កញ្ញា មណីរ័ត្ន ៖ ស្ត្រីក៏អាចធ្វើជាអ្នកដឹកនាំបានដូចបុរសដែរ ប្រសិនបើមានភាពក្លាហាន និងក្តីស្រមៃធំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កញ្ញា មណីរ័ត្ន ៖ ស្ត្រីក៏អាចធ្វើជាអ្នកដឹកនាំបានដូចបុរសដែរ ប្រសិនបើមានភាពក្លាហាន និងក្តីស្រមៃធំ

កញ្ញា មណីរ័ត្ន ៖ ស្ត្រីក៏អាចធ្វើជាអ្នកដឹកនាំបានដូចបុរសដែរ ប្រសិនបើមានភាពក្លាហាន និងក្តីស្រមៃធំ

កញ្ញា មណីរ័ត្ន ត្រូវ​បានជ្រើសតាំង​ឱ្យ​ទទួលតួនាទីជានាយកប្រចាំប្រទេសស្តីទី របស់​អង្គការភ្លែនអន្តរជាតិកម្ពុជា​រយៈពេល​មួយថ្ងៃ។ ក្នុងរយៈពេល​មួយថ្ងៃ ក្នុងតំណែងជានាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិកម្ពុជា មណីរ័ត្ន បានចូលរួមសកម្មភាពការងារជាច្រើនដូចជា​ដឹកនាំកិច្ចប្រជុំផ្សេងៗ ជួប​ជាមួយអង្គការ​ដៃគូពាក់ព័ន្ធ ក៏​ដូចជា​ក្រុមយុវជនបង្គោល​។

Advertisement

កញ្ញា មណីរ័ត្ន និយាយថា ការកាន់តួនាទីជំនួសនាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាក្តីប្រាថ្នារបស់រូបនាង ចង់សិក្សាពីសកម្មភាពលើកម្ពស់សមភាពយេនឌ័រ ជាពិសេសចង់សាកល្បងសមត្ថភាពជាអ្នកដឹកនាំ និងស្វែងយល់ពីតួនាទីជាអ្នកដឹកនាំថា តើការដឹកនាំក្រុម ការសម្រេចចិត្ត និងការទទួលខុសត្រូវចំពោះអង្គការ មានភាពស្មុគស្មាញយ៉ាងដូចម្តេច?

កញ្ញា មណីរ័ត្ន ចំណាយពេលមួយថ្ងៃជានាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិកម្ពុជា

«ខ្ញុំក៏ចង់បង្ហាញថា ក្មេងស្រី ឬស្ត្រីក៏អាចធ្វើជាអ្នកដឹកនាំបានដូចគ្នានឹងបុរសដែរប្រសិនបើមានភាពក្លាហាន និងក្តីស្រមៃធំ»។

កញ្ញា មណីរ័ត្ន បន្ថែមថា នៅពេលដែលបានកាន់តួនាទីជំនួសរយៈពេលមួយថ្ងៃជានាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិកម្ពុជា នាងពិតជាមានអារម្មណ៍រីករាយ ហើយ​ក៏​មិនភ្លេចកោតសរសើរ និងមានមោទនភាពចំពោះខ្លួន​ឯង​យ៉ាងខ្លាំង។ មណីរ័ត្ន ថា វាជាឱកាសដ៏មានតម្លៃដែលអនុញ្ញាតឱ្យរូបនាងឃើញពីទំហំការងាររបស់អ្នកដឹកនាំក្រសួងពាក់ពន្ធ័នានា និងសារៈសំខាន់នៃការសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្ន។

ក្មេងស្រីវ័យ១៦ឆ្នាំ រូបនេះ ឱ្យដឹងថា តាមរយៈបទពិសោធន៍បំពេញការងាររយៈពេលមួយថ្ងៃជានាយកអង្គការអន្តរជាតិប្រចាំប្រទេសមួយ រូបនាងបានរៀនអំពីសារៈសំខាន់នៃការគ្រប់គ្រងពេលវេលា ការសម្របសម្រួលការងារជាច្រើនផ្នែក និងការទំនាក់ទំនងប្រសើរជាមួយបុគ្គលិក។ មណីរ័ត្ន យល់ថា អ្នកដឹកនាំមិនមែនត្រឹមតែបញ្ជាឱ្យមនុស្សធ្វើការទេ ប៉ុន្តែជាអ្នកដែលបញ្ចេញទស្សនៈ បង្កើតសុទិដ្ឋិនិយម និងជំរុញឱ្យក្រុមរួមគ្នាដល់គោលដៅ។

សម្រាប់ការលំបាកដែល មណីរ័ត្ន បានជួបប្រទះក្នុងថ្ងៃនោះ គឺភាពភ័យ និងការសង្ស័យលើខ្លួនឯងថា តើខ្លួនអាចធ្វើបានដូចមនុស្សធំៗទេ? តែយ៉ាងណា នាងបានជំនះបញ្ហាទាំងនេះ តាមរយៈការរំលឹកខ្លួនឯងថា ឱកាសនេះគឺសម្រាប់រៀន មិនមែនសម្រាប់បង្ហាញភាពល្អ ឬបរាជ័យនោះទេ។

ក្រោយ​ពីឆ្លង​កាត់បទពិសោធន៍ជា​នាយកស្តីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជារយៈពេលមួយថ្ងៃ មណីរ័ត្ន លើកទឹកចិត្តក្មេងស្រីទាំងអស់ឱ្យក្លាហាន និងមានក្តីសុបិន្ត ការស្រមៃ និងហ៊ានសម្រេចចិត្ត ដោយកុំខ្លាចបរាជ័យ ព្រោះការបរាជ័យ គឺជាផ្លូវនាំទៅរកការរីកចម្រើន។ មណីរ័ត្ន បន្ថែមថា ក្មេងស្រី ឬស្ត្រីគួរត្រូវបានជឿថា អាចក្លាយជាអ្នកដឹកនាំ អាចសម្រេចគោលដៅធំៗ និងអាចបំភ្លឺអ្នកដទៃ។

“កុំឱ្យអ្នកណាម្នាក់ប្រាប់ ឬរារាំងអ្នកថា ក្តីសុបិន្តរបស់អ្នកធំពេកមិនអាចសម្រេចបាន”។ ដូចនេះ អ្នកត្រូវតែបង្ហាញការតាំងចិត្តព្យាយាម ដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក។ ប្រសិនបើអ្នកជឿលើខ្លួនឯងអ្នកអាចទទួលបានជោគជ័យ និងមានអនាគតត្រចះត្រចង់។

លោក យី គឹមថាន​ នាយកស្ដីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា កម្មវិធី ក្មេងស្រីកាន់តួនាទីជំនួស (GirlTakeover) គឺជាយុទ្ធនាការជាសកលមួយរបស់អង្គការភ្លែនអន្តរជាតិដែលរួមចំណែកក្នុងការលុបបំបាត់ការរើសអើង បញ្ហាដែលរារាំងក្មេងស្រីពីការបន្តក្តីស្រមៃរបស់ពួកគេក្នុងការក្លាយជាស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ។ បើតាមលោក យី គឹមថាន កម្មវិធីនេះមានគោលបំណងផ្តល់ឱកាសដល់ក្មេងស្រីចំណាយពេលមួយថ្ងៃក្នុងតួនាទីជាអ្នកដឹកនាំក្នុងជួររដ្ឋាភិបាល ស្ថានទូត អង្គការសហប្រជាជាតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នផ្សេងទៀត ដើម្បីបង្ហាញសិទ្ធិអំណាចស្មើគ្នា និងតំណាងឱ្យកុមារី និងស្ត្រី។ តាមរយៈក្មេងស្រីកាន់តួនាទីជំនួសនេះ ក្មេងស្រីមានឱកាសយល់ដឹងពីបរិយាកាសធ្វើការរបស់ស្ថាប័ននោះ ភាពប្រឈមនិងអនុសាសន៍បទពិសោធន៍មួយចំនួនរបស់ពួកគេ។

ក្នុង​តួនាទីជានាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិកម្ពុជារយៈពេលមួយថ្ងៃ​ មណីរ័ត្ន បានចូលរួមដឹកនាំកិច្ចប្រជុំផ្សេងៗ ជាពិសេសជាមួយថ្នាក់ដឹកនាំរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា។ នាងក៏បានជួបជាមួយក្រុមយុវជន ដើម្បីរៀនសូត្រពីការចូលរួមរបស់ពួកគេនៅក្នុងកម្មវិធីរបស់អង្គការ ហើយចុងក្រោយ នាងបានជួបជាមួយតំណាងក្រសួងកិច្ចការនារី ដើម្បីរៀនសូត្រពីការយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី។

បើតាមលោក យី គឹមថាន, មណីរ័ត្ន ធ្វើបានល្អ ឆាប់ចាប់បាន ហើយលោកសង្ឃឹមថា មណីរ័ត្ន នឹងយកបទពិសោធន៍នេះ ទៅអនុវត្តនៅក្នុងផែនការជីវិតបន្ត ហើយនឹងចែករំលែកជាមួយក្មេងស្រីផ្សេងៗទៀត។ ជាមួយគ្នានេះ លោក យី គឹមថាន លើកទឹកចិត្តឱ្យក្មេងស្រីទាំងអស់ ត្រូវហ៊ានសុបិន្តឱ្យធំ ហ៊ានបង្ហាញពីសក្តានុពលរបស់ខ្លួន។ “កុំបោះបង់ក្តីសុបិន្តនេះ ស្វែងរកការគាំទ្រ និងបន្តដំណើររបស់អ្នក ដើម្បីសម្រេចអនាគតដែលអ្នកចង់ឃើញ”

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា