ក្រសួងអប់រំផ្តើមការវាយតម្លៃសាលារៀនគំរូ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំផ្តើមការវាយតម្លៃសាលារៀនគំរូ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ក្រសួងអប់រំផ្តើមការវាយតម្លៃសាលារៀនគំរូ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ បានប្រកាស​ជាផ្លូវការ ពីការ​ចុះអនុវត្តការ​វាយតម្លៃ និងផ្តល់ «ពានរង្វាន់ជ័យលាភីសាលារៀនគំរូ» និងបណ្ណសរសើរដល់សាលារៀនដែល​ខិតខំអនុវត្ត​ស្តង់ដាសាលារៀនគំរូ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ ក្នុងអង្គសន្និបាត​បូកសរុប​ការងារអប់រំ យុវជន និងកីឡា នាឆ្នាំ២០២៧ខាងមុខ។

បើតាម​ក្រសួងអប់រំ ការចុះវាយតម្លៃនឹងត្រូវធ្វើ​ឡើង​ ដោយផ្អែក​លើស្តង់ដាទាំង៥ នៃស្តង់ដា​សាលារៀនគំរូ​ជាមូលដ្ឋាន រួមមាន (១) លទ្ធផលសិក្សា​របស់សិស្ស, (២) ការបង្រៀន និងការរៀន, (៣) ការចូលរួមរបស់សហគមន៍, (៤) ដំណើរប្រតិបត្តិ និងរដ្ឋបាល​សាលារៀន និង (៥) គណនេយ្យភាពរបស់សាលារៀន។

សម្រាប់យន្តការ និង​នីតិវិធី នៃការវាយតម្លៃវិញ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នៅដំណាក់កាលទី១ គ្រឹះស្ថានសិក្សា​នីមួយៗ ត្រូវ​ផ្តល់​ស្វ័យវាយតម្លៃ​សាលារៀនរបស់ខ្លួន និង​ឯកសារភស្តុតាង​តាមស្តង់ដានីមួយៗ​ច្បាស់លាស់ ក្នុងឆ្នាំសិក្សា​២០២៥-២០២៦ និង​បញ្ជូនទៅ​ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យបាន​មុនដំណាច់ខែតុលា ឆ្នាំ២០២៦។

ដំណាក់កាលទី២ ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នឹងបង្កើតគណៈកម្មការបច្ចេកទេស ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃ ព្រមទាំងជ្រើសរើស​ឈ្មោះសាលារៀន ក្នុងក្រុង ស្រុក ខណ្ឌរបស់ខ្លួន រួចបញ្ជូនទៅមន្ទីរអប់រំ​ យុវជន និងកីឡា រាជធានីខេត្ត នៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយ​ដំណាក់កាលទី៣ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវបង្កើត​គណៈកម្មការបច្ចេកទេស​ពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃ ដើម្បីជ្រើសរើស​បេក្ខភាព​សាលារៀនគំរូ​តំណាងរាជធានីខេត្តនីមួយៗ រួចបញ្ជូន​ទៅ​ក្រសួងអប់រំ នៅសប្តាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០២៦។

នៅដំណាក់កាលទី៤ ក្រុមការងារបច្ចេកទេស ក្រសួងអប់រំ នឹងធ្វើការ​ពិនិត្យ​ ផ្ទៀងផ្ទាត់ វាយតម្លៃ​លើបេក្ខភាព​សាលារៀនគំរូ ដោយផ្អែក​លើ​ស្វ័យវាយតម្លៃសាលារៀន និង​របាយការណ៍​វាយតម្លៃ​ពាក់ព័ន្ធ តាមលំដាប់ថ្នាក់ ទាំងថ្នាក់ក្រោមជាតិ និង​ថ្នាក់ជាតិ។ ក្នុងករណីចាំបាច់ ក្រុមការងារចម្រុះរបស់ក្រសួងនឹងចុះពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃ​បន្ថែម​នៅតាម​សាលារៀន​មួយចំនួន។

ចុងបញ្ចប់ គឺកិច្ចប្រជុំ​គណៈកម្មការវាយតម្លៃថ្នាក់ក្រសួង សម្រេច​បញ្ជីឈ្មោះសាលារៀន ទទួលស្គាល់ជ័យលាភីសាលារៀនគំរូ និង​ផ្តល់បណ្ណសរសើរ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

សូមជំរាបជូនថា នៅក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិស័យអប់រំត្រូវបានកំណត់ជាអាទិភាពខ្ពស់បំផុត ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដើម្បីលើក​កម្ពស់​គុណភាព​អប់រំ និង​ពង្រឹងអភិបាល​កិច្ចសាលារៀនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវ វិធានការគន្លឹះចំនួន ៤ ក្នុងវិស័យអប់រំ រួមមាន ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងគុណធម៌ សីលធម៌ ចរិយាធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពសិក្សា តាមរយៈកម្មវិធីអាហារូបត្ថម្ភ និងការត្រួតពិនិត្យអនាម័យចំណីអាហារ, ការជំរុញ និងលើកកម្ពស់ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

ដើម្បីប្រែក្លាយវិធានការទាំង ៤ នេះឱ្យទៅជាការអនុវត្តជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបង្កើតឡើងនូវ «ស្តង់ដាសាលារៀនគំរូ» (Model School Standards) សម្រាប់កម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។ គោលបំណងចម្បងនៃប្រព័ន្ធវាយតម្លៃនេះ មិនមែនដើម្បីបង្កើតការប្រកួតប្រជែងបែបដាក់បន្ទុកនោះទេ ប៉ុន្តែគឺដើម្បីបង្កើតជា ផែនទីបង្ហាញផ្លូវ (Roadmap) ជួយឱ្យគ្រប់សាលារៀនសាធារណៈស្វែងយល់ពីចំណុចខ្វះខាត និងអភិវឌ្ឍខ្លួនឱ្យក្លាយជាថ្នាលបណ្តុះបណ្តាលប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា