រដ្ឋមន្ត្រីក្រសួងអប់រំ ក្រើនរំលឹកនិស្សិតកុំពឹងផ្អែកលើ AI ហួសហេតុ រហូតបាត់បង់បំណិនត្រិះរិះពិចារណា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងអប់រំ ក្រើនរំលឹកនិស្សិតកុំពឹងផ្អែកលើ AI ហួសហេតុ រហូតបាត់បង់បំណិនត្រិះរិះពិចារណា

រដ្ឋមន្ត្រីក្រសួងអប់រំ ក្រើនរំលឹកនិស្សិតកុំពឹងផ្អែកលើ AI ហួសហេតុ រហូតបាត់បង់បំណិនត្រិះរិះពិចារណា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់និស្សិតឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ត្រឹមជាឧបករណ៍ជំនួយប៉ុណ្ណោះ ដោយមិនត្រូវពឹងផ្អែកទាំងស្រុងរហូតបាត់បង់សមត្ថភាពវិភាគ និងការគិតពិចារណាឡើយ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីបញ្ចប់ការសិក្សា នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា បច្ចេកវិទ្យាបានធ្វើឱ្យទីផ្សារការងារប្រែប្រួលយ៉ាងរហ័ស ដែលទាមទារឱ្យមានការពិនិត្យមើលឡើងវិញជាប្រចាំលើការបណ្ដុះបណ្ដាល និងសមត្ថភាពគ្រូបង្រៀន ដើម្បីបណ្ដុះធនធានមនុស្សឱ្យមានមូលដ្ឋានគ្រឹះរឹងមាំ។ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការរៀន និងបង្រៀន ត្រូវធ្វើឡើងក្នុងន័យជាឧបករណ៍ជំនួយ ដោយមិនត្រូវឱ្យនិស្សិតពឹងផ្អែកទាំងស្រុងរហូតបាត់បង់បំណិនគិតពិចារណា វិភាគ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាឡើយ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានជំរុញឱ្យយុវជនបណ្ដុះស្មារតីផ្នត់គំនិតរីកចម្រើន (Growth Mindset) មានឆន្ទៈ (Passion) ក្នុងការធ្វើការងារណាមួយ ត្រូវសិក្សាស្រាវជ្រាវចេញពីប្រភពដែលមានអ្នកឯកទេសច្បាស់លាស់ និងចេះផ្ទៀងផ្ទាត់វិភាគព័ត៌មានពិត ឬមិនពិតឱ្យបានល្អិតល្អន់មុននឹងធ្វើការវិនិច្ឆ័យ។

ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីបញ្ចប់ការសិក្សា នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ដោយកត់សម្គាល់ឃើញថា ក្រោយបញ្ចប់ការសិក្សា និស្សិតនឹងចាប់ផ្ដើមចូលប្រឡូកនៅក្នុងសង្គមការងារ ដែលមានលក្ខណៈខុសដាច់ស្រឡះពីជីវិតនៅក្នុងសាលារៀន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានស្នើឱ្យនិស្សិតទាំងអស់បន្តខិតខំរៀនសូត្រពីជីវិតការងារ រៀនដកស្រង់បទពិសោធការអនុវត្តជាក់ស្ដែង ត្រូវមានចិត្តអំណត់អត់ធ្មត់ និងតស៊ូព្យាយាមនឹងការងារ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញ ដែលអាចសម្របខ្លួនបានគ្រប់ស្ថានភាពនៃការវិវត្តសង្គម ព្រមទាំងត្រូវរួមគ្នាបម្រើ និងអភិវឌ្ឍសង្គម និងប្រជាជន ប្រកបដោយស្មារតីទទួលខុសត្រូវ ស្មោះត្រង់ និងសេចក្ដីស្រលាញ់ ដើម្បីកសាងភាពខ្លាំងរបស់ប្រទេស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឱ្យយុវជនប្រកាន់ខ្ជាប់នូវស្មារតី «គ្មានទេទីបញ្ចប់នៃការសិក្សា» ដោយត្រូវរៀនសូត្រពេញមួយជីវិត ធ្វើជាពលរដ្ឋគំរូ និងប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសង្គមជាតិ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា