និស្សិតជាង ១,៥០០នាក់ចូលរៀននៅសាលាតិចណូឆ្នាំសិក្សាថ្មី ក្រោយប្រឡងប្រជែងយ៉ាងស្វិតស្វាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និស្សិតជាង ១,៥០០នាក់ចូលរៀននៅសាលាតិចណូឆ្នាំសិក្សាថ្មី ក្រោយប្រឡងប្រជែងយ៉ាងស្វិតស្វាញ

និស្សិតជាង ១,៥០០នាក់ចូលរៀននៅសាលាតិចណូឆ្នាំសិក្សាថ្មី ក្រោយប្រឡងប្រជែងយ៉ាងស្វិតស្វាញ

និស្សិតថ្មីប្រមាណ ១,៥០០នាក់ បានចូលរៀនថ្នាក់ឆ្នាំទី១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ក្រោយឆ្លងកាត់ការប្រឡងចូលប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីបន្តការសិក្សាលើជំនាញវិស្វកម្ម និងបច្ចេកទេស ដែលមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ។

ក្នុងចំណោមនិស្សិតថ្មីទាំងនេះ និស្សិត ម៉េង លីឈែ ដែលជាសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ បានបង្ហាញក្តីរីករាយដែលអាចប្រឡងជាប់ចូលរៀននៅសាលាតិចណូ ជាគ្រឹះស្ថានដែលខ្លួនបានកំណត់ជាគោលដៅ ដើម្បីសម្រេចក្តីស្រមៃក្លាយជាវិស្វករជំនាញមេកានិក។

និស្សិតរូបនេះបានប្រាប់ AMS ថា ការចូលរៀននៅសាលាតិចណូមិនមែនជារឿងងាយស្រួលនោះទេ ព្រោះបេក្ខជនត្រូវឆ្លងកាត់ការប្រឡងចូលដាច់ដោយឡែក បន្ថែមពីលើការប្រឡងបញ្ចប់ថ្នាក់ទី១២ ទោះបីជាទទួលបាននិទ្ទេសណាក៏ដោយ។

និស្សិត ម៉េង លីឈែ បាននិយាយថា «កាលពីប្រឡងថ្នាក់ទី១២ ខ្ញុំមានបំណងចង់រៀននៅសាលាតិចណូ តែត្រូវឆ្លងកាត់ការប្រឡងមួយតង់ទៀត។ បច្ចុប្បន្ន ខ្ញុំបានប្រឡងជាប់ចូលរៀននៅទីនេះ សប្បាយចិត្តរីករាយ ព្រោះបានរៀនតាមបំណងប្រាថ្នា ចង់ក្លាយជាវិស្វករជំនាញមេកានិច»។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំពិធីបើកបវេសនកាលសម្រាប់និស្សិតឆ្នាំទី១ ឆ្នាំសិក្សា ២០២៦-២០២៧ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតថ្មីប្រមាណ ១,៥០០នាក់។

ពិធីនេះមានគោលបំណងស្វាគមន៍និស្សិតថ្មីដែលបានប្រឡងជាប់ចូលរៀន និងណែនាំអំពីបរិយាកាសសិក្សា វិន័យ បទបញ្ជាផ្ទៃក្នុង កម្មវិធីសិក្សា ព្រមទាំងតួនាទី និងការទទួលខុសត្រូវរបស់និស្សិតក្នុងដំណើរការសិក្សាថ្នាក់ឧត្តមសិក្សា។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ បានស្វាគមន៍និស្សិតថ្មី និងលើកឡើងថា ការចូលរៀននៅវិទ្យាស្ថាន គឺជាជំហានដ៏សំខាន់ក្នុងការកសាងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពស្រាវជ្រាវ ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លោកបានជំរុញឱ្យនិស្សិតខិតខំប្រឹងប្រែងសិក្សា គោរពវិន័យ ប្រកាន់ខ្ជាប់ភាពស្មោះត្រង់ និងការទទួលខុសត្រូវ ព្រមទាំងសហការគ្នាក្នុងការសិក្សា និងចូលរួមសកម្មភាពស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យស្របតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលមានតួនាទីក្នុងការបណ្តុះបណ្តាលវិស្វករ អ្នកជំនាញបច្ចេកទេស និងធនធានមនុស្សដែលមានសមត្ថភាព ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់គុណភាពអប់រំ ការស្រាវជ្រាវ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា