សិស្សភៀសខ្លួន​ជាង​ ១​,​៨០០​នាក់​ ​នៅ​ភូមិ​រង់ចាំ​ ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​អប់រំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សភៀសខ្លួន​ជាង​ ១​,​៨០០​នាក់​ ​នៅ​ភូមិ​រង់ចាំ​ ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​អប់រំ​

សិស្សភៀសខ្លួន​ជាង​ ១​,​៨០០​នាក់​ ​នៅ​ភូមិ​រង់ចាំ​ ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​អប់រំ​

បច្ចុប្បន្ន​ ​មាន​សិស្សភៀស​ខ្លួន​សរុប​ ១​,​៨៩៨​នាក់​ ​ក្នុង​នោះ​សិស្ស​ស្រី​ ៩២៨​នាក់​ ​នៅ​ភូមិ​រង់ចាំ​ ​ឃុំ​ស្ល​ក្រាម ​ស្រុក​ស្វាយ​ចេក​ ​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​អប់រំ​ ​ខណៈ​សាលារៀន​នៅ​តំបន់​នេះ​កំពុង​ទទួល​បាន​សម្ភារៈ​សិក្សា​ ​និង​សម្ភារៈ​គាំទ្រ​ពី​អង្គការ​ Action ​Education ​ដើម្បី​ធានា​ឱ្យ​កុមារ​ដែល​បាន​ភៀសខ្លួន​អាច​បន្ត​ការ​សិក្សា​បាន​។

​ចាប់​តាំង​ពី​ខែ​មេសា ​ឆ្នាំ​២០២៦ ​ភូមិ​រង់ចាំ​បាន​ចាប់ផ្តើម​បើក​ថ្នាក់​រៀន ​ដើម្បី​គាំទ្រ​សិស្ស​ដែល​បាន​ភៀសខ្លួន​ដោយសារ​សង្គ្រាម​កម្ពុជា​–​ថៃ ​និង​មិន​ទាន់​អាច​ត្រឡប់​ទៅលំនៅឋាន​វិញ​បាន។

​លោក​ វន ​សំភាស់​ ​នាយក​អង្គការ​ Action ​Education ​បាន​ប្រគល់​សម្ភារៈ​សិក្សា​ ​និង​សម្ភារៈ​គាំទ្រ​ជា​ច្រើន​ តាមរយៈ​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់ ​ជួន​ណារ៉ុន ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​ជូន​ដល់​សាលារៀន​ចំនួន​៥ ​នៅក្នុង​ភូមិ​រង់ចាំ។​

​សា​លារៀន​ទាំង​៥ ​ដែល​ទទួល​បាន​ការ​គាំទ្រ ​រួម​មាន​ ​សាលា​បឋមសិក្សា​ព្រៃ​ចាន់​ ​សាលា​បឋមសិក្សា​ជោគជ័យ​ ​សាលា​បឋមសិក្សា​សាមគ្គី​ច្រក​ ​សាលា​បឋមសិក្សា​បន្ទាយ​មាន​ឫទ្ធិ ​និង​អនុវិទ្យាល័យ​បន្ទាយ​មាន​ឫទ្ធិ។

​សម្ភារៈ​ដែល​ Action ​Education ​ផ្តល់​ជូន ​រួម​មាន​ ​កង់ ២០៧​គ្រឿង​ ​អង្ករ​ ​១០,​៤​តោន ​សៀវភៅ​បណ្ណាល័យ​៥​ឈុត ​ស្មើ​៥០០​ក្បាល​ ​សៀវភៅ​សិក្សា​៤​,​០០០​ក្បាល​ ​កុំព្យូទ័រ​៧០​គ្រឿង​ L​CD ១​គ្រឿង​ កាតាប​៦០​ តុ​សិស្ស​៥០ ​សម្ភារៈ​កីឡា​៥​ឈុត ​និង​សម្លៀកបំពាក់​កីឡា​២​,០០០​កំប្លេ។

​ក្រៅ​ពី​នេះ​ ​ក៏​មាន​គ្រឿង​ឧបភោគ​បរិភោគ ​ដូចជា​ គុយ​ទាវ​ ​ទឹកដោះគោ ​និង​នំ ​គ្រាប់​ពូជ​បន្លែ​៥០​កញ្ចប់​ ភួយ​១០០ ​និង​កៅស៊ូតង់​៦០ ​ផងដែរ។

​ការ​គាំទ្រ​ក៏​មិន​កំណត់​ត្រឹម​សម្ភារៈ​សិក្សា​នោះ​ទេ​។ ​ចាប់​តាំងពី​ខែ​កក្កដា ​ឆ្នាំ​២០២៦ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ចាប់ផ្តើម​ផ្តល់​អាហារ​ដល់​សិស្សភៀសខ្លួន​ជា​បន្តបន្ទាប់​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​អាហារូបត្ថម្ភ ​និង​ជួយ​ឱ្យ​កុមារ​អាច​ផ្តោត​លើ​ការ​រៀនសូត្រ​បាន​កាន់តែ​ប្រសើរ។

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់ ​ជួន​ណារ៉ុន ​បាន​កោតសរសើរ​ចំពោះ​ Action ​Education ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​កុមារ ​និង​សាលារៀន​នៅ​តាម​តំបន់​ព្រំដែន ​ដោយ​ចាត់ទុក​ជំនួយ​នេះ​ថា​ ​ជា​កម្លាំង​ចិត្ត​សម្រាប់​សិស្សានុសិស្ស ​និង​គ្រូបង្រៀន​ដែល​កំពុង​ជួប​ការ​លំបាក។​

​លោក​ វន ​សំភាស់ ​នាយក​ Action ​Education ​បាន​មានប្រសាសន៍​ថា​ ​ជំនួយ​ទាំង​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​គាំទ្រ​ការ​អប់រំ​ ​និង​ជួយ​សម្រាល​ការ​លំបាក​របស់​សិស្សា​នុសិស្ស​នៅ​តំបន់​ព្រំដែន។

​លោក​បន្ត​ថា​ ​អង្គការ​ Action ​Education ​ជឿជាក់​ថា​ ​ការ​គាំទ្រ​ដល់​សាលារៀន​ ​និង​កុមារ​នៅ​ពេល​នេះ​ ​គឺជា​ការ​ចូលរួម​កសាង​ឱកាស​សម្រាប់​អនាគត​របស់​ពួក​គេ។

​សម្រាប់​ ​Action ​Education ​កុមារ​មិន​គួរ​ត្រូវ​បាត់​បង់​ឱកាស​រៀនសូត្រ​ ​ដោយ​សារវិបត្តិ​នោះ​ឡើយ​ ​ហើយ​នៅពេល​កុមារ​ត្រូវ​បាន​បង្ខំឱ្យ​ចាកចេញ​ពី​ផ្ទះ​ ​ការ​អប់រំ​របស់​ពួក​គេ​ក៏​មិន​គួរ​ត្រូវ​បង្ខំឱ្យ​ផ្អាក​ដែរ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា