិទ្យាកម្ដៅ អាចចូលទៅបំពេញការងារនៅគ្រប់រោងចក្រផលិតថាមពលអគ្គិសនីជាច្រើនដូចជា ទឹក ធ្យូងថ្ម កម្ដៅ សូទ្បា ជាដើម។

កញ្ញា ហោ សិរីរតនា ជានិស្សិតកម្ពុជាមួយរូប ដែលទើបបញ្ចប់ការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់រដ្ឋាភិបាលរុស្សី

កញ្ញា ហោ សិរីរតនា បន្ថែមទៀតថា ការជ្រើសរើសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរ និងរូបវិទ្យាកម្តៅ នៅប្រទេសរុស្សីនេះ គឺក្រោយ​កញ្ញាមើលឃើញពីតម្រូវការថាមពលនៅកម្ពុជាជាមួយនិងកំណើននៃសេដ្ឋកិច្ចជាតិ គឺមានទំនាក់ទំនងនឹងគ្នាខ្លាំង។ លើសពីនេះ ក៏​ជាចំណង់ចំណូលចិត្តរបស់កញ្ញាផ្ទាល់ ដោយ​ចង់ចូលរួមបណ្តុះធនធានមនុស្សនៅកម្ពុជាក្នុងវិស័យវិស្វកម្មនេះ។

ក្រោយ​មក​ដល់ប្រទេស​កម្ពុជា កញ្ញា សិរីរតនា ក៏​គ្រោង​នឹងសរសេរអត្ថបទអំពីទំនាក់ទំនងនៃសេដ្ឋកិច្ចកម្ពុជាជាមួយថាមពល ក៏ដូចជាការប្រមើលមើលពីជម្រៀតចូលនៃថាមពលនុយក្លេអ៊ែរមកកម្ពុជា (គុណប្រយោជន៏ និងគុណវិបត្តិ) បោះពុម្ពទៅថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីទាក់ទាញចំណាប់អារម្មណ៍វិនិយោគិន ក្នុងការចូលរួមវិនិយោគលើវិស័យថាមពលនៅកម្ពុជាដែរ។

ជាស្រ្តី តែកញ្ញា សិរីរតនា អាចរៀនចប់ជំនាញថាមពលនុយក្លេអ៊ែរ ដូច្នេះកញ្ញាលើកទឹកចិត្តយុវជន ក៏ដូចជាសិស្សានុសិស្ស​ទាំងអស់ កុំបោះបង់ក្ដីស្រមៃរបស់ខ្លួន ចាប់ផ្តើមជាមួយជំហានអណ្តើក ហើយ​សូមលុបពាក្យ «មិនអាចទៅរួច» ពីការគិតរបស់ខ្លួន។ សិរីរតនា លើកឡើងថា បើបុរសធ្វើបាន ស្ត្រីក៏អាចធ្វើបាន ជាពិសេស សូមចូលរួមលើកកម្ពស់ការកសាងធនធានមនុស្សនៅប្រទេសកម្ពុជា គឺចាប់ផ្តើមពីរូបអ្នក លើកតម្កើងវិស័យស្ទែម (STEM) និងវិស្វកម្មនៅកម្ពុជា។

សូមបញ្ជាក់ថា កញ្ញា ហោ សិរីរតនា ក៏ទទួលបានជ័យលាភី MSCFP របស់ភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ប្រចាំប្រទេសរុស្ស៊ីផងដែរ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា